សន្ដានពាក្យ-តាមរយៈផ្នត់

សន្ដានពាក្យ-តាមរយៈផ្នត់


អ្វីជាសន្ដានពាក្យ?

ជាពាក្យទាំងឡាយណាដែលមានប្រភពដែលជាពាក្យឫសតែមួយ ហើយពាក្យកម្លាយដែលចេញពីពាក្យឫសដោយវិធីផ្នត់ មិនមែនដោយវិធីបន្សំទេ។

ឧទាហរណ៍៖ ពាក្យឫសកើត, បង្កើត ‹ បង៑- + កើត, ខ្នើត ‹ កើត + -ន៑-, កំណើត ‹ កើត + -អម៑/ណ-, កកើត ‹ ក- + កើត ជាដើម។

នៅឧទាហរណ៍ខាងលើមានប្រភពពាក្យដែលមួយ គឺកើត ហើយគេបង្កើតពាក្យថ្មីដែលយកន័យចេញពីពាក្យដើមកើតតាមវិធីកម្លាយបានជាពាក្យកម្លាយ ដោយគេប្រើផ្នត់ផ្សេងតាមតែគេចង់ស្ដែងន័យណាមួយ។ ចំពោះផ្នត់នេះទៀតសោត គេក៏អាចបង្កើតពាក្យថ្មីផ្សេងទៀតដែរ ?ខ្មើត ‹ កើត + -ម៑-។

នៅអត្ថបទបន្តបន្ទាប់ យើងនិងសិក្សារកហេតុផលលើពាក្យមួយចំនួនដែលពិបាកនឹងកំណត់ថាជាសន្ដាននៃពាក្យឫសមួយណា ឬក៏ពិបាននឹងរកប្រភពដែលជាពាក្យឫស ដូច កករ មានប្រភពមកពីណា? អាចមកពី ក- + ក › កក › កករ ដែរឬទេ? មួយទៀត ជ្រែក មានប្រភពពីពាក្យឫសអ្វី ?ជ្រែក ‹ ជ៑- + រែក ឬក៏ ‹ ជែក + -រ៑- សុទ្ធតែពិបាកនឹងសន្និដ្ឋានណា ព្រោះន័យដែលស្ដែងគឺដូចគ្នា នៅត្រង់ចំណុចនេះ អ្វីដែលសំខាន់នោះគឺថា តែមានទេទម្រង់ផ្នត់ជែក-រ៑- ហើយទម្រង់នេះស្ដែងន័យយ៉ាងដូចម្ដេចទៅ នេះជាប្រស្នាដែលគួរតែសួរ ហើយរកមើលតាមលក្ខណៈវិទ្យាសាស្ត្រដោយមិនទៅតាមទំនោរនៃអារម្មណ៍នោះក៏ទេ។ ដូចដែលបានបញ្ជាក់ហើយខាងលើថា យើងនឹងសិក្សានៅអត្ថបទក្រោយៗ ព្រោះនៅទីនេះយើងសិក្សាតែអំពីសន្ដានពាក្យដែលងាយៗដែលយើងធ្លាប់បានដឹងសិនតែប៉ុណ្ណោះ ហើយសិក្សារហូតដល់យើងយល់ដឹងទាំងអស់គ្នាហើយ ទើបយើងអាចឈានទៅរកអ្វីដែលពិបាកបាន។

អំពីផ្នត់នៅកន្លងមកមានអ្នកសិក្សាជាច្រើនដូចជា អៀវ-កើស កេង-វ៉ាន់សាក់ ក្រសួងអប់រំ ព្រុំ-ម៉ល់ ច័ន្ទ-សំណព្វ ឃឹន-សុខ ជាដើម នៅទីនេះ យើងមិនលើកយកការសិក្សាទាំងនោះមកនិយាយទេ សូមមើលដោយខ្លួនឯងចុះ ប៉ុន្តែយើងក៏មិនភ្លេចដែរពេលណាដែលមានភាពខុសគ្នាក្នុងការយល់ ដូចជាករណី ឃឹន-សុខ ២០០៧ វេយ្យាករណ៍ភាសាខ្មែរ និយាយថា មានផ្នត់ [-អម៑/ប-] ដំបុត ‹ ដុត + -អម៑/ប- ដែលប្លែកពីទស្សនៈនានាកន្លងមកដែលថា ដំបុត ‹ ដ្បុត + -អម៑- ‹ ដុត + -ប៑- ។

ដូច្នេះនៅអត្ថបទក្រោយៗ ហើយនឹងសិក្សាមួយពាក្យម្ដងៗ ដើម្បីពិនិត្យមើលពីភាពមិនប្រក្រតីទាំងអស់គ្នា។

ញ៉.ផល្លី សុផេន
២៦ ធ្នូ ២០១៩

Comments