ជំនាន់-ទំនាន់

ជំនាន់-ទំនាន់
ជំនាន់-ទំនាន់
ជំនាន់-ទំនាន់-ជាន់-ទាន់

ហេតុអ្វីបានជាខ្ញុំលើកយកពាក្យជំនាន់-ទំនាន់មកសិក្សាឬបង្ហាញ?

ដោយសារតែពាក្យទាំងពីរនេះមានលក្ខណៈប្រហាក់ប្រហែលនឹងគ្នា។

អ្វីខ្លះជាលក្ខណៈរបស់ពាក្យទាំងពីរ?

១) វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ

ទំព័រ២៥៨ ជាន់ ២ ន. ថ្នាក់ : ផ្ទះពីរជាន់។ ដែលត្រួតលើគ្នា : សំពត់ពីរជាន់។ កាល, សម័យ, គ្រា : ជាន់នេះមិនដូចជាន់ពីដើមទេ។  

ទំព័រ២៧៤ ជំនាន់ ន. កាល, សម័យ ដែលជាជាន់ជាគ្រាដោយរលឹកៗ : ជំនាន់ជីតាទួតខ្ញុំ ឮថាស្រុកមិនសូវសម្បូរមាសប្រាក់ដូចជំនាន់នេះ។

ទំព័រ៤២០ ទាន់ និ. ឬ កិ.វិ. ប្រញាប់, រួសរាន់, ឆាប់, រហ័ស ; ដល់ ; ចួប ; ជិត, ប្រកិត ; បាន, បានសម្រេច : ធ្វើឱ្យទាន់ពេល ; ដើរឱ្យទាន់គេទៅ, ដេញទាន់ជាន់កែង ; ធ្វើទាន់ ឬ មិនទាន់, មិនទាន់ទេ, មិនទាន់បាននៅឡើយទេ។ល។ ទាន់ហន់ កិ.វិ. ដែលទាន់ភ្លាមៗ, ដែលឆុតឆាប់, ដែលរួសរាន់ទាន់ភ្នែកភ្លាមៗ (ច្រើនប្រើតែខាងអកុសល, ខាងបាបគ្រោះ)។

ទំព័រ៤៥៧ ទំនាន់ ន. ជាន់, ស្រករ, ស្របាល, កាលសម័យ ឬ មនុស្សដែលគេកើតទាន់បានឃើញបានដឹងជាក់ : កាលទំនាន់ជីតាខ្ញុំ ស្រូវថោកណាស់ មិនមានតម្លៃដូចក្នុងជាន់ឥឡូវនេះទេ។ (ម.ព. ជំនាន់ ផង)។ 

បើយោងទៅតាមអំណោយន័យដែលបានពីវចនានុក្រម យើងឃើញថាជាន់-ជំនាន់-ទំនាន់ជាពាក្យដែលស្ដែងន័យដូចគ្នា យើងអាចប្រើជំនួសគ្នាបាន ដោយគ្រាន់តែទំនាន់មិនសូវមានឬក៏គ្មានអ្នកប្រើច្រើន។ ចំពោះពាក្យទាន់មិនបានស្ដែងន័យដូចពាក្យទាំងបីខាងលើទេ។ 

២) វិភាគបន្ថែម

ក- វិភាគលើផ្នត់ 

ក.១. ជំនាន់ ជាពាក្យកម្លាយពីពាក្យឫស ជាន់ ដោយផ្សំនឹងផ្នត់ជែក|-អ'ម/ន-| ទម្រង់[-សព/ព-]។ ; ជាន់ + |-អ'ម/ន-| > ជំនាន់ ; cɔan + |-ɔm/n-| > cɔmnɔan។ បើយោងទៅលើពាក្យកម្លាយដែលប្រើផ្នត់ខាងលើ ពាក្យកម្លាយនោះជាសភាវនាម។ ចំពោះចំណុចនេះ យើងឃើញថាអំណោយន័យរបស់វចនានុក្រមក៏ស្ដែងអំពីលក្ខណៈនៃគ្រាដែលគេរំឭក ដែលមានលក្ខណៈយ៉ាងម៉េច។ ដែលផ្ទុយពីពាក្យជាន់ដែលស្ដែងត្រឹមតែរយៈចន្លោះមួយកំឡុងពេលពីណាដល់ណាមួយប៉ុណ្ណោះ។

ក.២. ទំនាន់ ជាពាក្យកម្លាយពីពាក្យឫស ទាន់ ដោយផ្សំនឹងផ្នត់ជែក|-អ'ម/ន-| ទម្រង់[-សព/ព-]។ ; ទាន់ + |-អ'ម/ន-| > ទំនាន់ ; tɔan + |-ɔm/n-| > tɔmnɔan។ បើយោងទៅលើពាក្យកម្លាយដែលប្រើផ្នត់ខាងលើ ពាក្យកម្លាយនោះជាសភាវនាម។ យើងវាស្របនឹងលក្ខណៈរបស់ពាក្យជំនាន់ដែរ។ អ្វីដែលខុសគ្នាត្រង់ថា ជំនាន់ មិនបានរំលេចចេញនូវមនុស្សដែលទាន់នៅគ្រានោះតែប៉ុណ្ណោះ ពោលគឺត្រឹមតែជាការរំឭកដោយនរណាម្នាក់ប៉ុណ្ណោះ។

ខ- ឧទាហរណ៍

ខ.១. ពីមួយជំនាន់ ទៅមួយជំនាន់មិនដូចគ្នាទេ។

ខ.២. ជាន់នេះ មិនដូចជាន់មុនទេ។

ខ.៣. ទំនាន់ខ្ញុំរកត្រី មនុស្សមិនចេះលួចគ្នាដូចឥឡូវទេ។

ខ.៤. កាលខ្ញុំនៅក្មេង ខ្ញុំទាន់គេប្រើចង្កៀងប្រេងកាត ខ្ញុំហ្នឹងចេះសក់ដោយសារងោក។

បើយើងយកពាក្យមួយទៅជំនួសពាក្យមួយក្នុងប្រយោគ នាំឱ្យយើងដឹងបានថា៖ ខ.១ ពាក្យដែលអាចជំនួសបានមានតែ ទំនាន់ ឯជាន់ស្ដាប់បានតែដូចជាមិនស្រួលត្រចៀក ចំណែកទាន់មិនអាចបានឡើយ។ ខ.២ និង ខ.៣. ពាក្យដែលមិនអាចជំនួសបានមានតែទាន់មួយទេ រីឯផ្សេងៗបានទាំងអស់។ ដូចគ្នាដែរ ចំណុច ខ.៤. គ្មានពាក្យណាដែលជំនួសបានឡើយ។

នាំឱ្យយើងសន្និដ្ឋានបានថា ជំនាន់-ទំនាន់ ជាពាក្យដែលប្រាប់អំពីកាលសម័យនិងរំលេចចេញនូវលក្ខណៈរបស់កាលសម័យនោះផងដែរ។ ជាន់ ជាពាក្យដែលប្រាប់អំពីរយៈណាមួយរបស់កាលសម័យប៉ុណ្ណោះ។ ទាន់ ជាពាក្យដែលមិនស្ដែងអំពីកាលសម័យឡើយ ដោយត្រឹមតែជាកិរិយាមួយប៉ុណ្ណោះ។

ញ៉.ផល្លី-សុផេន

២៤មិថុនា២០២២

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ