តើ

តើ

 តើជាអ្វី?

ន័យវិទ្យា-តើ

បើសិន​ជា​យើង​ឆ្លើយ​ដោយ​មិន​បាច់​គិត នោះ​គ្មាន​អ្វី​ពិបាក​ទេ ព្រោះ​"តើ"​ជា​ពាក្យ​សម្រាប់​ប្រើ​នៅ​ខាង​មុខ​ប្រយោគ​សំណួរ​ដើម្បី​ប្រាប់​ថា​ជា​ប្រយោគ​សំណួរ។ ប៉ុន្តែ ភាពជាក់ស្ដែង​ ការប្រើប្រាស់​តើ​ក្នុងប្រយោគ​មានតែ​ក្នុងសរសេរ​ឬបង្រៀនជនបរទេស​ប៉ុណ្ណោះ ឬក៏ត្រឹមតែ​និយាយដើម្បី​សង្កត់សំណួរ​ឱ្យមាន​លក្ខណៈ​ចាប់​អារម្មណ៍​​ប៉ុណ្ណោះ ; ដូចយ៉ាង មានមនុស្ស​ម្នាក់ដែល​ត្រូវ​គេ​ប្រមាថ ហើយឆ្លើយ​តបវិញ​ដោយ​ប្រការផ្សេងៗ​[...] ហើយ​គាត់​បាន​ចោទជា​សំណួរ​ថា៖ ក)តើអ្នកដឹង​ទេថា​'ខ្ញុំឈឺ​ចាប់ប៉ុណ្ណា...'។ តើ ដែល​គាត់និយាយ​ក្នុងសំណួរ-ក មិនមែន​ជាភាពធម្មតា​ក្នុងខ្សែ​សម្ដីរបស់​គាត់នោះ​ទេ ព្រោះរាល់​សំណួរ​របស់គាត់​គ្មាន​ប្រើតើទេ លើក​លែង​​តែសំណួរ-ក ខាងលើប៉ុណ្ណោះ​ដែលមាន។ ដែល​តើនេះ ជាការបង្ហាញនូវ​ចម្ងល់​ត្រឡប់​ទៅវិញ​ដែល​មាន​លក្ខណៈ​បំណើ(<=បើ+[-អម៑/ណ-])​ដោយឱ្យអ្នក​និយាយនោះ​យកខ្លួន​ជាឧបមា។ តើនឹងមាន​ជំហឺ​ចាប់(<=ឈឺចាប់)​យ៉ាងណា​វិញ។ 

+ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៣៥០តើ និ. ពាក្យបម្រាប់និយាយប្រថួនបំពេញឱ្យលះសេចក្ដីសង្ស័យ ដូចពាក្យថា មិនមែនប្អូនខ្ញុំទេ មាខ្ញុំទេតើ; ដូច្នេះទេតើ; អ្នកមកតើមានការអ្វី?; ធម៌៨យ៉ាង តើគឺអ្វីខ្លះ?។ ទំព័រ៤៤៨ទេតើ និ. និបាតសព្ទប្រាប់សេចក្ដីបញ្ជាក់ដែលផ្ទុយគ្នាពីដំណើរផ្សេង : អ្នកថាសម្បុរខៀវនោះមិនត្រូវទេ, បៃតងទេតើ! (ព.សា. អ៊ីតើ ឬ ឯតើ : ឯណេះអ៊ីតើ! ខុសឯតើ!)។ បើយោងតាមអំណោនន័យរបស់វចនានុក្រម យើងឃើញថា តើ មានលក្ខណៈន័យពីរយ៉ាង ប៉ុន្តែការឱ្យឧទាហរណ៍មានទម្រង់ដូចគ្នាទៅវិញ លើកលែងតែ អ្នកមកតើមានការអ្វី?តើគឺអ្វីខ្លះ?។ដែលមានលក្ខណៈឆ្លើយទៅនឹងសេចក្ដីពន្យល់។ ដូច្នេះយើងឃើញថា វចនានុក្រមមានភាពស្ទាក់ស្ទើរក្នុងការចែកឱ្យដាច់ចេញពីគ្នារវាងតើ-ទេតើ តែអំណោយន័យមានលក្ខណៈផ្សេងគ្នា។

ចំពោះយើងក៏យល់ឃើញដូចវចនានុក្រមដែរ ដោយគ្រាន់តែយើងចែកឱ្យដាច់តែម្ដងរវាងទម្រង់-ន័យ របស់វា។

ទម្រង់នៃតើ៖

 ១- តើ + ប្រយោគ ; តើអ្នកឈ្មោះអ្វី?, តើអ្នកមកមានការអ្វី?/ អ្នកមក តើមានការអ្វី?

២- ប្រយោគ + តើ ; ភ្លេចៗត្រចៀក កូន(មានអាយុ)បីឆ្នាំហើយតើ។, -នរណាគេហ្នឹង? -ខ្ញុំតើ។

សម្រាយបញ្ជាក់ន័យនៃទម្រង់នីមួយៗរបស់តើ៖

ទម្រង់១- តើ + ប្រយោគ ; 

បរិបទ១៖ មានប្ដីប្រពន្ធពីរនាក់ ប្ដីតែងតែធ្វើអ្វីតាមចិត្តខ្លួនមិនសូវជាក្រែងចិត្តប្រពន្ធទេ។ ដល់ពេលអីចឹងទៅ ប្រពន្ធក៏ចោទជាសំណួរ។ អូនចង់ដឹងថា 

a.តើបងមានក្រែងចិត្តអូនខ្លះទេ?

បរិបទ២៖ មានទាហានមួយក្រុម ហើយមានទាហានម្នាក់ត្រូវទៅសើបការណ៍ពីគូបដិបក្ស ហើយគាត់មិនចង់ទៅម្នាក់ឯងទេ គាត់ចង់បបួលម្នាក់ក្នុងចំណោមនោះទៅជាមួយ ដោយដឹងថាគ្មានអ្នកណាម្នាក់ចង់ទៅទេ រួមទាំងគាត់បង តែដោយសារជាតួនាទី។ ទោះបីជាយ៉ាងនេះក៏ដោយក៏គាត់សាកល្បងសួរក្រែងលោមានអ្នកទៅ។ គាត់និយាយ ខ្ញុំត្រូវទៅសើបការណ៍ 

b.តើមានអ្នកណាចង់ទៅជាមួយខ្ញុំទេ?

បើយោងទៅលើបរិបទទាំង២ យើងឃើញថាអ្នកសួរសុទ្ធតែស្មានដឹងហើយថាចម្លើយជាអ្វី គឺa.ប្ដីមិនក្រែងចិត្ត, b.គ្មានទាហានណាម្នាក់ចង់ទៅ។ តែសួរដើម្បីតែចង់ដឹងចម្លើយចេញពីមាត់ដៃគូសន្ទនាប៉ុណ្ណោះ។ ចំពោះចម្លើយយ៉ាងម៉េចនោះ គឺអាស្រ័យលើអ្នកឆ្លើយ ព្រោះការស្មានរបស់អ្នកសួរអាចត្រូវអាចខុស។

សន្និដ្ឋាន១៖ យើងយល់ឃើញថា តើ ជាពាក្យដែលគេប្រើក្នុងប្រយោគឬល្បះសំណួរ ដើម្បីបញ្ជាក់នូវអ្វីដែលអ្នកសួរគិតមុខឬស្មានមុនជាដើម។

ទម្រង់២- ប្រយោគ + តើ ; 

នៅក្នុងបរិបទ១៖ ប្ដីឆ្លើយទៅប្រពន្ធវិញថា 

c.បងក្រែងចិត្តអូនឯងតើ។ 

ប្ដីឆ្លើយដូចនេះ គឺដើម្បីបញ្ជាក់គំនិតផ្ទុយនូវអ្វីដែលប្រពន្ធគិត ដែលយល់ថាខ្លួនជាប្ដីមិនក្រែងចិត្តប្រពន្ធ តែការគិតរបស់ប្រពន្ធនោះគឺខុសហើយ គឺប្ដីក្រែង មិនមែនមិនក្រែងនោះទេ។

នៅក្នុងបរិបទ២៖ ក្នុងចំណោមទាហាននោះ មានទាហានម្នាក់ស្មគ្រចិត្តទៅជាមួយ ដូច្នេះហើយគាត់បានឆ្លើយថា

d.មានអ្នកទៅតើ គឺខ្ញុំ។ 

ទាហានម្នាក់ដែលឆ្លើយដូចនេះ គឺដើម្បីបញ្ជាក់នូវការស្មានរបស់ទាហានដែលជាអ្នកសួរថា អ្នកស្មានខុសហើយ ដែលអ្នកគិតថាគ្មានអ្នកទៅជាមួយ តែតាមពិតមានអ្នកស្មគ្រចិត្តទៅ គឺខ្ញុំ។ 

សន្និដ្ឋាន២៖ យើងយល់ឃើញថា តើ ជាពាក្យដែលបញ្ជាក់នូវគំនិតឬចម្លើយដែលផ្ទុយនឹងសំណួរឬការគិតបែបស្មានរបស់សំណួរ។

បើតាមសេចក្ដីសន្និដ្ឋានទាំងពីរខាងលើនាំឱ្យយើងយល់ថា៖

១) តើ នៅខាងមុខប្រយោគឬល្បះ ជាពាក្យ សួរបញ្ជាក់នូវអ្វីដែលខ្លួនបានគិតទុករួចហើយ ថាត្រូវឬខុស។

២) តើ នៅខាងក្រោយប្រយោគឬល្បះ ជាពាក្យ ឆ្លើយបញ្ជាក់នូវអ្វីដែលផ្ទុយនឹងសំណួរ។

ញ៉.ផល្លី-សុផេន

១៦ កញ្ញា ២០២១

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ