ការប្រែប្រួលសូរយ៑ទៅជាច៑

ការប្រែប្រួលសូរយ៑ទៅជាច៑

ការប្រែប្រួលសូរយ៑ទៅជាច៑
 ហេតុអ្វីបានជាមានការប្រែប្រួលសូរនៃសទ្ទតាយ៑ទៅជាច៑?

មានសំណួរ មានចម្ងល់ជាច្រើនដែលបានចោទឡើងបញ្ហានេះ ហើយក៏មានការពន្យល់ខ្លះដែរ តែមើលទៅហាក់បីដូចជាការពន្យល់តាមអារម្មណ៍ជាងជាវិភាគ។ 

មូលហេតុដែលគេអានឬបញ្ចេញសំឡេង វិទ្យា ជា វិជ្ជា ដោយសារតែពាក្យវិជ្ជាស្រួលថាជាង ហើយមនុស្សនិយាយពាក្យវិជ្ជាច្រើនជាងវិទ្យា។ នេះជាបំណកស្រាយមួយ។

មកពីមនុស្សដែលនិយាយទាំងអស់ហ្នឹងមិនយកចិត្តទុកដាក់ ពោលគឺជាមនុស្សខ្ជះខ្ជាយក្នុងការនិយាយ។ នេះក៏ជាបំណកស្រាយមួយផ្សេងទៀតដែរ។

ចំពោះយើងវិញ យើងមិនជំទាស់នឹងទស្សនៈដែលជាបំណកស្រាយកន្លងមកទេ តែយើងនឹងវិភាគល្បងមើលពីមូលហេតុពិតដែលនាំឱ្យមានការប្រែប្រួលសូរសទ្ទតាដូច្នេះ តាមបែបវិទ្យាសាស្ត្រនៃសូរវិទ្យា។  ពាក្យ៖ ខ្យល់ ច្យុតិ ព្យួរ វិទ្យុ វិទ្យាសាស្ត្រា ក្នុងចំណោមពាក្យដែលជាឧទាហរណ៍មានពាក្យ ខ្យល់ ព្យួរ វិទ្យាសាស្ត្រ ភាគរយនៃការបញ្ចេញសូរប្លែកពីសំណេរច្រើនពោលគឺ ខ្យល់›ខ្ចល់, ព្យួរ›ផ្ចួរ, វិទ្យាសាស្ត្រ›វិជ្ជាសាស្ដ្រ។ ចំណែកឯ ច្យុតិ មានបញ្ចេញជា ត្យុតិ, ថ្ចុតិ, ច្យុតិ ដោយឡែក វិទ្យុ បែរជាបញ្ចេញជា វិជ្ជុ, វិទ្យុ, វិយុ។

មុននឹងធ្វើការបកស្រាយ យើងសូមពន្យល់អំពីសទ្ទតា ច៑/យ៑ សិន។ សទ្ទតាទាំងពីរនេះស្ថិននៅក្នុងតំបន់បន្លឺដូចគ្នា គ្រាន់ទេមានលក្ខណៈខ្យល់ខុសគ្នា ច៑ ជាសទ្ទតាខ្យល់ស្ទះ យ៑ ជាសទ្ទតាខ្យល់ត្រដុសបើក ហើយយ៑ជាសទ្ទតាឃោសៈស្ថិតក្នុងក្រុមសទ្ទតាខ្សោយដែលអាចនឹងងាយក្នុងការទទួលរងឥទ្ធិពលពីរក្រុមសទ្ទតាខ្លាំងពោលគឺក្រុមខ្យល់ស្ទះ។

ជាមូលដ្ឋាននៃសទ្ទតាគឺ ខ្យ/kj/, ច្យ/cj/, ទ្យ/tj/, ព្យ/pj/។
តាមច្បាប់សទ្ទតាវិទ្យា ព្យ.ស្ទះផ្សំនឹងព្យ.ឃោសៈ ត្រូវចេញជាធនិត។ នាំឱ្យយើងបានសូរ /kj > kʰj/, /cj > cʰj/, /tj > tʰj/, /pj > pʰj/ ប៉ុន្តែដោយសារតែឥទ្ធិពលនៃសទ្ទតាខ្យល់ស្ទះអឃោសៈជាធនិតបានធ្វើឱ្យលំញ័រនៃខ្សែសំឡេងរបស់យ៑ត្រូវបានកាត់បន្ថយដូច្នេះសទ្ទតាយ៑ដែលជាឃោសៈត្រូវបានមកជាអឃោសៈវិញ យើងបានជាសូរ /kʰj > kʰj̥/, /cʰj > cʰj̥/, /tʰj > tʰj̥/, /pʰj > pʰj̥/។ ដោយហេតុតែមានការទទួលរងឥទ្ទិពលពីស្រៈផងនោះ /j̥ > c/ ហើយយើងគេទទួលបានសូរ /kʰc/ kʰj̥/, /cʰc/ cʰj̥/, /tʰc/ tʰj̥/, /pʰc/ pʰj̥/។ 

ដូច្នេះការប្រែប្រួលសូរមិនមែនមកពីទម្លាប់ឬខ្ជះខ្ជាយទេ គឺកើតចេញពីបាតុភូតរបស់ខ្សែសំឡេងនៅដើមបំពង់ក។

ញ៉.ផល្លី សុផេន
០៥ ធ្នូ ២០២០

ឯកសារពាក់ព័ន្ធ ៖ សទ្ទតា/ច៑,ញ៑/សទ្ទតា/យ៑/

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ