ហែខ្មោច-ហែសព

ហែខ្មោច-ហែសព

ជំនឿអ្នកមុនខុសពីអ្នកក្រោយ
ពេលហែខ្មោច
ពេលហែសព

ភ្លេងក្លងកែកបានបន្លឺតាមមេក្រូពីរោងបុណ្យខ្មោច ជាការបញ្ជាក់ថា គេយកខ្មោចដែលស្លាប់ទៅបូជាឬដុតហើយ។ នេះចំពោះអ្នកនៅតំបន់ដែលមិនមានប៉ាឆានៅក្នុងភូមិឬវត្ត គេជីករណ្ដៅធ្វើឡដុតខ្មោចនៅខាងក្រោយផ្ទះ ប៉ុន្តែមិនជិតភូមិពេកទេ ជាទូទៅគេយកមែកអំពិលធ្វើជាអុសសម្រាប់ដុចដោយលាយនឹងប្រេងកាត។ មែកអំពិលស្រស់ឆេះល្អណាស់ ដូច្នេះហើយបានជាមានជំនឿខ្លះមិនឲ្យឡើងដើមអំពិលនៅពេលថ្ងៃត្រង់ ព្រោះគេជឿថាមានខ្មោចនៅនឹងដើមនោះ។ សំឡេងក្លងខែកក៏ជាសញ្ញាប្រាប់ទៅក្មេងៗឬចាស់ខ្លះដែលជឿថា សូមលើកខោ សំពត់ ឲ្យលើផ្ចិតដើម្បីការពារកុំឲ្យខ្មោចចូលពោះ លើសពីនោះទៅទៀត គេឲ្យស្ដុះទឹកមាត់ចេញផងដែរ ដើម្បីកុំឲ្យខ្មោចចូលមកជិតយើង ព្រោះខ្មោចនឹងគិតថាយើងស្អប់ឬវាខ្ពើមទឹកមាត់យើង តែខ្លះថា ខ្លាចខ្មោចចូលតាមមាត់។ 

ក្មេងៗនៅតាមខេត្តចុងកាត់មាត់ញខ្លាចណាស់ តែខ្លះក៏ហ៊ាននិងចូលចិត្តទៅមើលគេហែខ្មោចណាស់ដែរ គេទៅមិនមែនដើម្បីចូលរួមហែនោះទេ គឺទៅមើលគេយំ ទៅមើលគេសែងមឈូស ជាដើម។ ក្មេងៗដែលមានឪពុកម្ដាយមិនសូវឃាឃាំង គេអាចដើរមើលបានតាមចិត្ត មិនដូចក្មេងដែលមានឪពុកម្ដាយដែលយកចិត្តទុកដាក់ការពារនោះទេ គេមិនអាចដើរមើលរឿងដូចនោះបានឡើយ។ ពិតជាគ្មានសំណាងនឹងមើលទិដ្ឋភាពដ៏អស្ចារ្យដូចនោះមែន។ ស្ដាយ ពេលធំហើយបានឃើញគេហែ តែហែបែបថ្មីនេះមិនដូចពេលនៅក្មេងទេ គឺខុសគ្នាឆ្ងាយណាស់ ពីមុនគេមិនឲ្យហែតាមផ្លូវថ្នល់ទេ គេហែតែតាមផ្លូវរទេះ លើកលែងតែស្រុកដែលគ្មានផ្លូវរទេះ។ ពេល គេហែកាត់ផ្ទះ គេគ្រវាសអង្ករដើម្បីឲ្យអពមង្គលចេញទៅកុំចូលក្នុងផ្ទះគេ។

ឥឡូវ មិនដូចពីមុនទេ ក្មេងៗ សកម្មភាពហែ ទីដុតខ្មោច ជំនឿ ខុសគ្នាស្ទើរតែទាំងស្រុង លើកលែងតែពិធីប៉ុណ្ណោះដែលមិនមានដូរច្រើន។ សព្វថ្ងៃ គេមិនសែងឬដាក់រទេះសេះដូចពីមុនទេ គឺគេដាក់ឡាន ឡាននោះក៏មានពីរប្រភេទដែរ គឺបែបចិននិងបែបខ្មែរ ហើយគេអាចហែតាមផ្លូវតាមចិត្តចង់ ដើម្បីយកទៅដុតនៅប៉ាឆា ព្រោះសព្វថ្ងៃមានច្រើនហើយ បើសិនជានៅភូមិដែលមានមនុស្សស្លាប់មិនមានប៉ាឆាក៏គេហែទៅដុតនៅភូមិក្បែរៗនោះដែរ ប្រការនេះជាការល្អមួយដែរ។

នៅក្នុងតំបន់ខ្លះក៏នៅតែរក្សាបានដូចពីមុនទៅ ខ្លះក៏មានការប្រែប្រួលទៅ ខ្លះទៀតក៏មានការប្រែប្រួលលើសទៀតទៅ។ យើងមិននិយាយឲ្យពិស្ដារនឹងរឿងហែខ្មោចនោះទេ គឺយើងគ្រាន់តែបង្ហាញពីអ្វីដែលគេធ្លាប់ជឿកន្លងមក ដែលមិនសូវជាសំខាន់ក្នុងការចងក្រង ប៉ុន្តែនេះជាទិដ្ឋភាពមួយដែលមានពិតនៅស្រុកខ្មែរយើង។ 

ញ៉.ផល្លី សុផេន
២១ វិច្ឆិកា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ