តម្រួត-សម្រាយ-ព្យាង្គតម្រួត-ព្យាង្គរាយ
តម្រួត-សម្រាយ-ព្យាង្គតម្រួត-ព្យាង្គរាយ
បញ្ហាសំណេរខ្មែរស្ដីអំពីសម្រាយ-តម្រួត
ដូចដែលយើងបានដឹងរួចមកហើយថា មានទស្សនៈពីរដែលធ្វើឱ្យសំណេរខ្មែរមិនមានឯកភាពគ្នា ដោយទស្សនៈយល់ថាជាទស្សនៈត្រូវ ហើយទស្សនៈមួយទៀតក៏យល់ថាត្រូវដែរនោះ ហើយក៏បានប្រកាន់មាំយកតែឈ្នះដៃ។ ទស្សនៈទាំងពីរនោះ គឺគោលការណ៍អាស្រ័យឫស និងគោលការណ៍អាស្រ័យផ្នត់។
ចំពោះការប្រើប្រាស់ពាក្យវិញ ក៏មានភាពដោយឡែកពីគ្នាដែរ គឺព្យាង្គតំរួត តម្រួតព្យាង្គ ព្យាង្គរាយ រាយព្យាង្គ ជាដើម។ នៅក្នុងបញ្ហានេះ យើងសូមប្រើពាក្យព្យាង្គតម្រួត ព្យាង្គរាយ សិន ព្រោះជាតម្លាប់ដែលគេប្រើយូរហើយ ហើយក៏មានគេប្រើច្រើនមកហើយដែរ ទោះបិជាយើងប្រើពាក្យខាងលើក៏ដោយក៏យើងមិនទាន់ពេញចិត្តនឹងបញ្ញត្តនេះដែរ តែដោយសារមិនចង់បង្កើតពាក្យថ្មីដើម្បីពន្យល់រឿងតែមួយដូរគ្នា យើងក៏សម្រេចចិត្តប្រើដូច្នេះសិនទៅ។ មូលហេតុ គឺពាក្យព្យាង្គត្រូវតែមាន ព្យញ្ជនៈស្រៈ ទើបហៅថាព្យាង្គបាន ប៉ុន្តែបើយើងមើលទៅលើសំណេរខ្មែរ គឺព្យញ្ជនៈលើព្យញ្ជនៈមួយទៀត ដូច្នេះគួរណាស់តែថា តម្រួតព្យញ្ជនៈ៉/ព្យញ្ជនៈតម្រួត រាយព្យញ្ជនៈ/ព្យញ្ជនៈរាយ។
ដោយមើលឃើញថា វិវាទនេះនៅតែមានជាបន្តបន្ទាប់មិនដាច់ យើងក៏ធ្វើការសិក្សាស្រាវជ្រាវមើលទៅលើទស្សនៈទំាងពីរខាងលើ ស្រាប់តែសំយោគបានយ៉ាងដូច្នេះថា៖ ១. ពាក្យដែលខ្ចីមកស្រាប់់ពីសំស្ក្រឹត បាឡី រក្សាតាមទម្រង់ដើម ដើម្បីរក្សានិរុត្តិសព្ទ (សំយោគ ជាដើម)។ ២. ពាក្យដែលគេបង្កើតដោយវិធីកម្លាយ (សម្រាប់ ‹ ស្រាប់ + -អម៑-)។ នៅក្នុងអត្ថបទនេះ យើងនឹងសិក្សាអំពីករណីទីរ២។
ផ្នត់ដើម
- ទម្រង់ [ព-] + ឫស › ព្យាង្គតម្រួតទាំងអស់ ដោយសារតែពាក្យឫសទាំងអស់មានទម្រង់ ពស(ព)
- ក៑- + បាំង › ក្បាំង, ច៑- + បង › ច្បង។
- ទម្រង់ [ពស-] + ឫស › ព្យាង្គរាយទាំងអស់ ទោះបីពាក្យឫសនៅក្នុងទម្រង់ណាក៏ដោយ
- ក + កាយ › កកាយ, ប៉ + ប្រិយ › ប៉ប្រិយ។
- ទម្រង់ [ពសព-] + ឫសជា
- [ពសព-] + ឫស[ពស(ព)] › ព្យាង្គតម្រួត
- បង៑ + កក › បង្កក, បញ៑ + ចេញ › បញ្ចេញ។
- ក្នុងករណីពាក្យឫសដែលផ្ដើមដោយ ប ផ ព ភ ម មិនមានការតម្រួតទេ ព្រោះមិនមានទម្លាប់ តែបើសិនជាយើងយកជាគោលការបាន ព្រោះមានពាក្យជាច្រើនដែលសរសេរតម្រួតដូចជា សម្បូរ ជាដើម។ ប៉ុន្តែពាក្យដែលកើតចេញពីផ្នត់ទម្រង់នេះ គេមិនទម្លាប់សរសេរ បាក់ › បំបាក់, ភ័យ › បំភ័យ។
- [ពសព-] + ឫស[ពពស(ព)] › ព្យាង្គរាយ (មានតែករណី [ពសម៑]មួយប៉ុណ្ណោះ)
- បម៑ + ភ្លឺ › បំភ្លឺ, បម៑ + ភ្លើស › បំភ្លើស។ ដោយសារតែម៑កាលណានៅខាងមុខជាស្រៈខ្លីត្រូវតែដូរជា/ំ/ជាស្វ័យប្រវត្ត។
- ទម្រង់ [ពពស-] + ឫស › ព្យាង្គរាយទាំងអស់ ទោះបីពាក្យឫសនៅក្នុងទម្រង់ណាក៏ដោយ
- ប្រ- + ដេញ › ប្រដេញ, ត្រ- + កង › ត្រកង។
ផ្នត់ជែក
- ទម្រង់ [-ព-] + ឫស › ព្យាង្គតម្រួតទាំងអស់ ដោយសារតែពាក្យឫសទាំងអស់មានទម្រង់ ពស(ព)
- [-ន៑-] + បែក › ផ្នែក, [-ម៑-] + ជួញ › ឈ្មួញ។ ចំពោះ ពាក្យដែលមានភាពប្លែក ដូចជា [-ម៑-] + បាញ់ › ប្មាញ់ › ប្រមាញ់ (ដែលប្រមាញ់ ជាលទ្ធផលបានពីការសម្រួលសូរដោយបន្ថែមសទ្ទតារ៑ចូល)។
- ទម្រង់ [-សព៑-] + ឫស[ពពស(ព)] › ព្យាង្គតម្រួតទាំងអស់
- [-អម៑-] + ត្រូវ › តម្រូវ, [-អណ៑-] + ស្ដាប់ › សណ្ដាប់។
- ទម្រង់ [-សព/ន,ណ] + ឫស[ពស(ព)] › ព្យាង្គរាយទាំងអស់
- [-អម៑/ណ-] + ដើរ › ដំណើរ, [-អម៑/ន-] + ជួស › ជំនួស។
ពិចារណា
ចំពោះពាក្យ សំណើរ (‹ ស្នើ + -អម៑- ឬ ‹ សើ + -អម៑/ណ-)? ចំពោះករណីនេះ ត្រូវពឹងទាំងស្រុងទៅលើន័យ។ ដោយឡែក ពាក្យ របាំ ‹ រាំ + [-ប៑-] តែបានជាព្យាង្គរាយទៅវិញ? មួយវិញទៀត ទំហំ ‹ [-អម៑-] + ធំ ហេតុអ្វីក៏មិនសរសេរជា ទង្ហំ? ចំពោះករណីដូចនេះក៏មិនខុសពីពាក្យប្រមាញ់ដែរ គឺត្រូវតែពន្យល់តាមបែបសូរវិទ្យាទើបបាន មិនអាចពន្យល់ករណីផ្សេងបានទេ។
យើងនឹងពិភាក្សានៅពេលក្រោយចំពោះករណីទាំងពីរខាងលើ។
ញ៉.ផល្លី សុផេន
២៤ ធ្នូ ២០១៩

Comments
Post a Comment