ស្បែកជើង-ទ្រនាប់ជើង

ស្បែកជើង-ទ្រនាប់ជើង

_រវាងពាក្យស្បែកជើងនិងទ្រនាប់ជើង ដែលស្ដែងន័យលើវត្ថុដែលមានក្នុងលោកៈតែមួយដូចគ្នា ចុះហេតុអ្វីបានជាគេប្រើពាក្យដល់ទៅពីរ? ហើយពាក្យទ្រនាប់ជើងហាក់បីដូចជាសម្យរម្យជាងស្បែកជើង ម្ដេចក៏គេមិននិយមប្រើ? តើពាក្យទាំងពីរមានលក្ខណៈដូចគ្នាឬខុសគ្នា?

_ទ្រនាប់ជើង ជាអ្វីដែលគេយកមកទ្រាប់នឹងជើងក្នុងគោលបំណងណាមួយ ដូចជា៖ មិនឱ្យក្ដៅជើងដើម្បីឈរឬដើរ។ ហើយពាក្យនេះមានលក្ខណៈទូទៅ អ្វីក៏ដោយឱ្យតែគេយកមកទ្រាប់នឹងជើង គេហៅថាទ្រនាប់ជើងទាំងអស់។ ហើយពាក្យទ្រនាប់នេះគេអាចយកពាក្យផ្សេងៗមកផ្សំបន្ថែមដើម្បីបញ្ជាក់លក្ខណៈមុខងាររបស់វាឱ្យកាន់តែច្បាស់លាស់ឡើងទៀតបានដូចជា៖ ទ្រនាប់ឆ្នាំង ទ្រនាប់ដៃ ជាដើម។ ទ្រនាប់ ជាពាក្យដែលមានឫសចេញមកពីពាក្យទ្រាប់ ដែលគេប្រើផ្នត់ជែក[-ន៑-] ដែលផ្នត់ជែក[-ន៑-]នេះស្ដែងលក្ខណៈន័យថាជារបស់ដែលត្រូវគេយកមកធ្វើអ្វីមួយ។ ឧ. យកទ្រនាប់មកទ្រាប់ក្ដិតឆ្នាំងកុំឱ្យវាប្រលាក់រនាប។ ជើង ជាផ្នែកមួយដែលស្ថិននៅខាងក្រោមនៃខ្លួនប្រាណមនុស្ស ដែលមាននាទីសម្រាប់ទ្រ ធ្វើចលនា។ បញ្ជាក់៖ យើងបង្ហាញលក្ខណៈន័យនៃពាក្យដែលទាក់ទងនឹងអ្វីដែលយើងពន្យល់ប៉ុណ្ណោះ មិនបានស៊ីជម្រៅទេ ព្រោះគោលបំណងយើងពន្យល់ពាក្យទ្រនាប់ជើងនិងស្បែកជើងប៉ុណ្ណោះ។ ដូច្នេះពាក្យទ្រនាប់ជើង គឺមិនបានស្ដែងន័យតែរបស់ម្យ៉ាងដែលយើងពាក្យសម្រាប់ដើរ មាន(ស្បែកជើង/ទ្រនាប់ជើង)ផ្ទាត់, ប៊ូល, កែង ជាដើមនោះទេ គឺអ្វីដែលគេយកមកទ្រាប់នឹងជើង គេឱ្យឈ្មោះថាទ្រនាប់ជើងទាំងអស់។

_ស្បែកជើង ជាសំណុំពាក្យពីរ គឺស្បែកដែលបានស្ដែងន័យលក្ខណៈសរីរៈខាងក្រៅរបស់ខ្លួនប្រាណ ដែលគ្របដណ្ដប់លើសាច់ និងផ្នែកខាងក្នុងកុំឱ្យប៉ះខ្យល់ជាដើម។ ចំណែកជើង(សូមមើលផ្នែកខាងលើដែលបាននិយាយរួចហើយ)។ ហើយសំណុំពាក្យស្បែកជើង យើងអាចដូរពាក្យស្បែកដោយឆ្អឹង › ឆ្អឹងជើង ; ម្រាម › ម្រាមជើង ។ល។ បើសិនជាយើងដូរសំណុំពាក្យជើងក្នុងសំណុំពាក្យស្បែកជើងដោយពាក្យ ដៃ › ស្បែកដៃ ; ក្បាល › ស្បែកក្បាល ។ល។ ដូច្នេះពាក្យស្បែកជើងក៏មិនបានបង្ហាញលក្ខណៈន័យតែឯកឯងដែរ គឺស្បែកដែលនៅនឹងជើង។

សំណួរមួយលេចឡើងថា តើហេតុអ្វីបានជាគេបង្កើតពាក្យស្បែកជើងសម្គាល់បញ្ញត្តិជាវត្ថុដែលគេប្រើសម្រាប់ពាក់?

ប្រសិនបើយើងមើលទៅលើតួនាទីនៃស្បែកជើង គឺដើម្បីការពាក្យកម្ដៅ មុតបន្លា ជាដើម ក្រោយមកទើបលេចចេញភាពស្រស់ស្អាតជាក្រោយ។ បើយើងយកក្នុងន័យការពារកម្ដៅ មុតបន្លា មកប្រៀបធៀបនឹងតួនាទីស្បែកនៅបាទជើងដែលអ្នកស្រែចម្ការគាត់ទៅវាលស្រែដោយដោះស្បែកជើងឬទ្រនាប់ជើង អ្នកណាដែលមានស្បែកបាទជើងក្រាសមិនមានបញ្ហាចោទទេ កម្ដៅដីនាថ្ងៃត្រង់ បន្លាតូចៗល្មម មិនអាចនឹងចាក់ដល់សាច់ខ្ចីបានឡើយ ដូច្នេះពាក្យស្បែកក្នុងសំណុំពាក្យស្បែកជើងដែលជាវត្ថុសម្រាប់ពាក់នោះ គឺសម្ដៅដល់ស្បែកដែលមាននៅនឹងបាទជើងនោះ។

ជារួម ន័យនៃស្បែកជើង គឺជាន័យដែលស្ដែងចេញតាមរយៈមុខងារនៃស្បែករបស់បាទជើង(ក្រាស ស្ដែង) បើក្រាសប្រៀបបាននឹងស្បែកជើងឬទ្រនាប់ជើងដែលក្រាសល្អទៅ។

សារុប៖ ពាក្យទ្រាប់ជើង ស្ដែងបញ្ញហត្តិច្រើនពិបាកនឹងសម្គាល់របស់ដែលគេពាក់ដូចសព្វថ្ងៃណាស់។ ចំណែកពាក្យស្បែកជើង ស្ដែងបញ្ញាត្តិតិចដែលស្រួលនឹងសម្គាល់របស់ដេលគេពាក់ ហើយវាមានលក្ខណៈពិសេសដែលជាអំណោយន័យចេញពីស្បែកបាទជើង។

ញ៉.ផល្លី សុផេន
២៩ មករា ២០២០


ឯកសារបន្ថែម

-វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំ.៤៦២ ទ្រនាប់ជើង ន. ប្រដាប់ក្រៅពីស្បែក សម្រាប់ពាក់ដូចស្បែកជើង : ទ្រនាប់ជើងឈើ។ ទំ.១៤៥៣-៤ ស្បែកជើង ន. ទ្រនាប់ជើងធ្វើដោយស្បែកគោជាដើមដែលសម្លាបឱ្យស្លាប់សាច់ហើយ សម្រាប់ពាក់ឱ្យស្រួលជើងដើរ, មានឈ្មោះច្រើនយ៉ាងមាន ស្បែកជើងផ្ទាត់, ស្បែកជើងសង្រែក ជាដើម។
-ព្រុំ ម៉ល់ ២០០៦ វេយ្យាករណ៍ទម្រង់និយម នៃភាសាខ្មែរទំនើប ការបង្កើតពាក្យដោយវិធីសមាស ទំ.៤៩-៥៥ ; ស្បែកជើង ជាពាក្យសមាសល្មួត ដែលលោកបានប្រើវិធីតេស្តបីបែបលើពាក្យនេះ។
-ច័ន្ទ សំណព្វ ២០១៦ ន័យវិទ្យា ចំណុច៦.១-៦.៥ ទំ.៣៣-៥៣ ; លោកបញ្ជាក់ថា ស្បែកជើង និងទ្រនាប់ជើង ជាកន្សោមសេរី ដែលពាក្យទាំងពីរសុទ្ធតែស្ដែងន័យថា ជាឧបករណ៍សម្រាប់ការពារជើង។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ