អំពីការបង្កើតពាក្យក្នុងចំណោមពាក្យផ្ទុយ

អំពីការបង្កើតពាក្យក្នុងចំណោមពាក្យផ្ទុយ

អំពីការបង្កើតពាក្យក្នុងចំណោមពាក្យផ្ទុយ
ការបង្កើតពាក្យ-កំណើតពាក្យ-សភាវនាម-ពាក្យផ្ទុយ
ការបង្កើតពាក្យក្នុងចំណោមពាក្យផ្ទុយ-កំណើរពាក្យ

១- គោលបំណង​ក្នុង​ការពិចារណា​របស់​យើង ​គឺ​នៅ​ក្នុង​តែ​រង្វង់​នៃ​ការបង្កើត​ពាក្យ​ដោយ​ប្រើ​វិធីម្លាយ​តាម​រយៈ​ផ្នត់​'ជ្រែក/​ជែក'[-អម៑- ឬ -អ៊ម៑-, អម៑/ណ- ឬ  -អ៊ម៑/ន-]។

២- ហើយ​ចំពោះ​ការពិចារណា​នេះ​ក៏​មិន​ជា​ស៊ី​ជម្រៅ​អ្វី​ដែរ គឺ​ជា​ការពិចារណា​មួយ​កើត​ចេញ​ពី​ចម្ងល់​របស់​ស្មេរ​ប៉ុណ្ណោះ។

៣- ដោយ​ស្មេរ​ចេះតែ​​ឆ្ងល់​ថា ពាក្យ​ដែល​គេ​សម្គាល់​នូវ​លក្ខណៈ​ឬ​សភាវ​មួយ​សុទ្ធតែ​កើត​ចេញ​ពី​ក្រុម​ពាក្យ​ផ្ទុយ ហើយ​ពាក្យ​ផ្ទុយ​នោះ គេ​យក​តែ​ខាង​ល្អ​ដូចជា៖ ខ្ពស់-ទាប ពេល​គេ​បង្កើត​ពាក្យ​ដើម្បី​និយាយ​អំពី​លក្ខណៈ​របស់​វា គេ​យក​ពាក្យ ខ្ពស់​មក​បង្កើត ; ដូច​គ្នា​ដែរ ឆ្ងាយ-ជិត យក ឆ្ងាយ បានជា ចម្ងាយ, ជ្រៅ-រាក់ យក ជ្រៅ បានជា ជម្រៅ​​ជា​ដើម។

៤- ហេតុ​អ្វី​បាន​ជា​យ៉ាង​ដូច្នេះ? 

៥- ផ្នត់​ជ្រែក ជា​ផ្នែក​មួយ​នៃការ​បង្កើតពាក្យខ្មែរ ដោយយកធាតុណាមួយរបស់អក្សរ(ព្យញ្ជនៈ-ស្រៈ)ទៅដាក់ជ្រែកខាងក្នុងនៃពាក្យណាមួយ ដើម្បីឱ្យកើតបានពាក្យថ្មីមួយ។ ដូចជា ជម្រៅ/ជំរៅ <= ជ្រៅ + [-អម៑-] គឺគេយក អម៑ ទៅដាក់នៅចន្លោះ ជ្រ ដោយញែក ជ៑ ចេញពី រ៑ ។ របៀបដូចនេះ គេហៅថាផ្នត់ជ្រែកអន្តេបទ។ ចំណែកអក្សរដែលគេយកទៅដាក់ញែកនោះមាន អ ជាស្រៈ ម ជាព្យញ្ជនៈ គេឱ្យទម្រង់ថា សព។ 

៦- ទម្រង់

៦.ក- [-សព-]_(-អម៑-, -អ៊ម៑-) ; ធំ => ទំហំ, ខ្ពស់ => កំពស់/កម្ពស់

៦.ខ- [-សព/ព-]_(-អម៑/ណ, -អ៊ម៑/ន-) ; តឹង => តំណឹង, ទាប => ទំនាប

៧-  ដូចដែលខ្ញុំបាននិយាយហើយថា នេះមិនមែនជាការសិក្សាទេ គឺគ្រាន់តែពិចារណា ជាគំនិតមួយដេលកើតចេញពីការឆ្ងល់ប៉ុណ្ណោះ។ 

៨- ឧទាហរណ៍

៨.ក- កម្ពស់-ទំនាប : ចេញពីពាក្យឫសពីរផ្សេងហើយ ដែលពាក្យឫសទាំងពីរនោះផ្ទុយគ្នា គឺ ខ្ពស់-ទាប តែលទ្ធផលនៃពាក្យកម្លាយបានស្ដែងន័យប្លែកពីគ្នា ដោយមិនមានលក្ខណៈផ្ទុយគ្នាដូចនឹងពាក្យឫសឡើយ។ កម្ពស់ ជាប្រវែងស្ថិននៅក្នុងទម្រង់បញ្ឈរ ពោលគឺគេគិតពីក្រោមឡើងទៅលើ។ ចំណែក ទំនាប មិនបានស្ដែងពីប្រវែងពីលើចុះក្រោមនោះទេ គឺស្ដែងអំពីលក្ខណៈនៃសណ្ឋានដីដែលទាបទៅវិញ។

៨.ខ- ចម្ងាយ-ជំនិត : ចេញពីពាក្យឫសពីរផ្សេងហើយ ដែលពាក្យឫសទាំងពីរនោះផ្ទុយគ្នា គឺ ឆ្ងាយ-ជិត តែលទ្ធផលនៃពាក្យកម្លាយបានស្ដែងន័យប្លែកពីគ្នា ដោយមិនមានលក្ខណៈផ្ទុយគ្នាដូចនឹងពាក្យឫសឡើយ។ ចម្ងាយ ជាប្រវែងស្ថិតនៅក្នុងទម្រង់ផ្ដេកពោលគឺគេគិតពីចំណុចមួយទៅចំណុចមួយផ្សេងទៀត។ ចំណែក ជំនិត មិនបានស្ដែងពីប្រវែងពីចំណុចមួយទៅចំណុចមួយទៀតនោះទេ គឺស្ដែងពីភាពជិតស្និទនៃទំនាក់ទំនង។

៨.គ- ជម្រៅ-?រំនាក់ : ចេញពីពាក្យឫសពីរផ្សេងហើយ ដែលពាក្យឫសទាំងពីរនោះផ្ទុយគ្នា គឺ ជ្រៅ-រាក់ តែលទ្ធផលនៃពាក្យកម្លាយបានស្ដែងន័យប្លែកពីគ្នា ដោយមិនមានលក្ខណៈផ្ទុយគ្នាដូចនឹងពាក្យឫសឡើយ។ ជម្រៅ ជាប្រវែងស្ថិននៅក្នុងទម្រង់បញ្ឈរឬចំណោត ពោលគឺគេគិតពីលើចុះទៅក្រោម។ ចំណែក រំនាក់ មិនមានការប្រើប្រាស់ឡើយ។

៨.ឃ- ទំហំ-តំណូច : ចេញពីពាក្យឫសពីរផ្សេងហើយ ដែលពាក្យឫសទាំងពីរនោះផ្ទុយគ្នា គឺ ធំ-តូច តែលទ្ធផលនៃពាក្យកម្លាយបានស្ដែងន័យប្លែកពីគ្នា ដោយមិនមានលក្ខណៈផ្ទុយគ្នាដូចនឹងពាក្យឫសឡើយ។ ទំហំ ជាសណ្ឋានឬមាឌឬផ្ទៃនៃរបស់ណាមួយ។ ចំណែក តំណូច មិនមានការប្រើប្រាស់ទូលំទូលាយទេ ; តែវចនានុក្រមពន្យល់ថា កាលដែលនៅតូច, ភាពដែលនៅតូច។

៨.ង- តម្លៃ-តំហោក : ចេញពីពាក្យឫសពីរផ្សេងហើយ ដែលពាក្យឫសទាំងពីរនោះផ្ទុយគ្នា គឺ ថ្លៃ-ថោក តែលទ្ធផលនៃពាក្យកម្លាយបានស្ដែងន័យប្លែកពីគ្នា ដោយមិនមានលក្ខណៈផ្ទុយគ្នាដូចនឹងពាក្យឫសឡើយ។ តម្លៃ ជាកម្រិតនៃចំនួនលេខឬកម្រិតនៃសេចក្ដីល្អដែលគេឱ្យ។ ចំណែក តំហោក ជាកម្រិតនៃសេចក្ដីអាក្រក់ដែលគេឱ្យ តែមិនសូវប្រើប្រាស់ មាននៅក្នុងវេយ្យាករណ៍និងសៀវភៅខ្លះ មានធម្មបាលខៀវ-ជុំ ជាដើម។

៩- បើយោងទៅលើឧទាហរណ៍ខាងលើទាំងប៉ុណ្ណា យើងអាចទាញចេញបានថា៖ ១)ពាក្យផ្ទុយខាងល្អទាំងអស់បង្កើតពាក្យកម្លាយបាន ២)ពាក្យខាងមិនល្អមិនអាចបង្កើតពាក្យកម្លាយបានទាំងអស់ទេ ៣)ពាក្យកម្លាយដែលពាក្យផ្ទុយទាំងពីរអាចបង្កើតមិនសុទ្ធតែស្ដែងន័យផ្ទុយគ្នាឡើង ៤)ពាក្យខាងមិនល្អខ្លះមិនអាចមានលទ្ធភាពបង្កើតពាក្យកម្លាយទេ។

ញ៉.ផល្លី-សុផេន

២៤ សីហា ២០២១

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ