ច័ន្ទ សំណព្វ ដំណកឃ្លាក្នុងភាសាខ្មែរ ២០១១

ដំណកឃ្លាក្នុងភាសាខ្មែរ

  • បណ្ឌិត ច័ន្ទ សំណព្វ ឆ្នាំ២០១១ ដំណកឃ្លាក្នុងភាសាខ្មែរ។
  • នៅក្នុងស្នាដៃនេះ លោកបានបង្ហាញពីភាពខុសគ្នានៃដំណកឃ្លា ហើយវាស្ដែងន័យទៅតាមដំណកឃ្លានោះដែរ។ បើតាមការអាន និង ការយល់អំពីអំណាន ខ្ញុំឃើញថា៖ មានរបៀបនៃការប្រើប្រាស់ខុសៗគ្នាច្រើនដែលខ្ញុំឬយើងទាំងអស់គ្នាមិនបានចាប់អារម្មណ៍ឬកំពុងតែចាប់អារម្មណ៍។ ប៉ុន្តែ មិនបានធ្វើការសិក្សា ដូច្នេះ នៅក្នុងពេលនេះ ខ្ញុំនឹងសង្ខេបយកខ្លឹមសារនៃសៀវភៅនេះមកបង្ហាញជូនមិត្តអ្នកអានដូចតទៅ។
  • ហើយក្នុងស្នាដៃនេះ លោកមិនបានចាប់បង្ខំអ្នកណាម្នាក់ឲ្យធ្វើតាមនេាះទេ គឺត្រឹមតែជាសំណាកក្នុងការសិក្សាប៉ុណ្ណោះ។ (សូមមើលក្នុងបុរេកថា)
  • និយមន័យ៖ ដំណកឃ្លា ជាសុញ្ញដ្ឋានឬជាគម្លាតមួយឯកតារវាងធាតុពីរដែលមានមុខងារសម្ព័ន្ធច្បាស់លាស់និងមានតួនាទីជាចលនរនៃការស្ថាបនាន័យនៃឯកតាភាសាមួយ(សំណុំពាក្យ ឃ្លា វាទរូប(ល្បះឬប្រយោគ?) ។ល។)។
  • លេខៈ ជាយុគលពិន្ទុ បើសិនជាមិនមានដំណកឃ្លា ហើយត្រូវអានថា(លេ ខាក់)។ ប៉ុន្តែបើសិនជា លេខ : មិនមែនជាយុគលពិន្ទុទេ គឺជាចំណុចពី ហើយត្រូវអានថា(ឡេក)។ លេខ : ០០១ ក្រ.អរយក។ 
  • ដំណកឃ្លា និង ចន្លោះពាក្យ តារាជាបងប្អូនខ្ញុំ។ តែមិនអាចថា តារាជាបង ប្អូនខ្ញុំ។ ឡើយ។ តែ បើសិនជា តារាជាបងប្អូនសីហា។ (បងប្អូនអាចជាបង ប្អូន មីង ពូ ជីដូនមួយ ...)។ ប៉ុន្តែ បើសិនជា តារាជាបង ប្អូនសីហា។ (អាចថា តារាជាបង(ប្រុស)របស់ប្អូន(ប្រុស)សីហា)។?
  • ដំណកឃ្លា និង ដែល បើសិនជាដែលមិនត្រូវបានដកឃ្លាទេ នោះគឺមានន័យថាជាបន្សំរវាងប្រយោគនឹងប្រយោគឲ្យទៅជាប្រយោគតែមួយ។ ផ្ទុយមកវិញ ប្រសិនបើមានដំណកឃ្លានៅខាងមុខដែលនោះ ដែលមានតួនាទីបំឡែងឃ្លាឬប្រយោគឲ្យទៅជាគុណនាមឬគុណកិរិយា។ ឧទាហរណ៍៖ ដំណកឃ្លា ជាសុញ្ញដ្ឋានឬជាគម្លាតរវាងធាតុពីរដែលមានមុខងារសម្ព័ន្ធច្បាស់លាស់...។ ចំណែកឃ្លានេះ ដំណកឃ្លា ជាសុញ្ញដ្ឋានឬជាគម្លាតរវាងធាតុពីរ ដែលមានមុខងារសម្ព័ន្ធច្បាស់លាស់។ (ដើម្បីជាជំនួយដល់ការយល់ខ្ញុំសូមបន្ថែមឧទាហរណ៍មួយទៀត ដើម្បីឲ្យអ្នកអានស្រួលនឹងយល់៖ សីហាជាមនុស្សដែលចូលចិត្តនិយាយលេង។ សីហាជាមនុស្សល្អ ដែលយោគយល់ ដែលរួសរួយ។
  • ដំណកឃ្លាក្នុងប្លង់នៃការរៀបរាប់ ដូចជា៖ កសិករចិញ្ចឹមគោ ក្របី សេះ។ល។ ប៉ុន្តែ មិនអាចថា៖ កសិករចិញ្ចឹម គោ ក្របី សេះ ។ល។ទេ។ ចំណែក ជនជាតិអាស៊ីមានដូចជាជនជាតិខ្មែរ ជនជាតិឡាវ ជនជាតិចិន។ ឬ ជនជាតិអាស៊ីមានដូចជាជនជាតិខ្មែរ ឡាវ ចិន។ ប៉ុន្តែ គេមិនអាចសរសេរជា ជនជាតិអាស៊ីមានដូចជាជនជាតិ ខ្មែរ ឡាវ ចិន។ នោះទេ។ ដោយឡែក នៅខាងមុខគឺ/ជា/គឺជាក៏មានដំណកឃ្លាដែរ ព្រោះជាការសង្កត់ន័យ។ 
  • ចំពោះឈ្នាប់/ធ្នាក់កម្មទេសកាលគេត្រូវដកឃ្លា ពីព្រោះវាមានស្វ័យភាព(ឯករាជ្យ)ក្នុងប្រយោគហើយ។ ប៉ុន្តែ សូមកុំច្រឡំទៅនឹងគុណកិរិយា(ឲ្យ/យ៉ាង/គួរឲ្យ/សម្រាប់/...)ឬបម្រាប់កិរិយា(ក្នុង នៅ លើ ...)មិនត្រូវដកឃ្លាទេ លើកលែងតែវាក្លាយទៅជាកម្មទេសកាលដែលមានស្វ័យភាពហើយ។ ដូចជា ករណី៖ នៅភ្នំនោះ គ្មានផ្លូវនិងជណ្ដើរសម្រាប់ឡើងទេ។ 
  • ចំពោះឈ្មោះគេត្រូវតែដកឃ្លា ពីព្រោះថាវាមានស្វ័យភាពដោយឡែក។ ឧ. ព្រាប សុវត្ថិ ច្រៀងពីរោះណាស។ លោក តាកូដា ជាពូរបស់ខ្ញុំ។? លោកតា កូដា ជាតារបស់ នារី។?(? ខ្ញុំបំលែងឧទាហរណ៍ ដើម្បីងាយយល់។)
  • វណ្ណវាទ(យើងធ្លាប់ស្គាល់ថាជាវណ្ណយុត្តិ ប៉ុន្តែ លោក(ច័ន្ទ សំណព្វ)បានប្រើវណ្ណវាទវិញ ដោយសារតែវាគ្មានមុខងារផ្នែកអំណានដូចជាសំយោគសញ្ញា ទណ្ឌឃាត ...)។ ដូច្នេះ យើងមិនត្រូវដកឃ្លានៅខាងមុខទេ ប៉ុន្តែ យើងត្រូវដកឃ្លានៅខាងក្រោយវិញ។ ឧ. កាលពីព្រឹកមិញ មានត្រីបាឡែនជាច្រើនក្បាលបានមកជាប់គាំងនៅលើឆ្នេរខ្សាច់ តើហេតុការណ៍នេះបណ្ដាលមកពីអ្វី? អ្នកខ្លះលាន់មាត់ថាប្រហែលជាវាចង់ឡើងគោទេដឹង! ឬមួយក៏....?
  • កាលបរិច្ឆេទ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៧។ ប៉ុន្តែ គេមិនត្រូវ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០៧។ទេ។
  • ខ្ទង់នៃចំនួន ២ ៥៦២ ៨៩៩, ០០ ប៉ុន្តែ មិនត្រូវសរសេរដូច ២, ៥៦២, ៨៩៩. ០០ ទេ។
  • ដំណកឃ្លានិងឈ្នាប់និង បើយោងតាមការយោល់ពីអំណាន ខ្ញុំឃើញថាមានលក្ខណៈដែលគួរឲ្យសម្គាល់៣យ៉ាងដូចតទៅ៖.ខ្ញុំចេះភាសាបារាំងនិងអង់គ្លេស។ និងចងធាតុពីរ(បារាំង/អង់គ្លេស) ហើយធាតុទាំង២មានតម្លៃ(គ្មានធាតុ១ណាធំជាងឬច្រើនជាងធាតុ១ទេ)ស្មើគ្នា។ បើនិយាយឲ្យចំ រាល់ពាក្យ២ចងដោយឈ្នាប់(និង) គេមិនដកឃ្លាទេ។? .គាត់ចេះនិយាយភាសាបារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងភាសាអាហ្វ្រិកមួយចំនួនទៀត។ នៅក្នុងមានធាតុ៥ដែលស្មើគ្នា ដូច្នេះ ធាតុនីមួយៗត្រូវតែដកឃ្លា ចំណែកនិងក៏ដកឃ្លាដែរ ប៉ុន្តែ មិនត្រូវដកខាងក្រោយទេ ព្រោះថានិងនៅខាងមុខភាសាអាហ្វ្រិកមួយចំនួនទៀត។ យើងអាចដកវាចេញបាន តួនាទីវាត្រឹមតែចងធាតុប៉ុណ្ណោះ។ មួយទៀត ចំពោះដំណកឃ្លាទាំងសងខាងនិងលោក បានបង្ហាញថាលុះត្រាតែវាមានតម្លៃស្នើគ្នា ហើយមានធាតុផ្សេងពីគ្នាដូចករណី៖ ការជ្រៀសរើសសម្លៀកបំពាក់ និង ថ្ងៃរៀបការ ជារឿងពីរផ្សេងគ្នា។(ការជ្រើសរើសសម្លៀកបំពាក់ ថ្ងៃរៀបការ ជាធាតុស្នើគ្នា ហើយធាតុនីមួយៗមិនចំណុះឲ្យគ្នាទេ)។
  • ដំណកឃ្លានិងឈ្នាប់ឬ លោកបានកត់សម្គាល់ឃើញបួនករណីផ្សេងគ្នា។ ១.លោកយល់ឬទេ? ២.តើគាត់ពាក់អាវពណ៌សឬពណ៌ខ្មៅ? ៣.តើនរណាជាមេគ្រួសារ? ប្ដីឬប្រពន្ធ? នៅក្នុងឧ.ខាងលើជាការរើស១ក្នុងចំណោះធាតុ២ឬច្រើន។? បើសិនជាមានដំណកឃ្លានៅសងខាងឬ នោះមានន័យថាគេសង្កត់លើជម្រើសរវាងធាតុពីរឬច្រើនដែលត្រូវយក១ ឬ ធាតុទាំងពីរបង្ហាញបញ្ញតិ(ន័យ)តែ១ដូចគ្នា។ ឧ. តើឯងជ្រើសរើសយក ស្នេហា ឬ ការសិក្សា?(ស្នេហា និង ការសិក្សា រវាងធាតុទាំងពីររើសបាន១)   ក្រោយពីបានស្ដាប់ការបកស្រាយរបស់គាត់រួចមក ខ្ញុំយល់ថា របបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម ជារបបប្រល័យពូជសាសន៍។ (របបកម្ពុជាប្រជាធិបតេយ្យ និង របបខ្មែរក្រហម ជាធាតុ២ដែលស្ដែងន័យលើបញ្ហាតែ១ដូចគ្នា។ បើសិនជាក្នុងករណីជាការរៀបរាប់វិញនោះ វាមានលក្ខណៈប្រហែលនឹងនិងដែរដូច៖បេក្ខជនត្រូវចេះភាសាបរទេសណាមួយជាចាំបាច់ដូចជាភាសាអង់គ្លេស ចិន​ ជប៉ុន កូរ៉េ។ ក្នុងចំណោមធាតុ៤ត្រូវមានធាតុ១ជាចាំបាច់ ប៉ុន្តែអាចមានពីរឬច្រើនបាន។? ជាចុងក្រោយគឺ ក្នុងចំណោមធាតុពីរឬច្រើន ហើយគេដកធាតុមួយឬច្រើនជាងក្នុងចំណោនធាតុដែលគេកំណត់យកដូចឧ. សុខា ទេវី សុកឬសៅ ជាមនុស្សបីនាក់ដែលនឹងទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។(ដក១ក្នុងចំណោម២រវាងសុកនិងសៅ មានម្នាក់ដែលត្រូវដកចេញ)? ដោយឡែកក្នុងឧ. សុខា ទេវី សុក ឬសៅ ជាមនុស្សបីនាក់ដែលនឹងទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។(ដក១ក្នុងចំណោម៤)។ 
  • ក៏មានផងដែរក្នុងករណីខ្លះដែលគេប្រើឬបន្តគ្នាក្នុងគោលបំណងកុំឲ្យច្រឡំដូចឧ. ទ្រព្យនេះត្រូវបានទៅកូនបង្កើត ឬឪពុកម្ដាយបង្កើត ឬបងប្អូនបង្កើត ឬប្ដី ឬប្រពន្ធ

គួរចាំ៖
  • ទម្រង់ ប្រធាន កិរិយា (កម្មបទ)។ មិនត្រូវដកឃ្លាទេ។ ឧ. ខ្ញុំញ៉ាំបាយ។
  • កម្មបទ ប្រធាន កិរយា។ ត្រូវដកឃ្លាកម្មបទនិងប្រធាន។ ឧ.បាយ ខ្ញុំញ៉ាំ។
  • ប្រធាន កិរិយា (កម្មបទ) កម្មទេសកាល។ ត្រូវដកឃ្លាកម្មទេសកាល។ ឧ. ម្សិលមិញ ខ្ញុំទៅផ្សារ។
  • ប្រធាន កិរិយា កម្មបទ(មានធាតុពីរ ត្រូវដកឃ្លាធាតុចុងក្រោយ បើមាននិងមិនដកខាងមុខនិង ប៉ុន្តែ បើធាតុពីរផ្សេងគ្នាដើម្បីសង្កត់ ត្រូវដកខាងក្រោយនិង។ ឧ. ម្សិលមិញ ខ្ញុំទៅផ្សារទិញម្ហូបនិងបាយ។
  • ប្រធាន កិរិយា កម្មបទ(មានធាតុច្រើនជាងពីរ ត្រូវដកឃ្លាធាតុចុងក្រោយ បើមាននិងដកខាងមុខនិង ប៉ុន្តែ មិនត្រូវដកខាងក្រោយនិងទេ។ ឧ. ម្សិលមិញ ខ្ញុំទៅផ្សារទិញម្ហូប ត្រី សាច់ (និង)បន្លែ។
  • ករណីក៏មិនសូវជាខុសគ្នានឹងនិងប៉ុន្មានដែរ។

ដោយ ញ៉.ផល្លី សុផេន
១០ កុម្ភៈ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ