សម្ព័ន្ធវិទ្យាខ្មែរទូទៅ
សម្ព័ន្ធវិទ្យាខ្មែរទូទៅ
| សម្ព័ន្ធវិទ្យាខ្មែរទូទៅ-សម្ព័ន្ធវិទ្យាខ្មែរ-សម្ព័ន្ធវិទ្យា |
២- តើសម្ព័ន្ធវិទ្យាមានដំណើរការយ៉ាងដូចម្ដេច?
៣- តើសម្ព័ន្ធវិទ្យាជួយអ្វីខ្លះដល់ការយល់ដឹងអំពីភាសា?
៤- បញ្ញាតិពាក្យមួយចំនួនដែលត្រូវដឹង។
៥- ឈ្វេងយល់បន្ថែម។
ជាដំបូងយើងនឹងស្វែងរកចម្លើយនូវពាក្យថា "សម្ព័ន្ធវិទ្យា"
+ វចនានុក្រមខ្មែរ ១៩៥៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១២៩៤ សម្ពន្ធ ឬ សម្ព័ន្ធ ន. ការចង់ភ្ជាប់គ្នា ការតភ្ជាប់គ្នា ; ដំណើរទាក់ទងរកគ្នា : មានសម្ពន្ធនឹងគ្នា មានដំណើរទាក់ទងនឹងគ្នា។ ព.វ. ចំណងបទ ឬចំណងប្រយោគ គឺការចងបទក្នុងសង្កាត់មួយៗ ឬក្នុងប្រយោគមួយៗ ឱ្យដឹងថាបទណាចូលទៅរកបទណា, បទណាជាប្រធាន, ណាជាកិរិយា, ណាជាអំពើជាដើម ; ដូចជា ខ្ញុំ ទៅ ធ្វើ ការ ឯ សាលាស្រុក, សម្ពន្ធថា : ខ្ញុំជាប្រធានរបស់ ទៅ, ទៅជាកិរិយាសព្ទរបស់ ខ្ញុំ, ធ្វើជាកិរិយាសព្ទប្រាប់បំណងរបស់ទៅ, ឯ-សាលាស្រុក ជាអាយតនិបាតប្រាប់ទី(ដែលត្រូវធ្វើការ)។ល។ លើកសម្ពន្ធ លើកបទមួយៗ (ក្នុងប្រយោគ) ឱ្យឃើញដំណើរចូលរកគ្នា។ ខ្មែរប្រើជា កិ. ក៏បាន : កាលណាពិនិត្យសេចក្ដីក្នុងប្រយោគមួយៗ ឱ្យដឹងថាត្រឹមត្រូវ ឬខុសទេ ត្រូវសម្ពន្ធមើលសិនទើបអាចដឹងបាន។ បើយោងតាមសេចក្ដីនេះ យើងឃើញថាពាក្យនីមួយបើមិនទាន់ចូលក្នុងប្រយោគនោះទេ មិនអាចដឹងថ្នាក់ពាក្យ និងមុខងាររបស់វាឡើយ។
+ សៀវភៅវេយ្យាករណ៍ភាសាខ្មែរ ២០១៨ ទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រុមប្រឹក្សាជាតិភាសាខ្មែរ, គណៈកម្មការភាសាវិទ្យា ទំព័រ៧៧ សម្ព័ន្ធវិទ្យា ជាផ្នែកមួយនៃវេយ្យាករណ៌ដែលសិក្សាអំពីក្បួនចងក្រងពាក្យ ដើម្បីបង្កើតបានជាកន្សោមពាក្យឬល្បះ។ បើយោងទៅលើនិយមន័យនិងសេចក្ដីពន្យល់ យើងឃើញថា មិនមានអ្វីខុសប្លែកពីវចនានុក្រមនោះទេ គ្រាន់តែនៅក្នុងសម្ព័ន្ធវិទ្យា គេពន្យល់អំពីល្បះ តែគេមិនពន្យល់អំពីមុខងាររបស់ពាក្យទេ ដោយសារទេគេបានពន្យល់មុខងាររបស់ពាក្យក្នុងប្រភេទពាក្យរួចហើយ។
+ កម្ពុជវេយ្យាករណ៍ ១៩៦២ ខៀវ-ជុំ រោងពុម្ពតារា ទំព័រ៨៣៥ សម្ពន្ធមាលា ឬ វាក្យសម្ពន្ធ ជាពាក្យបាលី សម្ពន្ធមាលា ប្រែសេចក្ដីថា "កំរងនៃចំណងពាក្យ" ; វាក្យសម្ពន្ធ ប្រែសេចក្ដីថា "ការចងពាក្យ" ; ពាក្យទាំងពីរនេះមានន័យប្រហែលៗគ្នា តែលោកយកពាក្យ សម្ពន្ធមាលាមកប្រើ។ សម្ពន្ធមាលា ជាសេក្ដីទាក់ទងនៃពាក្យ ប្រមូលយកពាក្យខុសៗគ្នា មករៀបរៀងចងភ្ជាប់ជាមួយគ្នា លុះត្រាតែកើតទៅជាសេចក្ដី ទៅជារឿង ទៅជាប្រយោគ ល្មមស្ដាប់បាន។ ពាក្យផ្សេងៗ ដែលនាំយកមករៀបចំជាសេចក្ដីនោះ សុទ្ធតែមានសេចក្ដីទាក់ទងគ្នា គឺសេចក្ដីសម្បន្ធចងក្រងជាប់គ្នាទាំងអស់។ នៅក្នុងសៀវភៅនោះមានការវិភាគច្រើននិងលំអិតណាស់ តែយើងមិនយកមកទាំងអស់ទេ គឺគ្រាន់តែច្បិចយកតែផ្នែកសំខាន់ និងទាក់ទងនឹងប្រធានបទយើងប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងសេចក្ដីក្នុងសៀវភៅ គឺលោកពិនិត្យអំពីមុខងារនិងថ្នាក់ពាក្យរបស់ពាក្យក្នុងប្រយោគដូចវចនានុក្រមដែរ គ្រាន់តែលោកលំអិតនិងប្រើប្រាស់ពាក្យផ្សេងពីគេប៉ុណ្ណោះ។
+ សម្ព័ន្ធវិទ្យា ២០១៦ ឯកសារបង្រៀនរបស់ សូរ-មុយឃៀង ទំព័រ៤ សម្ព័ន្ធវិទ្យា ជាវិទ្យាមួយដែលសិក្សាអំពីរចនាសម្ព័ន្ធនិងមុខងារនៅក្នុងល្បះ។ បើយោងតាមសៀវភៅ ដែលលោកបានសំយោគនូវនិយមន័យនានាទាំងខ្មែរនិងបរទេស យើងឃើញថាសម្យរម្យ ដូច្នេះយើងនឹងយកនិយមន័យនេះជាលំអានក្នុងការសិក្សារបស់យើង។ សូមបញ្ជាក់ថា នៅក្នុងសៀវភៅមាននិយាយអំពីប្រវត្តិនៃសម្ព័ន្ធវិទ្យាបន្តិចដែរ។
ចំពោះសម្ព័ន្ធវិទ្យាដែលយើងកំពុងតែសិក្សានេះ គឺយើងនឹងសិក្សាចេញពីចំណងនៃសទ្ទតារហូតដល់កថា។
១- សទ្ទតា+សទ្ទតា => ព្យាង្គ ; ឈា [ឈ + ា]
២- ព្យាង្គ + សទ្ទតា/ព្យាង្គ => ពាក្យ ; ការ [កា + រ], កង្ហារ [កង់ + ហារ]
៣- ពាក្យ + ពាក្យ => កន្សោមពាក្យ ; សប្បាយចិត្ត [សប្បាយ + ចិត្ត]
៤- កន្សោមពាក្យ + ពាក្យ/កន្សោមពាក្យ => ឃ្លា ; សប្បាយចិត្តជាងគេ [សប្បាយចិត្ត + ជាងគេ]
៥- ឃ្លា + កន្សោមពាក្យ/ឃ្លា => ប្រយោគ/ល្បះ ; ពួកគាត់ជាគ្រូបង្រៀននៅសាលារដ្ឋ។ [ពួកគាត់ + ជាគ្រូបង្រៀន នៅសាលា]
៦- ប្រយោគ + ប្រយោគ => កថាខ័ណ្ឌ ; ខ្ញុំទៅផ្សារ។ ហើយបានជួបនឹងមិត្រម្នាក់។ គាត់មកទិញម្ហូបដូចខ្ញុំដែរ។ [ខ្ញុំទៅផ្សា។ + ហើយបានជួបនឹងមិត្រម្នាក់។ + គាត់មកទិញម្ហូបដូចខ្ញុំដែរ។]
៧- កថាខ័ណ្ឌ + កថាខ័ណ្ឌ => កថា ; គឺមួយសាច់រឿងដែលគេចង់និយាយមានដូចជា សុន្ទរកថា, សេចក្ដីអត្ថាធិបាយណាមួយ ដែលចប់សព្វគ្រប់មួយសាច់រឿង។
* សូមកុំច្រឡំនឹងរឿង ដូចជាប្រលោមលោក។ ចំពោះរឿង គឺមានកថាច្រើននៅក្នុងនោះ។
ឯកសារពាក់ព័ន្ធ សម្ពន្ធវិទ្យា
ញ៉.ផល្លី-សុផេន
១០ កក្កដា ២០១២
Comments
Post a Comment