តម្រួត-តំរួត_សម្រាយ-សំរាយ

តម្រួត-តំរួត_សម្រាយ-សំរាយ

តម្រួត-តម្រាយ_តំរួត-សំរាយ

ម្ដេច​ក៏​គេ​មិន​សរសេរ​ត្រួត តែ​មាន​អក្សរ​ខ្លះ​ត្រួត​ក៏​បាន មិន​ត្រួត​ក៏​បាន?

កន្លង​មក​មាន​អ្នក​បកស្រាយ​ពន្យល់​ច្រើន​អំពី​ព្យាង្គ​តម្រួត​/​តម្រួត​ព្យាង្គ ហើយ​សំណេរ​នោះ​ទៀត​សោត​ក៏​មាន​ផ្សេង​គ្នា​ដែរ​ដូច​យ៉ាង តម្រួត​/តំរួត ​ជា​ដើម ដែល​យើង​ត្រូវ​លើក​យក​មក​និយាយ​នៅ​ខណៈ​នេះ។ យើង​មិន​មែន​ចាប់​បង្ខំ ឬ​ក៏​ចង​ក្រង​ជា​ច្បាប់​ក្បួន​អ្វី​នោះ​ទេ គឺ​គ្រាន់​តែ​បញ្ចេញ​ជា​យោបល់​នៃ​ការ​យល់​ឃើញ​តែ​ប៉ុណ្ណោះ តែ​ក៏​មាន​លក្ខណៈ​តក្កៈ​ផង​ដែរ។

ដូច​ដែល​បាន​និយាយ​ខាង​លើ​ហើយ​ថា បញ្ហា​តម្រួត សម្រាយ ព្យាង្គ កន្លង​មក​មាន​ពិពិធភាព (ភាព​ចម្រូង​​ចម្រាស់ លក្ខណៈ​ផ្សេង​ៗ)​ច្រើន ដោយ​យោង​ទៅ​តាម​​ការយល់​ឃើញ​រៀង​ៗ​ខ្លួន។

ត​ទៅ​នេះ យើង​នឹង​ពិនិត្យ​មើល​រក​ហេតុ​តាម​លំដាប់​នីមួយ​ៗ៖
១. ចំពោះ​ភាសា​សំស្ក្រឹត ការតម្រួត​មាន​ច្បាប់​ច្បាស់​លាស់​ណាស់ គឺ ក្កក្តក្ត្យក្ត្រក្ត្វក្យក្រក្សក្ស្មក្ស្វ ខ្យ គ្ធគ្យគ្រ ឃ្នឃ្រ ង្កង្គង្ម ច្ចច្ឆច្ឆ្រច្មច្យ ជ្ជជ្ញជ្យជ្រជ្វ ញ្ចញ្ជ ដ្យ ឋ្យ ឌ្គ ណ្ដណ្ឋណ្ឌណ្ណណ្យណ្វ ត្តត្ត្វត្នត្បត្មត្យត្រត្វត្សត្ស្នត្ស្យ ថ្យ ទ្គទ្ទទ្ធទ្ធ្យទ្ពទ្ភទ្មទ្យទ្រទ្វទ្វ្យ ធ្នធ្មធ្យធ្រធ្វ ន្តន្ត្រន្ទន្ទ្រន្ធន្នន្មន្យ ប្តប្នប្មប្យប្រប្លប្ស ព្ជព្ទព្ធព្រ ភ្យភ្រ ម្បម្ភម្យម្រម្ល រ្ករ្ថ្យរ្ធរ្ភរ្វ/ក៌ថ្យ៌ធ៌ភ៌វ៌ ល្កល្បល្ល វ្យវ្រ ឝ្ចឝ្នឝ្មឝ្រឝ្លឝ្វ ឞ្កឞ្ក្រឞ្ដឞ្ដ្យឞ្ដ្រឞ្ដ្វឞ្ឋឞ្ណឞ្បឞ្មឞ្យ ស្កស្ខស្តស្ត្រស្ថស្នស្បស្ប្ឫស្ផស្មស្យស្រស្វ ហ្ណហ្នហ្មហ្យហ្រហ្ល ; ហួត តាត, ១៩៥៦, វេយ្យាករណ៍​សំស្ក្រឹត វ្យញ្ជនៈ​សំយោគ ទំព័រ​៥-៧។
២. ចំពោះ​ភាសា​បាឡី​(បាលី) ការ​តម្រួត​មាន​ច្បាប់​ច្បាស់​លាស់​ណាស់​ដែរ គឺ ក្កក្ខក្វក្យ គ្គគ្ឃ ង្កង្ខង្គង្ឃ, ច្ចច្ឆ ជ្ជជ្ឈ ញ្ចញ្ឆញ្ជញ្ឈញ្ញញ្ហ, ដ្ដដ្ឋ ឌ្ឌឌ្ឍ ណ្ដណ្ឋណ្ឌណ្ណណ្ហ, ត្តត្ថត្រត្វ ទ្ទទ្ធទ្វ ន្តន្ថន្ទន្ធន្នន្វ, ប្បប្ផ ព្ពព្ភព្រព្យ ម្បម្ផម្ពម្ភម្មម្ហ, យ្យយ្ហ ល្លល្យ វ្យវ្ហ ស្សស្មស្វ ហ្ម ឡ្ហ ; ញឹម ថាវី, ២០១៤, រៀន​ភាសា​បាលី​បែប​ទំនើប ភាគ​១ មេរៀន​ទី១ វិធី​សំយោគ​ព្យញ្ជនៈ ទំព័រ​៤-១០។
៣. តាម​សិលាចារឹក និង​សាស្ត្រា​ផ្សេង​ៗ ការតម្រួត​មាន​លក្ខណៈ​ច្រើន​ជាង​សំស្ក្រឹត​ទៅ​ទៀត​ដូច​ជា អ្គអ្ជអ្តអ្ដអ្នអ្បអ្មអ្យអ្រអ្លអ្វអ្ស ក្កក្ចក្ជក្ដក្ទក្នក្បក្មក្យក្រក្លក្វក្សក្អ មាន​ច្រើន​ជា​សន្ធឹក​សន្ធាប់ ម្យម្វម្រម្បម្លម្ភម្មម្ផ ជាដើម។ ហេតុអ្វី​បាន​ជា​យើង​មិន​លើក​តម្រួត​ក្នុង​ភាសា​ខ្មែរ​បុរាណ​មក​ទាំង​អស់ ព្រោះតែ​វា​ច្រើន​ពេក​ដែល​នាំ​ឱ្យ​វែង​ដល់​អ្នក​អាន​អាច​នឹង​ធុញ។ 
៤. តាម​លក្ខណៈ​សូរវិទ្យា​(សូម​បញ្ជាក់ ចំពោះ​សូរវិទ្យា​សាកល ការផ្សំ​នៃ​សូរ​នីមួយ​ៗ​នឹង​គ្នា​មាន​លទ្ធភាព​ច្រើន​ទៅ​តាម​ភាសា​នីមួយ​ៗ​នោះ)។

បើសិន​ជា​យើង​មើល​អំពី​លក្ខណៈ​សំណេរ​ក្នុង​ភាសាខ្មែរ ច្បាប់​ក្នុង​ភាសា​សំស្ក្រឹត​បាឡី គឺ​មាន​ភាព​សម្បូណ៌​បែប​ណាស់ ហើយ​ខ្មែរ​យើង​សម្បូណ៌​ជាង​គេ​ទៅ​ទៀត។ តែ​បើសិន​ជា​យើង​និយាយ​តាម​បែប​សូរវិទ្យា​វិញ​គេ​មិន​ជា​ចាប់​អារម្មណ៍​នឹង​រូប​អក្សរ​នោះ​ទេ គឺ​ចាប់​អារម្មណ៍​ត្រឹមតែ​សូរ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិន​ចាំបាច់​នឹង​លើក​យក​មក​និយាយ​នោះ​ទេ ព្រោះ​គ្មាន​ប្រយោជន៍​នឹង​អាច​យក​មក​បកស្រាយ​ក្នុង​ប្រព័ន្ធ​សំណេរ​ដោយ​ប្រើ​អក្សរ​ខ្មែរ​បាន​ឡើយ។

ហើយ​ចំពោះ​តម្រួត​នោះ​ទៀត​សោត​ក៏​មិន​និយាយ​អ្វី​ច្រើន​ដែរ គឺ​ត្រឹមតែ​ស្រៈ​(ំ, ម៑)​ប៉ុណ្ណោះ ព្រោះ​វា​ជា​បញ្ហា​ដែល​កើត​មាន​ច្រើន​នៅ​ក្នុង​ចំណោម​អ្នកសិក្សា​ភាសា​ខ្មែរ។ ករណី​ដូច​គ្នា​អីចឹង​ផង​ដែរ​ចំពោះ​សំណេរ​ក្នុង​ការប្រើ​ព្យញ្ជនៈ ឡ/ល ន/ណ តែងតែ​មាន​ភាពចម្រូងចម្រាស់​គ្នា​ជានិច្ច មួយណា​ឡ៑ មួយ​ថា​ល៑ មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយសារ​តែ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ដូច​គ្នា ពិសេស​សរសេរ​ពាក្យ​ដែល​មាន​ដឹង​ប្រភព​ថា​មក​ពី​ពាក្យ​ដើម​អ្វី។

ត​ទៅ​នេះ​យើង​នឹង​ពិនិត្យ​លើ​ពាក្យ​ដែល​ជា​ឧទាហរណ៍ ដើម្បី​ឈ្វែង​យល់​អំពី​តម្រួត​និង​សម្រាយ។
លក្ខណៈ​ទី​មួយ : កម្ដៅ គម្រូ ចម្ការ ជម្លោះ រម្ញោច សម្នើ ចម្តិតជាដើម។
លក្ខណៈ​ទី​ពីរ :  កំដៅ គំរូ ចំការ ជំលោះ រំញោច សំណើ ចំអិនជាដើម
លក្ខណៈ​ទី​បី : កម្ពុជា កម្សាន្ត សម្ពោធ(សម្ភោធ) គម្ពីរ ចម្ប៉ា ជម្ពូ ធម្ម រម្យទម និយមជាដើម។
លក្ខណៈ​ទី​បួន : សំសារ មំសារ អនិច្ចំជាដើម។

បើ​យោង​ទៅ​លើ​ឧទាហរណ៍​ខាងលើ​ទាំង​អម្បាល​ម៉ាន យើង​ឃើញ​ថាលក្ខណៈ​ទី​មួយ និង​ទី​ពីរ មិន​មាន​ឃើញ​អ្វី​ដែល​ប្រែប្រួល​នោះ​ទេ គឺ​រក្សា​លក្ខណៈ​អាន​ដូច​គ្នា​ទំាង​ក្រុម​អ-អ៊។ តែ​ចំពោះ លក្ខណៈ​ទី​បី នោះ​យើង​ឃើញ​ថា​មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​(កម្ពុជា កម្សាន្ត គម្ពីរ ធម្ម) ដូច្នេះ​យើង​ឃើញ​ថា​នៅ​ក្នុង​ពាក្យកម្ចី​ពី​សំ.បា.​មាន​បញ្ហា​ចោទ ចំណែក​ក្នុង​ភាសា​ខ្មែរ​គ្មាន​បញ្ហា​ចោទ​នោះ​ទេ លើក​លែង​តែ​ករណី​ពិសេស​ណា មួយ​ដែល​ហួស​ពី​ភាសា​ប៉ុណ្ណោះ។ ឯ​លក្ខណៈ​ទី​បួន​ដែល​ជា​លក្ខណៈ​សំ.បា.​សុទ្ធ​បែរ​ជា​គ្មាន​បញ្ហា​ចោទ​ទៅ​វិញ ដូច្នេះ យើង​អាច​ទាញ​សន្និដ្ឋាន​ជា​បឋម​ថា​ការច្រឡំ​អំណាន​បែប​ខ្មែរ​និង​សំ.បា. ឬ ការទាញ​មក​ជា​ខ្មែរ​និង​សំ.បា.​យ៉ាង​ដូច្នេះវិ​​ញ។

បើសិនជាយើងជឿលើសេចក្ដីសន្និដ្ឋានខាងលើដែលជាការសន្និដ្ឋានជាបឋមនោះ បានសម្រាប់តែអ្នកចេះដឹងភាសាខ្មែរ សំស្ក្រឹត បាលី(បាឡី)ប៉ុណ្ណោះ ព្រោះអ្វី? ព្រោះសំសារៈ តែគេគួរតែអានយ៉ាងម៉េច? ជា(ស័ង-សា-រ៉ៈ/សាំង-សា-រ៉ាក់ ; សំ-សា-រ៉ៈ)។ ប្រាកដណាស់ អ្នកមិនរៀនជ្រៅជ្រះពិតជាអានតាមខ្មែរ ដែលខុសពីការបង្គាប់បញ្ជានៅក្នុងវចនានុក្រម។

តើយើងគួរតែដោះស្រាយយ៉ាងម៉េចទើបល្អ? 
មុននឹងឆ្លើយសំណួរខាងលើ យើងគួរគាប្បីដឹងលក្ខណៈមួយជាមុនសិន នោះគឺទម្លាប់
  • មិនមានទម្លាប់សរសេរ ; សំណើរ-សម្នើរ/សម្ណើរ
  • ប្រកាន់តាមគោលការណាមួយ ; មិត្រ-មិត្ត សំឡាញ់-សម្លាញ់-សំលាញ់
  •  ខ្ជះខ្ជាយ មិនយកចិត្តទុកដាក់ ដោយយល់ថាមិនសំខាន់ ធ្វើម៉េចឱ្យតែយល់គ្នាទៅបានហើយ។
ឥឡូវ​នេះ យើង​ភ្លេច​ពី​ទម្លាប់​ដែល​យើង​លើក​យក​មក​និយាយ​ខាង​លើ ហើយយើង​បែរ​មក​វិភាគ​អំពី​សំណេរ​និង​អំណាន​វិញ​ម្ដង។ ហើយ​ការវិភាគ​នេះ យើង​សូម​លើក​យក​តែ​ពីរបី​ពាក្យ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​ពិចារណា។
  1. កម្ពុជា​-​កម្ពស់ ; បើ​សិន​ជា​យើង​មើល​ទៅ​លើ​លក្ខណៈ​សំណេរ​របស់​ពាក្យ​ទាំង​ពីរ​គ្មាន​អ្វី​ខុស​គ្នា​សោះ ម្ដេច​ក៏​មួយ​អាន​ថា​៖ កម្ពុជា​[ក័ម-ពុ-ជា/ កំ-ពុ-ជា] កម្ពស់​[កំ-ពស់]​។ ចម្លើយ​គឺ មក​ពី​មួយ​ជា​ខ្មែរ មួយ​ជា​សំ.បា.​។ ប៉ុន្តែ​បើ​សិន​ជា​យើង​មើល​ទៅ​លើ​ពាក្យ​៖
  2. ជម្ពូ​-​ធម្មតា ; ម៉េច​ក៏​មិន​អាន​ថា​៖ ជម្ពូ​[ជ័ម-ពូ/ ជំ-ពូ] ធម្មតា​[ធ័ម-មៈ-ដា/ ធំ-មៈ-ដា]។ ដូច្នេះ ​យើង​ឃើញ​ថា​៖ មិនមែន​មក​ពី​មួយ​ជា​ខ្មែរ មួយ​ជា​សំ.បា.​នោះ​ទេ។ ចំពោះ​​ចំណុច​​នេះ ក៏​​មាន​​គេ​​លើក​​ឡើង​​ថា​៖ មក​​ពី​​មួយ​​ចូល​​មក​​ជា​​ខ្មែរ​​យូរ​​ហើយ ហើយ​​មួយ​​ទៀត​​ទើប​​នឹង​​ចូល​​មក​​ក្នុ​ង​​ភាសា​​ខ្មែរ​។ បើ​ដូច្នេះ​មែន នោះ​ពាក្យ​៖
  3. សម្មា​-​សម្បត្តិ ; ម្ដេច​ក៏​មិន​ដូច​គ្នា​ផង​ទៅ​? គឺ​មួយ​អាន​ថា​៖ សម្មា​[ស័ម​-​ម៉ា] សម្បត្តិ​[សំ-​បាត់]​ទៅ​វិញ​។
ដូច្នេះ​ការអះអាង​ខាង​លើ​ទាំង​អម្បាល​ម៉ាន​មិន​អាច​យក​ជា​សំអាង​នោះ​ទេ​។
ចំពោះ​យើង យើង​សូម​សន្និដ្ឋាន​ថា​៖ មក​ពី​ការកំណត់​សំណេរ​តែ​ប៉ុណ្ណោះ ដែល​ថា​ការ​កំណត់​សំណេរ​ គឺ​គេ​កំណត់​ដោយ​មិន​ខ្វល់​នឹង​សម្ដី​ជាក់ស្ដែង​ក្នុង​ភាសា គឺ​គេ​យោង​តាម​ជាតិសព្ទ​(និរុត្តិសព្ទ)​។
 
ជា​ដំណោះ​ស្រាយ​៖ បើ​សិន​ជា​ពាក្យ​អាន​ថា សំ​(ក្នុង​ពាក្យ​-​សម្ពាធ) ​យើង​សរសេរ​ដូច្នេះ​បាន តែ​បើ​សិន​ជា​អាន​ថា​៖ ធ័ម​/​ធាំ​(ក្នុង​ពាក្យ​-​ធម្មតា​)​ត្រូវ​សរសេរ​ថា​៖ ធ័ម្មតា​។ ហើយ​នេះ​ជា​ដំណោះស្រាយ​មួយ​ដែល​មាន​លក្ខណៈ​តក្ក។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ