ទំនាញសូរឬមូលភេទ

ទំនាញសូរឬមូលភេទ?

តើអ្វីទៅជាធាតុពិតនៃការប្រែប្រួលសំឡេងរបស់ព្យញ្ជនៈទាំងនេះ ង ញ ន ម យ រ ល វ ?

ដូចដែលយើងបានដឹងកន្លងមកហើយថានេះ ជាបាតុភូនៃទំនាញសូរដែលយើងធ្លាប់បានដឹងកន្លងមក ចំពោះយើងមិនយល់ដូច្នេះទេ ចុះអ្វីទៅជាបាតុភូតនៃបម្រែបម្រួលក្រុមស្រៈដែលនៅអាស្រ័យវាខុសពីករណីផ្សេងៗទៀត? ដូចជា៖ ង › ក្ង ដែលដំបូងឡើយមានសូរស្រៈអ៊ម្ដេចក៏ដូរជាតាមសូរស្រៈរបស់ទៅវិញ តើនេះមិនមែនជាបាតុភូតនៃទំនាញសូរទេឬ?

ដើម្បីឆ្លើយសំណួរខាងលើ យើងសូមបង្ហាញតាមលក្ខណៈពីរយ៉ាង គឺ៖
វេយ្យាករណ៍
គេបែងចែកព្យញ្ជនៈជាពីរក្រុម គឺក្រុមមាន កខ ចឆ ដឋ តថ បផ សហឡអ ហើយបើសិនជាគេចង់បង្វែរក្រុមអ៊មកជាវិញ គេប្រើវណ្ណយុត្តិ(   ៉  មូសិកទន្ត/ធ្មេញកណ្ដុរ/សម្លាប់ពីរ/បន្តក់ពីរ)លើព្យញ្ជនៈ ង›ង៉, ញ›ញ៉, ន(មិនមានទម្លាប់ប្រើទេ ដោយយក ណជំនួសវិញ), ម›ម៉, យ›យ៉, រ›រ៉, ល(ករណីដូចដែរ ប្រើ ឡ ជំនួស), វ›វ៉,។ ក្នុងករណីគ្មានព្យញ្ជនៈក្រុមនាំមុខ ដូច យ៉ាង រ៉ូប វ៉ា ជាដើម។ បើសិនជាមានព្យញ្ជនៈក្រុមនាំមុខហើយគេមិនប្រើគេ ក្ងាន ឆ្មា។ យើងនឹងនិយាយពេលក្រោយ ព្រោះនេះជាករណីសិក្សាដូច្នេះយើងមិនទាន់និយាយនៅកន្លែងនេះទេ។ គឺក្រុមអ៊មាន គឃង ជឈញ ឌឍ ទធន ពភម យរលវ ហើយបើគេចង់បានបង្វែរក្រុមជាក្រុមអ៊វិញ គេប្រើវណ្ណយុត្តិ(  ៊  ស្រីសព្ទ/សក់ក)លើព្យញ្ជនៈ ស›ស៊, ហ›ហ៊, ឡ(គេប្រើ ល ជំនួសវិញ), អ›អ៊, ប›ប៊។ ក្នុងករណីជាព្យញ្ជនៈមុខដូច ប៊ូល ហ៊ោ។ ដោយឡែកមានពញ្ជនៈណ ប មាននានាភាពច្រើនដែលជាករណីលើកលែង ដូចជា បរិស្ថាន បរិបទ មានការបញ្ចេញសំឡេងខុសៗគ្នា។ ចំណែក ណ ប្រពៃណី ករណី វណ្ណា វណ្ណី។
ហើយគេបែងចែកក្រុមព្យញ្ជនៈខ្លាំង-ខ្សោយ គឺព្យញ្ជនៈ ង ញ ន ម យ រ ល វ ជាព្យញ្ជនៈខ្សោយ ក្រៅពីនោះជាព្យញ្ជនៈខ្លាំង។ អក្សរកាត់ ព្យ=ព្យញ្ជនៈ ខ=ខ្លាំង ខ្ស=ខ្សោយ អ=ក្រុមអ អ៊=ក្រុមអ៊
ព្យខអ + ព្យខអ › ស្រៈអ ៖ ស្ក ក្បាល
ព្យខអ៊ + ព្យខអ៊ › ស្រៈអ៊ ៖ ភ្ជល់
ព្យខអ + ព្យខអ៊ › ស្រៈអ៊ ៖ ខ្ជិល ស្ពៃ
ព្យខអ៊ + ព្យខអ › ស្រៈអ ៖ ព្កុល
ព្យខអ៊ + ព្យខ្សអ៊ › ស្រៈអ៊ ៖ ជ្រែក ភ្លេច
ព្យខ្សអ៊ + ព្យខអ › ស្រៈអ ៖ ម្ហូប ល្អ
ព្យខអ + ព្យខ្សអ៊ › ស្រៈអ ៖ ខ្យល់ ប្រើ
ដូចដែលយើងបាននិយាយខាងលើកស្រាប់ ព្យញ្ជនៈ ណ ហ មានលក្ខណៈដោយឡែក វិហារ គេហដ្ឋាន ទំហំ ។ ក៏មានករណីអ្នកសិក្សាខ្លះយល់ឃើញថា មិនមែនទំនាញសូរក្នុងអក្សរទេ គឺភាពប្រែប្រួលនៃការថាចេញមកនៃភាសាដែលស្ដែងក្នុងពាក្យ រាប់›ប្រាប់  ង›ក្ង មូល›ឆ្មូល ជាដើមយកមកធ្វើជាការអះអាង ព្រោះមិនមែនអក្សរទេ គឺប្រែប្រួលសូរតែម្ដងនេះជាបាតុភូតនៃទំនាញសូរ ប៉ុន្តែគេភ្លេចថា បើយើងពិនិត្យទៅលើអ្នកស្រុកអាយដែលគេបញ្ចេញសូរនៅតែមានសូរដដែល គឺ រាប គេថា រ៉ាប, ទាញ គេថា តាញ, ឆ្មូល គេថា ឈ្មូល។ យើងអាចចោទជាសំណួរវិញថា តើមិនមែនជាសំណូរដើមនៃភាសាខ្មែរយើងទេឬអ្វី? ហើយសូរដែលយើងឮថាជាអអ៊មិនមែនជាការប្រែប្រួលសូរពីនោះទេឬអ្វី?
ជាសរុប យើងឃើញថាវេយ្យាករណ៍បានចង់ជាក្បួនមួយតាមលក្ខណៈដែលធ្លាប់បានសង្កេតលើក្រុមអក្សរដែលជាប្រព័ន្ធសំណេរ។

សូរវិទ្យា
ចំពោះសូរវិទ្យាគ្មានទំនាញសូរទេ មានតែបន្សំព្យញ្ជនៈស្រៈប៉ុណ្ណោះ ប្រសិនបើយើងចង់បាន កា គឺយក ក៑ ផ្សំនឹង .ា › កា។ តទៅនេះយើងនឹងមើលលើស្រៈមួយចំនួនដែលអាចឱ្យយើងឃើញពីភាពប្រែប្រួលនៃស្រៈទាំងនោះ។ ស្រៈដើម ɒ(អ) ɔ(អ៊) a(ា) i(ិ) u(ុ) e(​េ) o(ោ) ក្រោយៗមក ក៏មានការប្រែប្រួលពីស្រៈដើមកមជាស្រៈដូចដែលយើងឃើញសព្វថ្ងៃ។ ហេតុអ្វីក៏យើងហ៊ានថាដូច្នេះ មូលហេតុគឺយើងមើលពីភាពទូទៅនៃស្រៈដែលនៅជាប់ដានដូចតទៅ៖ តា/ទា[ta:/tia > tiɜ], ចិត្ត/ជិត[cɜt/cət], បី/ពីរ[ɓej ; i = j/ pi:], ទឹក/ផឹក[tək, tɘk/ phɘk,phɜk], បឺត/យឺត[ɓə:t/jɨ:t] បើយោងទៅតាមតារាងសូរវិទ្យាអន្តរជាតិ យើងឃើញថាស្រៈទាំងអស់នោះនៅជិតគ្នាណាស់ ដែលមានការប្រែប្រួលទៅតាមមនុស្សម្នាក់ៗ ភូមិមួយទៅភូមិមួយ ដូចករណីភូមិនៅម្ដុំខេត្តកំពត ទាញ គេអានថា តាញ។ បើយើងមើលទៅលើពាក្យ បុក/ពុក[ɓok/pʊk], ទូច/តូច[tʊ:c/toʊc ; tʊc] យើងនៅតែឃើញវត្តមាននៃស្រៈ[ʊ] ទោះបីនៅក្នុងមូលភេទណាក៏ដោយ។ នៅបន្តបន្ទាប់ទៀត យើងនឹងពិនិត្យមើលវត្តមាននៃស្រៈដូចគ្នាដែលស្ថិននៅក្នុងបរិបទមូលភេទតាមប្រព័ន្ធសំណេរខ្មែរ ថើប/ទើប[thaɜ/tɘ:p], តេ/ទេ[tɛe/te:], ចែក/ជែក[caɛk/cɛ:k]តាមពិតទៅសទ្ទតាក៑មានសូរជាច៑, ចៃ/ជៃ[caj/cɛj], ចោរ/ជោ[cao/co:], ប៉ៅ/ពៅ[ɓaɨ/pəɨ] យើងឃើញថាមានជាប់សូរដូចគ្នាបើមិននៅខាងមុខក៏ខាងក្រោយដែរ ឬក៏លើក្រោមគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ចំពោះករណីខាងលើគឺជាលទ្ធផលដែលបានចេញពីឃោសៈអឃោសៈនៃភាសាសំ.បា.តែម្ដង។ នៅមានករណីមួយទៀតដែលរឹតតែឱ្យយើងមើលឃើញកាន់តែច្បាស់ គឺលាន/លាន់ liɜn/lɔan, មាន/មាន់ miɜn/mɔan តើមួយណាទាញមួយណា? ឬក៏ករណីលើកលែង?
ជាសរុប គ្មានទំនាញសូរ គ្មានព្យញ្ជនៈខ្លាំងខ្សោយទេ សូរដែលយើងឃើញថាហាក់បីដូចជាមានមូលភេទអអ៊ជាលទ្ធផលនៃប្រព័ន្ធសំណេរតាមបែបព្រហ្មីឬសំ.ប៉ុណ្ណោះ ដោយសារតែភាសាខ្មែរយើងមានឃោសៈអាឃោៈផ្សេងគ្នាពីព្រហ្មីឬសំ.បានជាមានបាតុភូតបម្រែបម្រួលសូរស្រៈដូចដែលយើងបានឃើញសព្វថ្ងៃ។

ញ៉.ផល្លី សុផេន
២៧ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ