អក្សរសំណង

អក្សរសំណង

អក្សរដែលធ្លាប់ប្រើកន្លងមក
១. តើយើងគួរតែជ្រើសរើសយកសំណេរមួយណា? ដើម្បីឲ្យត្រូវនឹងអន្តរជាតិផង មាត់ខ្មែរថាផង។
២. នៅក្នុងអត្ថបទនេះ យើងនឹងសាកល្បងពិនិត្យមើលអំពីលក្ខណៈទូទៅនៃសំណេរខ្មែរយើងជាមុនសិន បន្ទាប់មកយើងនឹងធ្វើសន្និដ្ឋានរួមមួយ។

៣. សូរឃោសៈអឃោសៈ(មូលភេទអអ៊) ជាប្រព័ន្ធសំណេរខ្មែរយើងម្យ៉ាងដែលមានជាយូរកន្លងមកហើយ។ ហើយប្រព័ន្ធសំណេរនេះបានមកពីការខ្ចីពីឥណ្ឌា។ យើងក៏មិនដឹងថាសម័យមុន គេសរសេរយ៉ាងនេះ អានឬបញ្ចេញសូរយ៉ាងម៉េចនោះទេ ប៉ុន្តែជាទូទៅគេយកតាមលក្ខណៈសំស្ក្រឹត គឺ(កា/កា/, គា/ហ្កា/) មិនមែនអានដូចយើ់ងសព្វថ្ងៃនោះទេ។ រីឯការវិវត្តនេះក៏ចេះតែមានបន្តបន្ទាប់រហូតដល់ទៅបោះបង់អក្សរ/ឝ, ឞ/។ ប៉ុន្តែប្រព័ន្ធសំណេរក្រោយៗពិសេសនៅសម័យកណ្ដាលរហូតដល់ក្រោយមានវចនានុក្រម គ្មានប្រព័ន្ធណាមួយឲ្យច្បាស់លាស់បាននោះទេ ពោលគឺសរសេរទៅតាមបុគ្គលម្នាក់ៗ ប៉ុន្តែក្នុងសំណេរទាំងនោះ មិនឃើញមានលក្ខណៈឃោសៈអឃោសៈនោះទេ គឺមានតែមូលភេទអអ៊។ ដោយឡែក នៅក្នុងវចនានុក្រមពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ បោះគ្រាទី៥ ហាក់បីដូចជាបែរមករកសូរឃោសៈអឃោសៈ និងប្រព័ន្ធសំណេរសងរូបផ្ទាល់មកវិញ។ ដូចមានជាឧទាហរណ៍៖ ហ្វ្រង្ក ,តែមប្រិ៍, អាម៉េរិគ ប៉ុន្តែមិនមែនជាការដាច់ខាតនោះទេ។

៤. នៅក្រោយៗមកទៀត មានចលនាបង្កើតសូរឃោសៈអឃោសៈកាន់តែច្បាស់ឡើង ពិសេសប្រើសម្រាប់កត់ត្រាពាក្យដែលខ្ចីពីភាសាបារាំង អង់គ្លេស។ ឧទាហរណ៍ ហ្គាស ហ្គីតា ជាដើម ដែលមាត់ខ្មែរយើងស្ទើរតែទាំងអស់មិនអាចបញ្ចេញសំឡេងបានដូចគេសោះនោះផង។

៥. ចំពោះមូលហេតុដែលនាំឲ្យមានចលនាម្ដងនេះ ម្ដងនោះ មិនត្រឹមតែម្ដងនេះ ម្ដងនោះទេ ថែមទាំងមិនមានឯកភាពនឹងគ្នាទៀតផង។ មូលហេតុដែលមានមកដល់សព្វថ្ងៃនេះ គ្មានអ្វីក្រៅពីការប្រកាន់ទំនោរ ជំងឺតួឯក ជាដើម ដោយគ្មានការស្រាវជ្រាវណាមួយឲ្យពិតប្រាកដ។ សូមបញ្ជាក់ថា មិនមែនមិនត្រូវ មិនល្អនោះទេ។

៦. ចំពោះយើងវិញ មិនបោះបង់ប្រព័ន្ធសំណេរសំណងអក្សរនោះទេ ហើយក៏មិនបោះបង់ប្រព័ន្ធសំណេរសង់សូរនោះដែរ គឺយើងមើលតាមភាពជាក់ស្ដែង។ ឧទាហរណ៍៖ ហ្គីតា > គីតា/គ្វីតារ /guitar/​ ដែលត្រូវនឹង/g/ភាសាបារាំង អង់គ្លេស បាលី សំស្ក្រឹត ផងដែរ។ មួយទៀត ឡាំហ្វង់ហ្ស៊ីយ៉ូម​>​ឡាំផង់គ្យូម​/lymphangiome ; lymphangioma/ ដែល/ph/ /g/ ព្រោះវាស្រួលមាត់ខ្មែរដែលមិនរៀនភាសាបរទេស ណាមួយវាមកជាពាក្យខ្មែរក្នុងភាសាខ្មែរទៅហើយ ចាំបាច់អ្វីទៅតាមពាក្យក្នុងភាសារបស់គេនោះ។

ញ៉.ផល្លី សុផេន
០២ តុលា ២០១៩

ឯកសារពាក់ព័ន្ធ
៙ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ។
៙ ឌ គាម ការសិក្សាអំពី វិវត្តន៍នៃអក្សរខ្មែរ ការផ្សាយរបស់បណ្ណាល័យ អប្សរា ២០០០។
៙ នៅ ស៊ុន លក្ខណៈភាសា ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
៙ កំណត់ហេតុនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ២៩ ឧសភា ២០១៤ ស្ដីពីការកែសម្រួលការប្រើសំយោគសញ្ញា ចុះក្នុង ព្រឹត្តិបត្រក្រុមប្រឹក្សាជាតិភាសាខ្មែរ លេខ៦ ២០១៥ 

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ