មានលុយអាចប្រើខ្មោចឱ្យកិនម្សៅបាន-អ្នកលក់ពូកែអាចប្រើឆ្កែឲ្យលក់ជំនួសបាន

មានលុយអាចប្រើខ្មោចឱ្យកិនម្សៅបាន-អ្នកលក់ពូកែអាចប្រើឆ្កែឲ្យលក់ជំនួសបាន

វោហារសព្ទ-មានលុយអាចប្រើខ្មោចឱ្យកិនម្សៅបាន-អ្នកលក់ពូកែអាចប្រើឆ្កែឲ្យលក់ជំនួសបាន

វោហារសព្ទ​ខ្មែរ

មាន​លុយ​អាច​ប្រើ​ខ្មោច​ឱ្យ​កិន​ម្សៅ​បាន

ដូច​ដែល​យើង​ដឹង​គ្រប់ៗ​គ្នា​ហើយ​ថា ជនជាតិ​ខ្មែរ​យើង​ចូលចិត្ត​ប្រើ​សម្ដី​ដែល​មាន​លក្ខណៈ​ប្រៀប​ធៀប​ដើម្បី​បង្ហាញ​អំពី​លក្ខណៈ​ន័យ​នៃ​អ្វី​មួយ ហើយ​ការប្រើ​នោះ​មាន​លក្ខណៈ​ប្រកប​ដោយ​សត្យានុមតិ។ តែ​គួរ​ឱ្យ​ស្ដាយ មាន​អ្នកវោហារសព្ទ​មួយ​ចំនួន​មិនយល់​អំពី​ការប្រើប្រាស់​វោហារសព្ទ​និង​បង្កើត​វោហារសព្ទខ្មែរ បែរ​ជា​ប្រើ​ឱ្យ​តែ​ផ្ដាស ដោយ​មិន​យល់​អំពី​ទំហៀប​ន័យ​ក្នុង​ផ្នត់​គំនិត​សង្គមខ្មែរ។ បើ​តាម​សង្កេត​ ដោយសារ​តែ​អ្នកទាំង​នោះ​មិន​សូវ​ជា​អាន​សៀវភៅ​ខ្មែរ​ទេ ភាគច្រើន​អាន​ភាសា​បរទេស ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ប្រើ​ពាក្យ​ដែល​បក​ប្រែ​ចេញ​ពី​ភាសា​ទាំង​នោះ។ ដូច​ក្របី​ដែល​គេ​បកប្រែ​ចេញ​ពី​រឿង​ថៃ ដែល​ស្ដែង​ន័យ​ថា​មនុស្ស​ល្ងង់ ដែលខ្មែរយោយល់ថាជាមនុស្សខ្មៅ ប៉ុន្តែ​​ខ្មែរ​ល្ងង់​គឺ គោ​ឬ​អាជៃ ប៉ុន្តែ​បែរ​ជា​ប្រែ​តាម​គេ​ទាំង​ស្រុង​​តែ​​ម្ដង។ 

ថ្មីៗ​នេះ​មាន​លេច​ចេញ​នូវ​វោហារសព្ទ​ថ្មី​មួយ​ទៀត​ដែល​ប្រើ​ទំហៀបន័យ​ដោយ​ប្រើ​ពាក្យ​ថា​ឆ្កែ។ បើសិន​ជា​យើង​មើល​ទៅ​លើ​ន័យ​ដែល​ខ្មែរ​យល់​ស្ដី​អំពី​ឆ្កែ គឺ​ខ្ជិល ថោកទាប ស្មោះនឹង​ម្ចាស់។ ទោះបីជា​ស្ដែង​ន័យ​ច្រើន​ក៏​ដោយ​ក៏​ខ្មែរ​យល់​ន័យ​ធៀប​ដំបូង គឺ​ថោកទាប។ ដូច​ក្នុង​សម្ដី​ថា​'អាឆ្កែ'។ ដូច្នេះ​បើសិន​ជា​យើង​យោង​ទៅ​លើ​វោហារសព្ទ​របស់​សៀវភៅ​មួយ​នោះ យើង​អាច​ទាញ​ជា​យោបល់​បាន​ដូច្នេះ​ថា៖ ១-ចេះ​ប្រើ​មនុស្ស​ខ្ជិល ចេះ​ប្រើ​មនុស្ស​ថោក​ទាប ចេះ​ធ្វើ​ឱ្យ​ស្មោះ​នឹង​ម្ចាស់​ក្រុមហ៊ុន​ឬ​ម្ចាស់, ២-ការលក់​នោះ​ជា​ការលក់​ប្រកប​ដោយ​អសីលធម៌ ត្បិត​អ្នកលក់​សុទ្ធ​តែ​ជា​ប្រភេទ​ដូច​លេខ១។ 

រីឯសំនួរវោហារសព្ទបុរាណយើងវិញ មានលុយប្រើខ្មោចឱ្យកិនម្សៅក៏បាន។ ដែលប្រើពាក្យខ្មោចដើម្បីតំណាងឱ្យមនុស្សដែលនៅក្រោមឱវាទធ្វើអ្វីមួយ។

តើខ្មោចជាអ្វី?

ខ្មោច បើមើលតាមរូប គឺខោច ដែលអាចមកពី ខូចឬខើច។ មានអ្នកភាសាវិទ្យា គេយល់ថាមកពីពាក្យ ខូច ហើយដូចស្រៈ(ូ)ជាស្រៈ(ោ) ហើយដាក់ផ្នត់ជែក(ម)ដើម្បីស្ដែងន័យជាមនុស្ស ; ខូច + ម៑ > ខ្មូច > ខ្មោច គឺអ្នកខូច មនុស្សខូច ចំពោះនេះពិតជាសមហេតុសមផល។ រីឯខ្មោច ដែលស្ដែងន័យថាមនុស្សដែលស្លាប់នោះ អាចមកពីពាក្យ ខើច(គឺមិនដល់ឬស្ទើរ) ហើយប្រើផ្នត់ជែក(ម) បានជា ខ្មើច ដូច (ើ) ជា (ោ) ទៅជា ខ្មោច។ ចំពោះដំណូរស្រៈ នេះយើងមើលលើពាក្យ សើច(អានថា សោច)។  ទោះបីជាពាក្យខ្មោច មកពីពាក្យឫសណាក៏ដោយចុះក៏ស្ដែងន័យប្រហាក់ប្រហែលគ្នាដែរ តែមិនស្ដែងន័យថាមនុស្សស្លាប់នោះទេក្នុងវោហារសព្ទខាងលើ គឺមនុស្សដែលខូច ដែលស្ទើរភ្លើង ដែលខិលជាដើម។ យើងអាចបញ្ជាក់ពាក្យខ្មោចក្នុងន័យខាងលើបានដូចជា៖ ក- អាខ្មោច គឺសំដៅដល់មនុស្សដែលបានតែនិយាយមិនឃើញលទ្ធផល ដែលពូកែអួតឱ្យគេខ្លាច។ ខ-ខ្មោចអាចុក(ចុកជាឈ្មោះមនុស្ស) សំដៅដល់មនុស្សដែលគ្មានបានការ គេលែងត្រូវការ។ ពោល គឺមនុស្សដែលគ្មានប្រយោជន៍ដល់សង្គមឬភូមិស្រុក។

ដូច្នេះ មានលុយប្រើខ្មោចឱ្យកិនម្សៅបាន គឺគេប្រើមនុស្សខិលខូច គ្មានប្រយោជន៍ ឱ្យធ្វើការងារដែលស្រួល ដែលចំណាយពេលច្រើន ដែលគួរឱ្យធុញ ចំពោះមនុស្សទូទៅមកធ្វើជំនួយ ហើយការងារនោះមិនប៉ះពាល់ដល់អ្វីឡើយ។

យោបល់ បើយោងទៅលើបំណកស្រាយខាងលើ អ្នកប្រើវោហារសព្ទ គួរតែចេះប្រើ ចេះបង្កើត ដោយស្របទៅតាមផ្នត់គំនិត និងលក្ខណៈន័យ។

ញ៉.ផល្លី-សុផេន

១៤ ឧសភា ២០២១

Comments