សូត្រ-សូធ្យ-សូត-សូទ-សូទៈ-សូទ្រ-សូទ្រៈ

សូត្រ-សូធ្យ-សូត-សូទ-សូទៈ-សូទ្រ-សូទ្រៈ

៙ ស្រង់ចេញពីវចនានុក្រមខ្មែរ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥១១/គ.ស.១៩៦៧ ផ្សាយឡើងវិញ ១៩៨៩ ទំព័រ១៣៨៩-១៣៩០។

៙ សូត ន. (សំ. បា.) សារថី, អ្នកបររថ; សម្ដីសម្ដែងអំណរ, ការថ្លែងអំណរ។ ខ្មែរបុរាណប្រើជា កិ.« បញ្ចេញវាចាថ្លែងសេចក្តី; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់» ក៏មាន, តែសម័យសព្វថ្ងៃនេះប្រើជា សូត្រ (ម.ព. សូត្រ ២ កិ. និង សូធ្យ ផង)។

៙ សូត្រ១ (សូត) ន. (សំ.; បា. សុត្ត) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត (មានសរសៃពីងពាង, សរសៃឈូក ជាដើម)។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាង : ស្រាវសូត្រ, សំពត់សូត្រ ។ ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម (តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ) : ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ហៅព្រះត្រៃបិដក។ គោលរបស់ការសិក្សាសម្រាប់ទន្ទេញឲ្យចាំ : គោលសូត្រ, ចាំសូត្រ, មេសូត្រ ។

៙ សូត្រ២ (សូត) កិ. ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់ : សូត្រធម៌, សូត្របាលី, សូត្រអាគម; សូត្រឮៗ, សូត្រខ្សឹមៗ ។ មើលថាតាមសេចក្តីដែលសរសេរស្រាប់ ក៏ហៅ សូត្រ បានដែរ(តាមទម្លាប់ប្រើ) : ចៅក្រមសូត្រពាក្យឲ្យគូក្ដីស្ដាប់, សូត្រពាក្យសច្ចាប្រណិធាន ; សូត្រសុន្ទរកថា (ខ្មែរបុរាណសរសេរជា សូត ក៏មាន តែសម័យសព្វថ្ងៃនេះមិនដែលប្រើ។ ម. ព. សូត្រ១ ន. ផង)។ សូត្ររៀន ឬរៀនសូត្រ សូត្ររំឭកសេចក្តីដែលទន្ទេញចាំហើយមិនឲ្យភ្លេច ព្រមទាំងរៀនសង្កេតតៗទៅទៀតផង។ បើសរសេរជា សូធ្យ (អ. ថ. សូត) គួរជាង ដោយក្លាយមកពី សំ.សធ្យ>ស្វាធ្យាយ ; បា. សជ្ឈាយ (ម. ព. នោះ)។

៙ សូទ ឬ សូទៈ (-ទៈ) ន. (សំ. បា. សូទ) អ្នកចម្អិនអាហារ, អ្នកដាំស្ល, សូបការ ។ សូទកម្ម មុខការរបស់សូទៈ, ការដាំស្ល។ សូទគ្រឹះ ឬ -សាលា ផ្ទះឬរោងសម្រាប់ចម្អិនអាហារ, ផ្ទះបាយ។ សូទវិជ្ជា ឬ -វិទ្យា ចំណេះរបស់សូទៈ, ចំណេះខាងការចម្អិនអាហារ, ចំណេះដាំស្ល ។ សូទសាស្ត្រ ក្បួនសម្រាប់សូទៈ, ក្បួនធ្វើភោជនាហារ។ល។

៙ សូទ្រ ឬ សូទ្រៈ (-ទ្រៈ) ន. (សំ. ឝូទ្រ; បា. សុទ្ទ) មនុស្សកើតក្នុងវណ្ណៈទី៤ ឬក្នុងកុលវគ្គទី៤ (ក្នុងប្រទេសឥណ្ឌា): ពួកសូទ្រៈ, ពូជសូទ្រៈ។ អ្នកងារ(ក្នុងកម្ពុជរដ្ឋសម័យពីដើម): បើស្ត្រីជា សូទ្រា ឬ សូទ្រានី (ម. ព. វណ្ណ ឬ វណ្ណៈ២ ន. ផង)។ សូទ្របុត្រឬ -បុត្រី កូនប្រុសឬកូនស្រីរបស់សូទ្រៈ។ សូទ្រវង្ស ពូជសូទ្រៈ។ល។
៙ សូធ្យ (សូត) កិ. (សំ. ស្វធ្យ, ស្វ ក្លាយមកជា សូ, ដូចជា ស្វ ក្លាយមកជា សួ គឺ ស្វស្តិ>សួស្តី, ស្វគ៌>សួគ៌, សួគ៌ា នេះដែរ) ទន្ទេញ; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់; អានតាមពាក្យដែលសរសេរស្រាប់; អានឲ្យគេថាតាម : សូធ្យធម៌, សូធ្យមេរៀន, សូធ្យសេចក្តីឲ្យគេសរសេរតាម; មេសូធ្យ។ ប៉ុន្តែខ្មែរយើងជ្រុលប្រើជា សូត្រ យូរណាស់ហើយ ពិបាកនឹងកែឲ្យទៅជា សូធ្យ វិញ, បើអាច, លុះតែព្រមព្រៀងគ្នាប្រើ ទើបប្រើបាន (ម. ព. សូត្រ២ កិ. ទៀតផង)។

៙ សូត្រឬសូធ្យ សរសេរបានដូចគ្នា បើសិនជាអស់លោកអ្នកចង់សរសេរមួយណាក៏បាន ប៉ុន្តែគួរតែប្រកាន់មួយនោះជាដរាប កុំម្ដងនេះម្ដងនោះ ព្រោះនាំឲ្យអ្នកអានគេឆ្ងល់។ បើសិនជាក្នុងករណីយើងចង់បំលែងន័យឬបញ្ចែកន័យឲ្យវាខុសគ្នាក្នុងអត្ថបទនោះក៏ល្អដែរ។

ដោយ ញ៉.ផល្លី សុផេន
៣០ កញ្ញា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ