លើស, ជ្រុល, ហួស, គ្រប់, ល្មម, ខ្វះ, ស្ទើរ

លើស, ជ្រុល, ហួស, គ្រប់, ល្មម, ខ្វះ, ស្ទើរ

ជាពាក្យដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា បើករណីប្រហាក់ប្រហែលសូរ គឺរលឿសូរ, បើប្រហាក់ប្រហែលន័យ គឺរលឿន័យ, បើប្រហាក់ប្រហែលសម្ព័ន្ធ គឺរលឿសម្ព័ន្ធ។

នៅក្នុងករណីពន្យល់ពាក្យរលឿ យើងលើកយកពាក្យទាំងប្រាំពីរមកពន្យល់បកស្រាយ លើស, ជ្រុល, ហួស ; គ្រប់, ល្មម ; ខ្វះ, ស្ទើរ តើមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចខ្លះ? តើវារលឿគ្នាផ្នែកអ្វីខ្លះ?

ជាដំបូង យើងសូមស្រង់និយមន័យចេញពីសៀវភៅនានាសិន៖
១. វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ (១១៨)ខ្វះ កិ. ឬ គុ. ដែលមិនគ្រប់តាមខ្នាតកម្រិត : ខ្វះតែ២ទៀននឹងគ្រប់ជា ១០។ (១៥០)គ្រប់ គុ. ពេញត្រឹម : របស់នេះគ្រប់ចំនួនគ្មានខ្វះ។ ផ្ទុយនឹង ខ្វះ។ (២៧៩)ជ្រុល កិ. ឬ កិ.វិ. ហួសកំណត់ : ជ្រុលពេល ; ដើរជ្រុល, ដេកជ្រុល ។ ជ្រលួស : ជ្រុលដៃ, ជ្រុលមាត់, ជ្រុលសម្ដី។ (១១១៤)លើស កិ. ហួស, កន្លង : ចេះឥតមានអ្នកណាលើស។ និ. ដែលហួសប្រមាណ, ហួសពីចំនួន, កន្លង, ក្រៃលែង : ច្រើនលើស, ល្អលើសគេ, មានទ្រព្យលើសគេ ។ លើសខ្វះ លើសឬខ្វះ លើសខ្លះខ្វះខ្លះ។ លើសប្រមាណ ហួសប្រមាណ ។ លើសមាត្រ ហួសមាត្រ, លុបមាត្រ : ខ្លាំងលើសមាត្រ។ លើសមាត្រា ហួសខ្នាត, លើសប្រមាណ; ហួសកម្រិតច្បាប់។ លើលលន់ លើសក្រៃ, លើសក្រៃពេក។ លើសលស់ លើសខ្វះ, មិនសព្វគ្រប់; ឆ្គាំឆ្គង, ឃ្លាតឃ្លៀងល្អៀងពីច្បាប់, ពីបែបបទ។ លើបលប់ លើសហួសកំណត់, ហួសប្រមាណ។ លើសលែង ក្រៃលែង, ពន់ពេក។ លើសវិស័យ ហួសវិស័យ។ លើសសម័យ កន្លងសម័យ។ល។ (១១៤០)ល្មម និ. គួរដល់ការ; សម, សមគួរ; ធួរ; គ្រប់គ្រាន់, មិនលើសមិនខ្វះ, មិនតិចមិនច្រើន : ល្មមទៅ, ល្មមប្រើ ការកើត; ល្អល្មម, តូចល្មម។ល។ ល្មមតែ និ. សមតែ, គួរតែ; បានត្រឹមតែ : ល្មមតែគេស្ដីឱ្យ; ល្មមតែគ្នាបួននាក់។ ល្មមមាត់ គួរដល់មាត់។ ដែលចេះតែរអិលមាត់ថាទៅ ព្រោះយល់ថាល្មម : មនស្សល្មមមាត់។ ល្មមឱ្យគេថាបាន គួរឬសមឱ្យគេថាបាន។ល។ ល្មមមាត់ឈ្លានពាន សម្ដីឈ្លានពានដែលចេះតែចេញពីមាត់ឥតគិតពីការណ៍ខុសត្រូវ : ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន(ច្បាប់រាជនេតិ)។ (១៤៤៤)ស្ទើរ គុ. ដែលមិនពេញ, មិនល្មម, មិនគ្រប់គ្រាន់; មិនទាន់ដល់កំណត់ : របស់ស្ទើរ; ទុំស្ទើរ។ កិ.វិ. ដែលមិនដាច់ស្រេច, នៅរារែក : ស្ទើរទៅស្ទើរនៅ, ស្ទើរថាស្ទើរទេ។ ស្ទើរចិត្ត កិ. ឬ កិ.វិ. មិនល្មមដល់ចិត្ត, តិចនឹងចិត្ត។ ស្ទើរដៃ កិ. ឬ កិ.វិ. មិនពេញដៃ, មិនអស់ពីដៃ។ ស្ទើរតែ ឬ ស្ទើរនឹង និ. រកកល់តែឬរកកល់នឹង : ស្ទើរតែមិនបាន, ស្ទើរនឹងមិនកើត។ ស្ទើរភ្លើង គុ. ឬ កិ.វិ. ដែលមិនដល់ភ្លើង : បាយស្ទើរភ្លើង; ដាំបាយស្ទើរភ្លើង។ ព.ប្រ. ដែលមិនដល់កម្រិត, មិនពេញលេញ : ចំណេះស្ទើរភ្លើង; ប្រដៅស្ទើរភ្លើង, រៀនស្ទើរភ្លើង។ល។ (១៥២៦)ហួស កិ. កន្លងឬរំលងហើយ : ហួសពេល។ ផុតរលត់(ស្លាប់) : ហួសហើយ(ព. សា.)។ គុ., កិ.វិ. ឬ និ. ដែលកន្លង, រំលង, លើស, លើសលុប, លើសក្រៃ, ក្រៃលែង; លុបលើ; ជ្រុល; ជាង; ...។ ហួសកម្លាំង លើសពីកម្លាំង, លុបលើកម្លាំង។ ហួសការ ជ្រុលការ, អស់អំណាចការ; ខូចការ។ ហួសកំណត់ លើសពីកំណត់។ ហួសកំណោស លើសប្រមាណ, លើសពីកំណត់។ ហួសខ្នាត លើសពីខ្នាត។ ហួសគិត អស់គិតទៅទៀតកើត។ ហួសចិត្ត ហួសគំនិត, ហួសគិត។ ហួសប្រមាណ លើសពីប្រមាណ។ ហួសពេក ជ្រុលពេក។ ហួសមាឌ ឬ-មាត្រ លុបមាឌ។ ហួសវិស័យ ផុតវិស័យ, ក្រៅវិស័យ។ ហួសហេតុ ក្រៃលែងជាងហេតុ។ ហួសពីនោះទៅ រំលងនោះទៅ។ ចេះហួស ចេះជ្រុល។ ចេះហួសគេ ចេះជាងគេ ឬចេះលើសគេ។ល។

ចំពោះយើង៖
ឧទាហរណ៍៖ ១. អ្នកម៉ូតូឌុបយកថ្លៃ១០០០០៛ ពេលពួកគេជិះទៅដល់កន្លែងដែលភ្ញៀវប្រាប់ហើយ ភ្ញៀវហុចលុយ៨០០០៛។ ១ក ម៉ូ. អូន! ខ្វះ២០០០៛។ ឬ លុយអត់គ្រប់ទេ។ ១ខ ភ្ញៀវ. សុំទោសពូ! នេះលុយ។ នាងក៏ដើរចេញទៅ។ ក២ម៉ូ. នាង! ១គ ភ្ញៀវ. ម៉េចពូ? ខ្វះទៀតមែន? ១ឃ ម៉ូ. អត់ទេ។ នាងឱ្យពូលើស៥០០៛។ ដូច្នេះ រវាងអ្នកជិះនិងអ្នករត់ម៉ូតូឌុបនិយាយត្រូវគ្នា គឺ១០០០០៛ គេទាំងពីរនាក់យល់ស្របនឹងគ្នាយ៉ាងដូច្នេះ បើក្រោម១០០០០៛ គឺខ្វះ, បើ១០០០០៛ គឺគ្រប់, បើច្រើនជាង១០០០០៛ គឺលើស។
ឧទាហរណ៍៖ ខ. នៅខាងមួយ គេទិញម្ហូប ហើយអ្នកលក់សួរអំពីរសជាតិយ៉ាងម៉េចដែរ? ២ក ល្មមហើយ។ អ្នកលក់ក៏សួរទៅមនុស្សម្នាក់ទៀត។ ២ខ ចំពោះខ្ញុំដូចជាស្ទើរសាប បើថែមអំបិលបន្តិច ល្មម។ គាត់ក៏សួរទៅអ្នកទិញទី៣។ ២គ ចំពោះខ្ញុំដូចជាជ្រុលអំបិល ប្រៃណាស់។

យើងឃើញថា៖ នៅក្នុងប្រយោគនីមួយៗ មិនអាចជំនួសគ្នាបានទេ ដូចជានៅក្នុង ១ក ម៉ូ. អូន! ខ្វះ២០០០៛។ * អូន! ស្ទើរ២០០០៛។ ដោយឡែក ២ខ ចំពោះខ្ញុំដូចជាស្ទើរសាប។ ?ចំពោះខ្ញុំដូចជាខ្វះសាប។ ចំណែកប្រយោគ ១ឃ ម៉ូ. អត់ទេ។ នាងឱ្យពូលើស៥០០៛។ ?ម៉ូ. អត់ទេ។ នាងឱ្យពូជ្រុស៥០០៛។ ២គ ចំពោះខ្ញុំដូចជាជ្រុលអំបិល ប្រៃណាស់។ *ចំពោះខ្ញុំដូចជាលើសអំបិល ប្រៃណាស់។ រីឯ ប្រយោគ ២ក ល្មមហើយ។ *គ្រប់ហើយ។ នៅក្នុងប្រយោគនីមួយៗមិនអាចយកពាក្យដែលមានន័យរលឿគ្នាទៅជំនួសបានទេ បើនៅក្នុងរឿងតែមួយដូចគ្នា។

បើយើងពិនិត្យឱ្យមែនទែនទៅឃើញថា៖ លើស គ្រប់ ខ្វះ ប្រើសម្រាប់និយាយអ្វីដែលយើងដឹងបរិមាណច្បាស់ដែលអាចរាប់ឬកំណត់បានថាចំនួនប៉ុន្មាន។ ចំណែកពាក្យ ជ្រុល ល្មម ស្ទើរ ប្រើសម្រាប់និយាយអ្វីដែលយើងមិនដឹងបរិមាណច្បាស់លាស់ មិនអាចរាប់បានឬកំណត់បានថាចំនួនប៉ុន្មាន។

ដោយឡែក បើសិនជាគេនិយាយថា ម៉េចហើយ? ពេញនៅ? ក១. ស្ទើរពីរ។/ ក២. ខ្វះពីរ។ ប្រយោគ ក១, ក២ សុទ្ធតែនិយាយបានដូចគ្នា ប៉ុន្តែ បើសិនជាយើងពិនិត្យឱ្យមែនទែនទៅ នោះយើងនឹងឃើញថា មានលក្ខណៈខុសគ្នា គឺខុសត្រង់ថា ស្ទើរពីរ យើងដឹងថាស្ទើរ ដែលបង្ហាញពីលក្ខណៈមិនច្បាស់ តែអាចទាយថាប្រហែលជាពីរទៀតនឹងពេញ។ ចំណែកឯ ខ្វះពីរ គឺដឹងច្បាស់ថា ពីរទៀត គឺពេញហើយ។

ហួស? ជាប្រភេទពាក្យដែលមិនស្ថិននៅក្នុងក្រុមនេះទេ។ ដើម្បីកុំឱ្យវែងឆ្ងាយ យើងមិននិយាយនៅត្រងនេះទេ យើងនឹងនិយាយនៅពេលក្រោយលើការសិក្សាន័យនៃពាក្យនីមួយៗតែម្ដង។

សន្និដ្ឋាន៖ ១. លើស ខ្វះ គ្រប់ គឺប្រើសម្រាប់ចំនួនរាប់បាន។
២. ជ្រុស ស្ទើរ ល្មម គឺប្រើសម្រាប់ចំនួនរាប់មិនបាន។

សម្គាល់៖ ចំនួនរាប់បាន គឺមានរនាប់/របាប់; នាក់, ក្បាល, ស្និត, លីត្រ, ...។
ខ្ញុំខ្វះលុយបីពាន់រៀល។
ខ្ញុំស្ទើរលុយ(ប្រហែលបីពាន់រៀល)។

ញ៉.ផល្លី សុផេន
២៧ មករា ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ