ចាក់-ជល់-បុក-បុះ

ចាក់-ជល់-បុក-បុះ
វាក្យសព្ទ
ចាក់-ជល់-បុក-បុះ
តើអ្នកមានធ្លាប់សង្កេតអំពីសម្ដីអ្នកស្រុកផ្សេងគ្នាដែលគេប្រើពាក្យខ្លះដូចគ្នា ហើយពាក្យខ្លះខុសគ្នា។ ដូចយ៉ាងអ្នកស្រុកកំពង់ចាម ផ្អាវ ; គោជល់គ្នា។ គឺគោពីរក្បាលយកក្បាលទៅទល់នឹងគ្នា ហើយរុញចុះឡើងដើម្បីនឹងដឹងកម្លាំងចាញ់ឈ្នះ។ ប៉ុន្តែ គោជល់ខ្ញុំ។ គឺគោដែលកាចឬការកូន ហើយវាទៅបុកនឹងមនុស្ស(ខ្ញុំ) ឯមនុស្សនៅតតាំងឬរត់ចេញអាស្រ័យលើចិត្តមនុស្សនោះ។ ចំណែកអ្នកព្រៃវែង កំពង់ពពិល គេនិយាយ ; គោជល់គ្នា។ គោបុះខ្ញុំ។ ដូច្នេះ យើងឃើញថាអ្នកស្រុកមួយប្រើពាក្យពីរដើម្បីនិយាយអំពីសកម្មភាពពីរផ្សេងគ្នា ឯអ្នកស្រុកមួយទៀតប្រែពាក្យតែមួយដើម្បីនិយាយអំពីសកម្មភាពពីរ ដែលគេយល់ឃើញថាដូចគ្នាក៏ពុំដឹង។

ដើម្បីបញ្ជាក់រឿងនេះ យើងមើលទៅលើអំណោយន័យដែលមាននៅក្នងវចនានុក្រមខ្មែរ៖
១- ចាក់ បើយោងទៅតាមវចនានុក្រម និងពាក្យចាក់ថ្នាំ យើងឃើញស្ដែងលក្ខណៈន័យរួមមួយ គឺដាក់បញ្ចូលរបស់អ្វីណាមួយទៅក្នុងអ្វីមួយ។ ឧ- ចាក់មួយកាំបិត គឺបញ្ចូលកាំបិតទៅក្នុងខ្លួន សាច់ជាដើម។ ចាក់ទឹកចូលដប គឺបញ្ចូលទឹកទៅក្នុងដបមួយទៀត។ ប៉ុន្តែ ចាក់ទឹកចេញ គឺមិនច្បាស់ថាបញ្ចូលទៅទេណា អាចថាចូលទន្លេ ចូលដីបាន។ 
២- ជល់ បើយោងតាមវចនានុក្រម និងការប្រើរបស់អ្នកព្រៃវែងម្ដុំមួយ ឃើញថាស្ដែងលក្ខណៈន័យថា របស់ពីរដែលមានលក្ខណៈដូចឬប្រហាក់ប្រហែលគ្នា បើស្នែង ស្នែងដូចគ្នា បើចំពុះ ចំពុះដូចគ្នា ដូច្នេះហើយបានជាគេបន្ទេរន័យទៅដល់ថ្នាំនិងជំងឺ ដាក់ថ្នាំមិនជល់ គឺមិនស្មើឬមិនត្រូវនឹងគ្នា។ 
៣- បុក បើយោងទៅតាមវចនានុក្រម យើងឃើញថាអំណោយន័យស្ដែងដល់ លក្ខណៈនៃទង្វើដែលម្ខាងទៅប៉ះនឹងម្ចាងទៀត ដោយចេតនា។
៤- បុះ បើយោងតាមវចនានុក្រម បង្ហាញលក្ខណៈន័យស្រដៀងនឹងបុក ដោយគ្រាន់តែបុះ មានតែម្ខាងជាអ្នកធ្វើអំពើ ហើយម្ខាងទៀតរងអំពើ។ ដែលផ្ទុយពី បុក អាចទាំងពីរខាងធ្វើអំពើដាក់គ្នា។ ដូច្នេះហើយបានជា អ្នកព្រៃវែងខ្លះ គេនិយាយថា គោបុះ គឺគោធ្វើអំពើតែម្ខាង។

ជារួម យើងឃើញថា ពាក្យដែលប្រើមានលក្ខណៈស្ដែងតាមទង្វើនីមួយៗខុសគ្នា។ ចំពោះអ្នកស្រុកខ្លះ ប្រើដើម្បីបញ្ចែកទង្វើទាំងបួនដែលខុសគ្នាដោយមានពាក្យបួនដែរ។ ប៉ុន្តែ ស្រុកខ្មែរទង្វើទាំងបួននោះ គេយល់ថាតែមួយ(ជល់-បុះ) ដូច្នេះគេប្រើពាក្យតែបី។ 
 
ញ៉ ផល្លី សុផេន
១៥ កញ្ញា ២០២២
វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ-១៩០ ចាក់
វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ-២៥៣ ជល់
វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ-៥៧៣ បុក
វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ-៥៨៣ បុះ

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ