ពាក្យគូកំណាន់-ពាក្យបញ្ច្រាស(តទី១)
ពាក្យគូកំណាន់-ពាក្យបញ្ច្រាស(តទី១)
ដូចដែលយើងបាននិយាយជាលំនាំសេចក្ដីរួចម្ដងហើយស្ដីអំពីប្រធានបទនេះ ដូច្នេះយើងមិននិយាយម្ដង ទៀតនោះទេ ព្រោះមិនចង់ឱ្យធ្ងន់ក្នុងអត្ថបទនេះ។ ដូច្នេះសូមទៅមើលតាមតំណភ្ជាប់ខាងក្រោមចុះ។ នៅក្នុងចំណុចនេះយើងនឹងលើកយកលក្ខណៈទីមួយក្នុងចំណោមលក្ខណៈទាំងអំបាល្មាននៃពាក្យគូកំណាន់ឬពាក្យបញ្ច្រាស គឺពាក្យដែលមានតម្លៃស្មើគ្នា ដែលមានដូចជា៖ ពុកម៉ែ/ម៉ែពុក តាយាយ/យាយតា មីងពូ/ពូមីង ស្រីប្រុស/ប្រុសស្រី បងប្អូន មេបា មាមីង ឆ្វេងស្ដាំ/ស្ដាំឆ្វេង ខ្ពស់ទាប/ទាបខ្ពស់ សខ្មៅ/ខ្មៅស ចាស់ក្មេងជាដើម។ ក្នុងចំណោមពាក្យខាងលើទាំងអស់ យើងឃើញថា៖ ពាក្យទាំងនេះជាពាក្យដែលមានតម្លៃស្មើគ្នាក្នុងភាសា ហើយស្ថិតនៅក្នុងកន្សោមស្អិតល្មួតមិនអាចនៅដាច់ពីគ្នាបានឡើង ពោលគឺនៅក្នុងសំណេរមិនអាចដកឃ្លាបាននោះទេ។ ព្រោះវត្តមាននៃដំណកឃ្លានៅចន្លោះនៃពាក្យខាងលើត្រូវបាត់ន័យរបស់វា។ តទៅនេះយើងនឹងចាប់ពាក្យជាក្រុមៗសិន :
១.ពាក្យឆ្លាស់គ្នាបានមានពុកម៉ែ/ម៉ែពុក តាយាយ/យាយតា មីងពូ/ពូមីង ស្រីប្រុស/ប្រុសស្រី ឆ្វេងស្ដាំ/ស្ដាំឆ្វេង ខ្ពស់ទាប/ទាបខ្ពស់ សខ្មៅ/ខ្មៅស,
២.ពាក្យមិនអានឆ្លាស់គ្នាបានមានមេបា មាមីង បងប្អូន ចាស់ក្មេង(អាចនៅទី១បានផងទី២បានផង តែដោយទម្លាប់ប្រើចាស់ក្មេងច្រើនជាង យើងសូមដាក់នៅទីនេះសិន។
ពិនិត្យលក្ខណៈនៃក្រុមពាក្យ : ទី១.ឆ្លាស់គ្នាបាន ព្រោះតែពាក្យគូកំណាន់នោះមានតម្លៃស្មើគ្នា ក្នុងគំនិតស្មារតីខ្មែរ គឺមិនគិតពីភេទ ឋានៈ ត្រូវខុសឡើយ។ ចំណែកទី២.មិនអាចឆ្លាស់គ្នាបាន ព្រោះតែពាក្យគូកំណាន់នោះមិនមានតម្លៃស្មើគ្នា ក្នុងគំនិតស្មារតីខ្មែរ គឺអាយុ វ័យ បទពិសោធ។
លក្ខណៈរួមនៃពាក្យទាំងអំបាលខាងលើ : ជាពាក្យពីរផ្ទុយគ្នាហើយចងសម្ព័ន្ធនឹងគ្នាបានជាពាក្យតែមួយដែលមិនស្ដែងឱ្យទៅពាក្យណាមួយក្នុងកន្សោមឡើយ។ ដូចពាក្យពុកម៉ែ មិនស្ដែងឱ្យពុក ហើយក៏មិនស្ដែងឱ្យម៉ែដែរ គឺទាំងពីរ។ ចំណែកមេបា ក៏មិនបានស្ដែង ឱ្យមេ ឬក៏បាដែរ គឺទាំងពីរដូចគ្នា។
ចំពោះពាក្យមេបា មាមីង ហេតុដូចម្ដេចក៏មិនអាចឆ្លាស់គ្នាបាន ព្រោះបើតាមគំនិតខាងលើភេទមិនសំខាន់ទេ ចុះដូចម្ដេចបានជាផ្ទុយទៅវិញ?
ជាទឡ្ហីករណ៍ យើងសូមលើកយកសាច់រៀងមួយមកនិទានសិន ហើយយើងនឹងមើលក្នុងបរិបទនៃសាច់រឿងនោះ។
១.មាមីង : មានប្រពន្ធប្ដីពីរនាក់ តាំងពីរៀបការមក ប្ដីមិនដែលទៅលេងស្រុកកំណើរខ្លួនសោះ គឺនៅតែខាងស្រី។ ថ្ងៃមួយមានមនុស្សមានចិត្តចង់ទៅលេងស្រុក ហើយម្ដាយនិយាយថា៖ បើមកហើយទៅលេងមាមីងផង។ មាមីងទីនេះ គឺសម្ដៅដល់ទៅអ៊ំផង មីងពូផង ដោយសារតែមាសម្ដៅដល់អ៊ំដូច្នេះហើយបានជាថាដូច្នេះ។
*មីងមា ក៏នៅតែថាបាន គ្រាន់តែមិនមានលក្ខណៈធម្មជាតិនៃភាសាប៉ុណ្ណោះ។
២. មេបា : ជាកន្សោមពាក្យបុរាណ រីឯការប្រើប្រាស់នោះទៀតសោតមានក្នុងជីវភាពសាមញ្ញដែរ មានតែក្នុងកិច្ចពិធី ដូច្នេះពាក្យនោះជាពាក្យងាប់។
ពិនិត្យទៅលើថ្នាក់សម្ព័ន្ធ : ដូចដែលយើងបានឃើញបំណកស្រាយជាបន្តបន្ទាប់មកហើយ ហើយក៏បានឃើញពីលក្ខណៈខុសគ្នារួចទៅហើយដែរ។
តទៅនេះ យើងសូមវិភាគលើលក្ខណៈនៃចំណងសម្ព័ន្ធវិញម្ដង។
ពាក្យ : មាមីង បើសិនជាយើងញែកពាក្យ មា និង មីង ចេញពីគ្នា នោះពាក្យ មា គឺពូដែលជាមនុស្សប្រុសមានអាយុតិចជាងពុកម៉ែរបស់យើង។ ចំណែកមីង គឺជាមនុស្សស្រីដែលមានអាយុតិចជាងម៉ែពុកយើង។ ប៉ុន្តែបើសិនជាគិតតាមខ្សែស្រឡាយ ជាមនុស្សដែលប្អូនម៉ែឬពុក។ រីឯមាមីងមិនមែនសំដៅដូចខាងលើនោះទេ គឺសំដៅដល់មនុស្សដែលជាអ៊ំឬជាមីងពូ។
ពាក្យ : បងប្អូន បើសិនជាយើងញែកពាក្យ បង និង ប្អូន ចេញពីគ្នា នោះពាក្យ បង គឺមនុស្សដែលមានអាយុច្រើនជាងយើង។ ចំណែក ប្អូន ជាមនុស្សដែលមានអាយុតិចជាងយើង។ ចំណែកបងប្អូនវិញសំដៅដល់មនុស្សទាំងអស់ដែលជាខ្សែស្រឡាយយើង។
សន្និដ្ឋាន : ដោយយោងទៅលើបំណកស្រាយខាងលើ យើងឃើញថា៖ ពាក្យគូកំណាន់មិនត្រឹមតែបង្ហាញអំពីលក្ខណៈន័យនៃភាសាប៉ុណ្ណោះទេ គឺថែមទាំងបង្ហាញអំពីសារជាតិនៃស្មារតីតម្លៃនៃវប្បធម៌ផងដែរ ពោលគឺវ័យ មិនមែនស្រីប្រុសនោះទេ។
ញ៉.ផល្លី-សុផេន
៨ ធ្នូ ២០២០
Comments
Post a Comment