សទិសសព្ទ

សទិសសព្ទ

សទិសសព្ទ

ពាក្យថា សទិសសព្ទនេះ ជាពាក្យ​ដែលយើង​បញ្ញតិ​យក​ន័យ​ទូលាយ ដោយគ្រប​ដណ្ដប់លើ​ពាក្យផ្សេងៗ​ទៀតជាច្រើន​ដូចជា សទិសសូរ សទិសន័យ ជាដើម ប៉ុន្តែយើងមិន​បានយកពាក្យដែល​ពិបាក​នឹងយល់​ចំពោះ​សាមញ្ញជន​នោះទេ គឺយើងប្រើពាក្យ​ដែល​ស្រួល​យល់ជាទូទៅ​មកជំនួយ​ពាក្យដែល​ជាគេប្រើ​សម្រាប់តែអ្នករៀនសូធ្យ។ ដូច្នេះពាក្យថា សទិស​សព្ទ ជាមហាសព្ទ ចំណែក ពាក្យសូរ​ដូចន័យ​ខុស/​សទិសសូរ ពាក្យសូរខុសន័យដូច/សទិសន័យ ពាក្យ​​រលឿ/ពាក្យប្រហែលៗ ពាក្យស៊ីគ្នា/ពាក្យត្រូវគ្នា ជាដើម ជាអនុសព្ទ។ ជាបន្តបន្ទាប់ យើងនឹង​ពន្យល់​លើអនុសព្ទ​នីមួយ​ដើម្បីជាទុន​ក្នុងសិក្សា​ពិចារណា​រកហេតុផល។ ហើយការសិក្សានេះ​នឹង​អាច​បើកផ្លូវឱ្យយើង​រកឃើញនូវទស្សនៈ​ឬ​បញ្ញត្តិ​ថ្មីណាមួយផ្សេង​ទៀតក៏ថាបាន។ ដូច្នេះហើយ សូម​មិត្រ​អ្នកអានកុំ​គិតថា មានអនុសព្ទ​ត្រឹមតែ​បី​-​បួន​​ដូចដែល​យើងបង្ហាញ​ដំបូងឱ្យសោះ។ ចំពោះយើងប្រហែលជាមានច្រើនជាងនេះ។ ប៉ុន្តែយើងមិន​សន្និដ្ឋានភ្លាមៗនោះទេ បើសិនជាមិនមានការស្រាវជ្រាវច្បាស់លាស់ ដូច្នេះយើងនឹង​និយាយនូវអ្វីដែល​យើងដឹង យល់ស្រប នឹងគ្នាហើយ។

ពាក្យសូរខុសន័យដូច ជាពាក្យដែលមានការបញ្ចេញសំឡេងខុសគ្នាទាំងស្រុង ហើយន័យដូចគ្នារួមមួយ តែអាច/មានការប្រើប្រាស់ខុសគ្នា។ ឧទាហរណ៍៖ មើល/ទត ; មើល គេប្រើសម្រាប់រាស្ត្រ ទតគេ​ប្រើ​សម្រាប់​​ស្ដេច។ ពុក/ឳ/ប៉ា/បិតា ; ពុកគេប្រើនៅតាមខេត្តតាមតំបន់អ្នកទន្លេ ឳគេប្រើនៅតាម​ខេត្ត​តាម​តំបន់​ស្រែ ប៉ាគេប្រើនៅជីប្រជុំជន បិតាគេប្រើនៅផ្លូវការឬស្ដេច។ មិត្រភក្តិ/ពួកម៉ាក/គូកន/ក្លើម្រាក ; ជាពាក្យដែលគេប្រើជួសគ្នាបាន ប៉ុន្តែបម្រើបម្រាស់ប្រហែលជាខុសគ្នាខ្លះ។
ពាក្យ​​សូរ​ដូចន័យខុស ជាពាក្យដែលមានការបញ្ចេញដូចគ្នា ប៉ុន្តែសំណេរអាច/មិនដូចគ្នា ហើយន័យ​ខុស​គ្នាដែរ។ ឧទាហរណ៍៖ បិទ/បិត ; បិត ជាពាក្យដែលគេប្រើមានទំនាក់ទំនងនឹងកំាបិត បិទ​គេ​ទាក់​ទង​នឹង​អ្វីដែលដាក់នៅពីលើឬខ្ទប់ ជាដើម។ មាន/មៀន មានជាកិរិយា មៀនជាឈ្មោះផ្លែឈើ។
ពាក្យ​រលឿ ជាពាក្យដែលមានសូរប្រហែលគ្នា ន័យខុសគ្នា ឬសូរខុសគ្នា ន័យប្រហែលគ្នាវិញ។ ឧទាហរណ៍៖ ពោះ/ពស់ ពោះជាផ្នែកមួយនៃកាយ ពស់ជាសត្វល្មួនមួយប្រភេទ។ ទិច/តិច ទិចជាកិរិយានិយាយ​ពី​សកម្មភាពសត្វឃ្មុំ ស្រាំង ជាដើម ទិចអ្វីមួយ, តិច ជាគុណនាមនិយាយពីបំណែបបិរមាណ។ ក្បែរ/ជិត ស្បែកជើង/ទ្រនាប់ជើង។
ពាក្យស៊ីគ្នា ជាពាក្យដែលមានសូរដូចគ្នា សំណេរដូចគ្នា ន័យខុសគ្នា។ ឧទាហរណ៍៖ របត់ ជាពាក្យដែល​សរសេរ​ដូចគ្នា សូរដូចគ្នា តែន័យខុសគ្នា។ រត់ + [-អ៊/ប-] › របត់ រៀនសូធ្យឱ្យមានរបត់មាត់។, [រ-] + បត់ › របត់ កម្ពុជាដើរមកដល់របត់ថ្មីមួយ។ ; បង្ហើយ ‹ [បង៑-] + ហើយ កិ. ខ្ញុំបង្ហើយការងារសិន។, ផើយ + [-អង៑-] › បង្ហើយ ន.ជាផ្នែកខាងលើក្បាលដែលរឹងក្រោយគេ។

ញ៉.ផល្លី សុផេន
១៩ កុម្ភៈ ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ