វត្តមានភាព-អវិត្តមានភាព នៃកម្មបទក្នុងប្រយោគ
វត្តមានភាព-អវិត្តមានភាព នៃកម្មបទក្នុងប្រយោគ
![]() |
| វត្តមានភាព-អវត្តមានភាព_នៃកម្មបទ_ក្នុងប្រយោគ_សម្ព័ន្ធវិទ្យា |
១- តើវាស្ដែងលក្ខណៈន័យយ៉ាងដូចម្ដេចខ្លះ?
២- ជាដំបូង យើងត្រូវស្គាល់អ្វីជាប្រយោគសិន។ ហើយក្នុងទីនេះយើងលើកយកតែប្រយោគធម្មតាប៉ុណ្ណោះ។
ក/ ប្រយោគ : ប្រធាន + កិរិយា + កម្មបទ។
ខ/ ឧទាហរណ៍ : គាត់ហូបបាយ។
គ/ បញ្ចែក : [(ប្រធាន-គាត់)(កិរិយា-ហូប)(កម្មបទ-បាយ)]
ឃ/ កិរិយា : កិរិយាត្រូវការកម្មបទ និងកិរិយាមិនត្រូវការកម្មបទ។ ឧ. [កិ.ត្រូវការកម្មបទ : (ខ្ញុំ)(លេង)(បាល់)។] [កិ.មិនត្រូវការកម្មបទ : (គាត់)(សើច)(សប្បាយ)។]
ង/ កម្មបទ : មានកម្មបទផ្ទាល់ និងកម្មបទមិនផ្ទាល់។ ឧ. ខ្ញុំបើកទ្វារ។ [ទ្វារ ជាកម្មបទផ្ទាល់]។ វានិយាយនឹងខ្ញុំ។ [ខ្ញុំ ជាកម្មបទមិនផ្ទាល់ ដែលមាន នឹងជាឈ្នាប់]។
ច/ លក្ខណៈនៃប្រយោគ ; ១) ប្រធាន + កិរិយា + កម្មបទ ; ឆ្កែខាំឆ្មា។ ២) កម្មបទ + ប្រធាន + កិរិយា ; ឆ្មា ឆ្កែខាំ។ ចំពោះលក្ខណៈនៃប្រយោគទាំងពីរនេះ យើងមិនចាត់ទុកថាជាប្រយោគកត្តុឬប្រយោគកម្មឡើយ គឺជាប្រយោគតែមួយ គ្រាន់តែមានលក្ខណៈទម្រង់ខុសគ្នាប៉ុណ្ណោះ ដោយអាស្រ័យលើការបង្ហាញរបស់អ្នកនិយាយឬអ្នកសរសេរប៉ុណ្ណោះ។ ដូច្នេះ ក្នុងការវិភាគរបស់យើងនៅខាងក្រោយគឺមានទំនាក់ទំនងនឹងទម្រង់នៃប្រយោគទាំងពីរនេះ។ និយាយឱ្យខ្លី ឱ្យតែមានរំលេចនូវកម្មបទ ទោះបីជាក្នុងទម្រងណាក៏ដោយក៏យើងចាត់ទុកថាជាប្រយោគមានកម្មបទ។
៣- បរិការណ៌១ ; នៅក្នុងគ្រួសារមួយ មានកូនចៅច្រើនគ្នា ហើយពួកគេស្និទស្នាលនឹងគ្នាណាស់។ ថ្ងៃមួយ មានអ៊ំស្រីមកលេង ហើយក៏បបួលក្មួយម្នាក់ទៅលេងនឹងគាត់។ ម្ដាយរបស់ក្មេងស្រីនិយាយថា យកវាទៅវធ្វើអ្វី (ក)វាស៊ីច្រើនណាស់។ អ៊ំស្រីថា មិនអីទេ។
បរិការណ៍២ ; មានមិត្រភក្តិ៣នាក់រស់នៅនឹងគ្នា ហើយថ្ងៃនេះពួកគេមានម្ហូបឆ្ងាញ់ហើយជាម្ហូបដែលមិត្រម្នាក់ក្នុងចំណោម៣នាក់ចូលចិត្ត។ ពេលនោះមិត្រម្នាក់ដល់វេនត្រូវដាំបាយ មិត្រម្នាក់ទៀតថា មិត្រឯងដាំបាយឱ្យច្រើនទៅថ្ងៃនេះ ព្រោះមិត្រយើងម្នាក់ទៀត (ខ)វាស៊ីបាយច្រើនណាស់ ឱ្យតែបានម្ហូបហ្នឹង។
(ក) វាស៊ីច្រើនណាស់។ ជាប្រយោគដែលគ្មានកម្មបទនៅជាប់នឹងកិរិយា(ស៊ី)ឡើយ។ ហើយបើយោងទៅលើកបរិការណ៍១ក៏មិនឃើញថាអ្វីដែលត្រូវឱ្យវាស៊ីដែរ ដូច្នេះរបស់ដែលត្រូវស៊ី គឺជារបស់ទូទៅឱ្យតែស៊ីកើត មានបាយសម្ល នំចំណី បន្លែផ្លែឈើជាដើម។ ដូច្នេះកម្មបទរបស់កិរិយាស៊ីជាកម្មបទក្នុងករណីអាច គឺអាចនេះ អាចនោះ អាចទាំងអស់ឱ្យតែរបស់ស៊ី។ រីឯ (ខ) វាស៊ីបាយច្រើនណាស់។ ជាប្រយោគដែលមានកម្មប(បាយ)នៅជាប់នឹងកិរិយា(ស៊ី)។ ហើយបើយោងទៅលើបរិការណ៍២ យើងឃើញថាភាពប្រាកដនៃរបស់ដែលវាស៊ី គឺបាយ ដែលបាយជារបស់ដែលស៊ីច្រើន ចំណែកម្ហូបយើងមិនដឹងថាស៊ីច្រើនដែរឬក៏អត់ទេ ដោយគ្រាន់តែចូលចិត្តប៉ុណ្ណោះ។
ដូច្នេះ បើយោងទៅលើសេចក្ដីខាងលើ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា ១) ប្រយោគដែលអវត្តមានកម្មបទ ជាប្រយោគដែលបង្ហាញករណីអាចនៃកិរិយា។ ២) ប្រយោគដែលមានវត្តមានកម្មបទ ជាប្រយោគដែលបង្ហាករណីច្បាស់លាស់នៃកិរិយា។
ញ៉.ផល្លី-សុផេន
១១ កក្កដា ២០២១

Comments
Post a Comment