សិក្សាអំពីប្រភេទគុណនាមខ្មែរ

សិក្សាអំពីប្រភេទគុណនាមខ្មែរ

សិក្សាអំពីប្រភេទគុណនាមខ្មែរ
ប្រភេទគុណនាម-គុណនាមខ្មែរ

១. តើអ្វីទៅជាគុណនាម?

២. ក្នុងភាសាខ្មែរមានគុណនាមអ្វីខ្លះ?

៣. តើអ្វីទៅជាលក្ខណៈនៃគុណនាម?

សំណួរទាំងបីខាងលើ ជាសំណួរដែលយើងនឹងស្វែងរកចម្លើយ។ ហើយយើងក៏ដឹងដែរថាមានការសិក្សាច្រើនណាស់មកហើយស្ដីអំពីគុណនាម ទាំងអ្នកសិក្សាជាតិនិងអន្តរជាតិ។ តែទោះបីជាយ៉ាងណាក៏ដោយក៏យើងអាចលើកយកមកសិក្សាម្ដងទៀតបានដោយយើងឈរលើមូលដ្ឋានរបស់អ្នកសិក្សាមុនៗ រួចយើងបន្ថែមឬគាំទ្រនូវគំនិតរបស់ពួកគាត់។ បើសិនជាមិនសមហេតុផលតាមលក្ខណៈតក្កៈទេនោះ យើងក៏អាចរិះគន់ផងដែរ។ បញ្ជាក់៖ ការសិក្សាមានមូលដ្ឋានផ្សេងៗពីគ្នា ការមើលពីជ្រុងម្ខាងក៏អាចជាមូលហេតុមានគំហើញខុសគ្នាដែរ ដូច្នេះយើងត្រូវបើចិត្តទូលាយរាល់គំនិតដែលគេបានយល់ឃើញ។ 

១- អ្វីទៅជាគុណនាម? 

១.១- សំណាកអ្នកមុនៗ៖

    - វចនានុក្រមខ្មែរ ១៩៦៧ ទំព័រ១៣៦, គុណនាម ជាពាក្យមានក្នុងមេពាក្យគុណ ដែលលោកឱ្យសេចក្ដីថា"នាមសព្ទដែលប្រាប់ដំណើរនាមនាម ឱ្យឃើញលក្ខណៈផ្សេងៗគ្នា ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង ជាដើម។ គុណបទ បទដែលជាវិសេសនៈរបស់នាមនាម ដូចពាក្យថា ផ្ទះខ្ពស់, ផ្ទះទាប, ផ្ទះចាស់, ផ្ទះថ្មី ជាដើម ; ខ្ពស់, ទាប, ចាស់, ថ្មី ជាគុណបទរបស់ផ្ទះ"។ ទំព័រ៥០៤, គុណសព្ទ ជាពាក្យមានក្នុងមេពាក្យគុណនិងនាមសព្ទ ដែលលោកបញ្ចែកក្នុងប្រយោគយ៉ាងដូច្នេះថា"ឈើធំរលំ, ឈើ ជានាមសព្ទ, ធំ ជាគុណសព្ទ, រលំ ជាកិរិយាសព្ទ"។

‌    ចំពោះសេចក្ដីនៅក្នុងវចនានុក្រម យើងមិនអាចនឹងយល់ឱ្យបានច្បាស់លាស់បានទេ ដោយសារតែអំណោយសេចក្ដីតិចពេក។ តែយើងក៏នៅតែខាងទាញនូវយោបល់បានដែរថាគុណនាម ជាពាក្យប្រាប់សេចក្ដីឱ្យនាមក្នុងលក្ខណៈប្រៀបធៀប សម្គាល់របស់ណាមួយ។ គុណបទ ជាពាក្យគុណនាមដែលបានចង់សម្ព័ន្ធដើម្បីបង្កើតជាកន្សោមនាមមួយ។ គុណសព្ទ ជាពាក្យគុណនាមដែលគេធ្វើចំណាត់ថ្នាក់ពាក្យក្នុងកឃ្លាឬប្រយោគ។

    - សៀន ខ័នឌី ១៩៥៧ វេយ្យាករណ៌ខ្មែរទំនើប បោះពុម្ពលើកទី២ រោងពុម្ពតិចហុង ទំព័រ១៣៣-១៤៦, គុណនាម ពាក្យដែលសំដែងប្រកាសនូវលក្ខណៈរបស់នាម ឬធ្វើឱ្យនាមមានបទ សម្រាប់សំគាល់ឱ្យដឹងថានាមនាមនោះល្អឬអាក្រក់ តូចឬធំ ...ជាដើម គឺសំដៅយកសណ្ឋានទ្រង់ទ្រាយនឹងអាការៈលើសឡើង ឬ ថយចុះរបស់នាមនាម។ 

    ចំពោះលោកគុណនាមគ្មានលិង្គ វចនៈ អ្វីនោះទេ គឺអាស្រ័យលើនាមនាម(លោកយល់ថាមានលិង្គ វចនៈ)។ មួយវិញទៀត គុណនាមមានតែបី គឺបកតិគុណនាម វិសេសគុណ អតិវិសេសគុណ។ ចំណែកសំខ្យាសព្ទ(គុណនាមចំនួន)លោកមិនចាត់ជាគុណនាមទេ។

    - ក្រសួងអប់រំ ១៩៨៣ វេយ្យាករណ៌ខ្មែរថ្នាក់ទី៥ ទំព័រ៩៤-១០១, គុណនាម គឺជាសំដីសំដែងលក្ខណៈ របស់នាម ។ គុណនាមមានដូចជា ៖ ១.គុណនាមប្រក្រតី ២.គុណនាមចំនួនឬសំខ្យាស័ព្ទ (ចំនួនរាប់ ចំនួនរៀប) ៣.គុណនាមកម្មសិទ្ធិ ៤.គុណនាមចង្អុល ៥.គុណនាមសំណួរ ៦.គុណនាមមិនច្បស់។ ចំពោះសេចក្ដីដែលយើងទទួលពីសៀវភៅខាងលើ គឺត្រឹមតែប្រាប់អំពីការបែងចែកប្រភេទគុណនាម និងកំណើតគុណនាមប៉ុណ្ណោះ។ 

    - ក្រសួងអប់រំ ១៩៨២ វេយ្យាករណ៌ខ្មែរថ្នាក់ទី៦ ទំព័រ៧៣-៨៥, បាននិយាយអំពីគុណនាមកំនត់ ដោយឱ្យអំណោយសេចក្ដីថា៖ សំរាប់ប្រាប់ការបង្ហាញច្បាស់ ឬ ពុំច្បាស់ ជិត ឬ ឆ្ងាយ ជាដើម។ ហើយបញ្ចែកគុណនាមកំនត់ជាប្រាំ គឺគុណនាមចង្អុល គុណនាមកម្មសិទ្ធិ គុណនាមសំនួរ គុណនាមចំនួន គុណនាមមិនច្បស់។ បន្ទាប់មកប្រាប់អំពីកន្លែងនៃគុណនាមកំនត់ គឺច្រើនតែនៅខាងស្ដាំនាម ក្នុងកន្សោម ដោយខ្លះប្រើបានតែម្នាក់ឯង ខ្លះប្រើបានជាមួយកំនត់ដទៃទៀត។ - គុណនាមដែលប្រាប់អំពីលក្ខណៈនៃវត្ថុ ដែលចង្អុលបង្ហាញ សភាបលក្ខណៈ ឬ គុណភាពរបស់ មនុស្ស សត្វ និង វត្ថុ ជាគុណបទ

    - ក្រសួងអប់រំ ១៩៨២ វេយ្យាករណ៌ខ្មែរថ្នាក់ទី៧ ទំព័រ៤៦-៥៨, បាននិយាយអំពីគុណនាមកំនត់បន្តពីថ្នាក់ទី៦ ហើយបន្ថែមអំពីកំរិតគុណនាម មានបីកំរិតវិជ្ជមាន កំរិតទាក់ទងនឹងឬទំហៀប(ទំហៀបផ្ទឹម ទំហៀបផ្ដាច់ ទំហៀបដាច់ខាតឬគ្មានទំហៀប)។

    ចំពោះសេចក្ដីរបស់វេយ្យាករណ៍ខ្មែររបស់ក្រសួងអប់រំ ឃើញថាមានការបង្ហាញច្រើន ហើយក៏ក្បោះក្បាយដែរ តែនៅមិនទាន់ឱ្យយើងយល់បាន និងស្រួលក្ដាប់សេចក្ដីបានឱ្យជាក់ឡើយ។

    - ឃឹន សុខ ២០០៧ វេយ្យាករណ៍ភាសាខ្មែរ រាជបណ្ឌិតសភាកម្ពុជា ទំព័រ១៩៥-២៣៤, គុណនាម ជាពាក្យដែលគេបន្ថែមទៅលើនាមដើម្បីដើម្បីបញ្ជាក់គុណលក្ខណៈរបស់នាម សម្គាល់នាម។ ហើយលោកបានបែងចែកគុណនាមជា គុណនាមប្រក្រតីឬកិរិយាគុណនាម គុណនាមមិនប្រក្រតី(សំខ្យាសព្ទ) គុណនាមកម្មសិទ្ធិ គុណនាមចង្អុល គុណនាមសំណួរ គុណនាមមិនច្បាស់។

    ចំពោះសេចក្ដីរបស់លោកឃឹន សុខ មានភាពក្បោះក្បាយជាងសៀវភៅនានាខាងលើដែលបានរៀបរាប់។ ដោយមានលំអិតតាមគុណនាមនីមួយៗដែលលោកបានបែងចែក។ ហើយអ្វីដែលប្លែកគឺលោកបានប្រើពាក្យថ្មីពីរដែលអ្នកសិក្សាមុនៗមិនបានប្រើ។ 

សរុបសេចក្ដីមក សៀវភៅខាងលើទាំងប៉ុន្មាន មិនសូវជាមិនអ្វីខុសគ្នាទេ ដោយគ្រាន់តែប្លែកការបែងចែក ការប្រើប្រាស់ពាក្យប៉ុណ្ណោះ។ ចំពោះគំនិតគឺស្ថិននៅប្រហាក់ប្រហែលគ្នា លើកលែងតែលោកឃឹនសុខដែលមានលក្ខណៈប្លែកគេខ្លាំងបន្តិច។

យើងសូមឱ្យលោកអ្នកពិចារណាលើចំណុចមួយ៖

ក) ល្ហុងបុក

ខ) បុកល្ហុង

គ) ត្រូអាំង

ឃ) អាំងត្រី

ង) មនុស្សអឺរ៉ុបហូបនំប៉័ង មនុស្សខ្មែរហូបបាយ។

វិភាគ៖ ១) ថ្ងៃនេះឯងចង់ទៅហូបល្ហុងបុក/បុកល្ហុងនឹងគ្នាទេ? ទម្លាប់និយាយគ្មានបញ្ហាអ្វីទេ ចំពោះពាក្យទាំងពីរនេះ តែបើយើងថាក្នុងបរិបទផ្សេងនោះនឹងមានបញ្ហា ដូចយ៉ាង "គាត់បុកល្ហុង។ / គាត់ល្ហុងបុក។" មានបញ្ហាផ្នែកន័យនិងសម្ព័ន្ធ។ => គាត់បុកល្ហុង។ គាត់ជាប្រធាន បុកជាកិរិយា ល្ហុងជាកម្មបទ។ ឯ គាត់ល្ហុងបុក។ គាត់ជាកម្មបទ ល្ហុងជាប្រធាន បុកជាកិរិយា។ តែផ្ទុយមកវិញ បើគេថា គាត់ ឡានបុក។ នោះមិនមានបញ្ហាផ្នែកសម្ព័ន្ធនិងន័យនោះទេ។ ករណីពី កដល់ឃ មានលក្ខណៈដូចគ្នា។ ២) មនុស្សអឺរ៉ុបហូបនំប៉័ង មនុស្សខ្មែរហូបបាយ។ មនុស្សនាម អឺរ៉ុបហូបនំប៉័ង / ខ្មែរហូបបាយ ជាគុណនាម ដោយសារតែទាំងអស់នេះបង្ហាញអំពីលក្ខណៈរបស់មនុស្ស។ 

តើខ្មែរយើងមានគុណនាមទេ? មាន។ តែចង់ដឹងថាជាអ្វីបាន  គឺអាស្រ័យលើសម្ព័ន្ធនិងបរិបទជាចម្បង។ ដូចយ៉ាង "កូនធំហើយ" ធំជាអ្វី? គុណនាមឬកិរិយា។ ច្បាស់ណាស់ជាកិរិយា គឺពឹងលើសម្ព័ន្ធ។ "កូនធំ" មិនដឹងថាជាអ្វីទេ។ មានវិធីពិសោធមួយដែលខ្ញុំធ្លាប់បានអានអត្ថបទលោកព្រុំ ម៉ល់ ដែលលោកបានលើកអំពីលោកប៊ីសុខគង់?(ដោយមិនដឹងច្បាស់ថានរណា និងអត្ថបទសរសេរនៅឯណា) លោកបានប្រើពាក្យដ៏មកពិសោ ធដោយដាក់នៅខាងមុខពាក្យ បើដាក់ទៅស្ដាប់បាននោះ ពាក្យដែលនៅខាងក្រោយវាជាគុណនាម។ ដូចយ៉ាង ដ៏ល្អ ដ៏ធំ ?ដ៏ផ្ទ ?ដ៏ខ្ញុំ ?ដ៏ទៅ ដ៏វិល បើយោងទៅលើពាក្យខាងលើ យើងឃើញថាមានពាក្យខ្ញុំដាក់ទៅស្ដាប់បានមាន(ល្អ ធំ) ក្រៅពីនោះស្ដាប់មិនបាន។ ហើយបើយើងយកដ៏ដាក់ក្នុងកន្សោម''កូនធំហើយ => កូនដ៏ធំហើយ។'' មិនអាចបានទេ ដោយសារតែធំជាកិរិយា។ មានក៏ជាគុណនាមដែរ ដោយសារយើងអាចដាក់ពាក្យដ៏នៅខាងមុខបាន។ 

ជាសរុប ពាក្យខ្មែរមានគុណនាម ហើយគុណនាមនោះអាចជាកិរិយាបាន ឯកិរិយាក៏អាចក្លាយជាគុណនាមដែរ។ រាល់ពាក្យខ្មែរទាំងអស់ បើសិនជាចង់ចាប់ថ្នាក់ជានៅក្នុងថ្នាក់អ្វីត្រូវតែពិសោធតាមលក្ខណៈសម្ព័ន្ធ ហើយបើវិធីតេស្តទូទៅណាមួយដើម្បីកំណត់ថាពាក្យណានៅថ្នាក់ណាជាគោល។ ដូចដែលយើងបានបញ្ជាក់ខាងលើ ដ៏ជាពាក្យទូទៅសម្រាប់បញ្ជាក់ថាពាក្យណាជាគុណនាម

ញ៉.ផល្លី សុផេន

១១ ឧសភា ២០២២

ឯកសារពាក់ព័ន្ធ៖ គុណនាម- ថ្នាកពាក្យនិងមុខងារកិរិយា-ថ្នាក់ពាក្យនិងមុខងារសម្ព័ន្ធវិទ្យាខ្មែរទូទៅ

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ