ផ្លូវ-ថ្នល់
ផ្លូវ-ថ្នល់
អ្វីទៅជាផ្លូវ ថ្នល់
អ្វីទៅជាភាពដូចនិងភាពខុស?
![]() |
| ផ្លូវ_ថ្នល់ |
ចំពោះយើងជាម្ចាស់ភាសាដែលនិយាយភាសាខ្មែរតាំងតែពីកំណើតមក ច្បាស់ណាស់មិនមានចម្ងល់ ហើយក៏មិនច្រឡំអំពីពាក្យទាំងពីរនេះដែរ។ ប៉ុន្តែ បើសិនជាមានគេសួរថា"ខុសគ្នាយ៉ាងដូចម្ដេច" នោះប្រហែលជាពិបាកនឹងឆ្លើយឬក៏ឆ្លើយមិនចេញតែម្ដង។
នៅទៅនេះ យើងនឹងសាកល្បងរកចម្លើយជូនលោកអ្នក ហើយយើងសង្ឃឹមថា៖តាមរយៈបំណកស្រាយនេះនឹងជួយលោកអ្នកក្នុងការត្រិះរិះពិចារណា និងចាប់អារម្មណ៍អំពីភាពខុសគ្នារវាងពាក្យនឹងពាក្យ។
មុននឹងពិចារណា យើងសូមនាំលោកអ្នកទៅមើលសំណៅឯកសារនានាដែលគេបាននិយាយហើយជាមុនសិន។
១. វចនានុក្រម ; វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៣៩៣ : ថ្នល់ ន. ផ្លូវខ្ពស់ដោយដីលើក : បររថយន្តតាមថ្នល់, ពួតដៃគ្នាជួយលើកថ្នល់ពីភូមិមួយទៅភូមិមួយ, កុំលែងគោក្របីឱ្យដើរកាត់ថ្នល់។ ; ទំព័រ៧១៤ : ផ្លូវ ន. គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះលំអាន; តម្រាយ; ទំនង; ដំណើរ; លំនាំ; ហេតុ; វិធី។ល។ ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់, ដូចជា : ផ្លូវគោក ផ្លូវលើគោក។ ផ្លូវឆ្ការ ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឱ្យទៅមកបានដោយស្រួល។ ផ្លូវជើង ផ្លូវតូចដែលដើរទន្ទឹមគ្នាមិនកើត។ ផ្លូវត្រឡែងកែង ផ្លូវដែលបែកខ្វែងគ្នាជាបីឬជាបួន។ ផ្លូវទឹក ផ្លូវនាវាឬក្បូន។ ផ្លូវធ្លា ផ្លូវសម្រាប់បររទេះគោឬរទេះក្របី។ ផ្លូវបត់ ផ្លូវតែមួយដែលបត់កេលកុង។ ផ្លូវបែកឬផ្លូវបំបែក ផ្លូវដែលបែកចេញជាបីឬជាបួន។[...] ផ្លូវស្លាប់, ផ្លូវរស់ ហេតុឬដំណើរដែលនាំឱ្យស្លាប់, ឱ្យរស់។ ផ្លូវសេចក្ដី ដំណើរសេចក្ដី។ល។
បើយោងទៅតាមវចនានុក្រម មានលក្ខណៈពេញលេញហើយសម្រាប់ការបកស្រាយនូវន័យសេចក្ដីស្ដីអំពីផ្លូវ-ថ្នល់នេះ។ តែទោះបីជាយ៉ាងនេះក៏ដោយក៏យើងនៅតែមានអ្វីផ្សេងទៀតដែលគួរឱ្យសង្ស័យ ដូចជា៖ ពេលខ្លះប្រើជំនួសគ្នាបាន ពេលខ្លះក៏មិនបាន ពេលខ្លះក៏ហាក់ដូចជាពាក្យតែមួយ។ ដូច្នេះហើយបានជាយើងសូមលើកយកនូវសំអាងផ្សេងៗទៀតមកពិនិត្យមើលថាតើពិតជាដូច្នេះមែនឬក៏អត់។
២. ទម្រង់វេយ្យាករណ៍ ; បើតាមវិធីបង្កើតពាក្យ : ថ្នល់ ជាពាក្យក្លាយចេញពីវិធីកម្លាយដោយប្រើផ្នត់ជែក[-ន៑-] ទម្រង់[-ព-] គឺដល់ + -ន៑- => ថ្នល់។ ដោយផ្នត់ជែក-ន៑- ជាលទ្ធផលពាក្យកម្លាយជា នាមដែលជារបស់ គឺរបស់សម្រាប់ដល់។ ចំណែកឯផ្លូវ យើងមិនហ៊ានកាត់សេចក្ដីថាពាក្យឫសរបស់វាជាអ្វីនោះទេ ព្រោះយើងរកសន្ដានពាក្យដែលទាក់ទងនឹងផ្លូវមិនបាន។ បើសិនជាយើងថាមកពីពាក្យឫសឡៅ ដែលពាក្យឡៅ កិ. ចិតវៀលជុំវិញយកសំបកក្រៅចេញទុកឱ្យនៅសំបកខាងក្នុងជមរំលីងឱ្យស្អាត : ឡៅដូងខ្ចី, ឡៅត្នោតខ្ចី។ ចិតវៀលក្រឡឹងឱស្អាត : ឡៅអំពៅ។ [...]។ (វចនានុក្រម ទំព័រ១៥៥១) នោះយើងមិនអាចរកទម្រង់ផ្នត់ណាមកដាក់ដើម្បីឱ្យកើតជាផ្លូវបាននោះទេ ព្រោះផ្នត់ដើម[ប៑-] ទម្រង់[ព៑-]មិនអាចក្លាយជានាមសព្ទបានទេ រាល់ពាក្យកម្លាយដែលកម្លាយចេញពីផ្នត់នេះ។ បើថាប្រើផ្នត់ជែក[-ល៑-] ទម្រង់[-ព-]ក៏មិនឃើញមានសទ្ទតាល៑ដែល។ ដូច្នេះយើងទាញសន្និដ្ឋានថា ផ្ល ជាសំណុំព្យញ្ជនៈតែម្ដង។ ហើយយើងអាចឃើញអំពីភាពខុសគ្នាត្រង់ថា៖
- ថ្នល់ អាចជាផ្លូវ
- ផ្នូវ មិនអាចជាថ្នល់បានទេ។
- មានករណីជំនួសគ្នាបានព្រោះថ្នល់ជាផ្លូវ។
បើយោងតាមទម្រង់ខាងលើ យើងអាចទាញបានថា ថ្នល់មានសណ្ឋានដូចគ្នាទៅនឹងស្ពាន ព្រោះស្ពានក៏ជាផ្លូវមួយដែរ។
ញ៉.ផល្លី-សុផេន
២៦ មករា ២០២១

Comments
Post a Comment