ទំនាញសូរ

ទំនាញសូរ

ភាពចម្រូងចម្រាស់នៃទស្សនៈ
៙ តើអ្វីទៅជាលក្ខណៈភាសាខ្មែរពិតប្រាកដ?
តើភាសាខ្មែរពិតជាមានទំនាញសូរមែនទេ?
តើភាសាខ្មែរពិតជាគ្មានទំនាញសូរមែនទេ?

៙ ចំពោះចម្លើយលើសំណួរខាងលើទាំងពីរពិតជាពិបាកឆ្លើយណាស់ ហើយយើងក៏មិនហ៊ានសម្រេចថា ភាសាខ្មែរមានឬគ្មានទំនាញសូរដែរ។ ប៉ុន្តែ យើងនឹងបង្ហាញពីភាពពិតតាមលក្ខណៈភាសាវិទ្យា ដើម្បីជូនលោកអ្នកពិនិត្យមើល ហើយត្រិះរិះពិចារណា សម្រេចចិត្តយកមួយ ដោយខ្លួនឯង។

៙ មុននឹងធ្វើការពិចារណាលើទំនាញសូរ/មិនទំនាញសូរ យើងត្រូវតែបែងចែងលើទិដ្ឋភាពពីរជាមុនសិន នោះ គឺសូរវិទ្យា អក្សរ(ការសរសេរ)។

៙ សូរវិទ្យា គ្មានសូរណាទាញសូរណាទេ មានតែលំឱនសូរ បានសេចក្តីថា បើសិនជាសំឡេងព្យញ្ជនៈណាប៉ះមិនព្យញ្ជនៈណាមួយផ្សេងទៀតវាគ្មានការប្រែប្រួលសូរទេ គ្រាន់តែឱនទៅរកគ្នាដើម្បីឲ្យស្រួលមាត់ប៉ុណ្ណោះ ហើយស្របើសិនជាវាផ្សំនឹងស្រៈណាមួយ ស្រៈនោះជាអ្នកនាំឲ្យកើតបានជាព្យាង្គឬពាក្យ។
  •  សូរព្យញ្ជនៈខ្មែរ កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ/យ៉រ៉ល៉វ៉ សហឡអ/ស៊ហ៊ឡ៊អ៊ ប៊ ចំពោះសំឡេង គឺ [k kh ŋ] [c ch ɲ] [ɗ th n] [t th n] [ɓ,p ph m] [j r l β̝ ] [s h l ʔ] បើសិនជាយើងផ្សំគ្នា រវាង /ក,គ/ នឹង /រ/ ហើយផ្សំនឹង/ា/ យើងនឹងទទួលបាន ក្រា គ្រា តើសញ្ញា(ស្រៈ)/ា/ទាញដោយ/ក ឬ រ/ /គ ឬ រ/ ឬក៏សញ្ញានោះមានសំឡេងពីរប្រព័ន្ធសំណេរខ្មែរ។
  • ចំពោះសូរវិទ្យា គេមិនគិតលើប្រព័ន្ធសំណេរនៅក្នុងភាសាណាមួយទេ ដូច្នេះចម្លើយ គឺគ្មានមួយណាទាញមួយណាទេ ​បើសិនជាចង់បាន ក្រា[kra] យកសូរ ក៑[k] រ៑[r] អា[a] ប៉ុន្តែបាចង់បាន គ្រា[kriɜ] យកសូរ ក៑[k] រ៑[r] អ៊ា[] នោះគេនឹបានសូរដូចដែលគេចង់បាន។ បើយោងទៅលើតារាងសំណេរអក្សរអន្តរជាតិ ក៑/គ៑[k] រ៑[r] មិនមានអ្វីប្រែប្រួលទេ អ្វីដែលប្រែប្រួលគឺ  ា ទៅវិញ។
  • ដូច្នេះ យើងអាចសន្និដ្ឋានបានថា សូរភាសាខ្មែរគ្មានទំនាញសូរទេ។
៙ ប្រព័ន្ធសំណេរខ្មែរ បានបែងចែងជាមូលភេទ អ/អ៊(យើងប្រើពាក្យមូលភេទ យើងមិនប្រើពាក្យក្រុម ឬក៏ឃោសៈអឃោសៈទេ) កខ ចឆ ដឋណ តថ បភ សហឡអ ជាមូលភេទអ។ ចំណែក គឃង ជឈញ ឌឍ ទធន ពភម យរលវ ជាមូលភេទអ៊។ ចំពោះព្យញ្ជនៈដែលមានតែមួយមូលភេទ គេបន្ថែមសញ្ញា(វណ្ណយុត្តិ) ពីរទៀត ដើម្បីឲ្យគ្រប់គូគ្នា។ វណ្ណយុត្តិធ្មេញកណ្ដុរ(  ៉ ) ដូរពីមូលភេទអ៊ទៅជាមូលភេទអ ង > ង៉ ញ > ញ៉ ម > ម៉ យ > យ៉ រ > រ៉ វ > វ៉​ ។ វណ្ណយុត្តិត្រីសព្ទ(  ៊ ) ដូរពីមូលភេទអទៅជាមូលភេទអ៊ ប > ប៊ ស > ស៊ ហ > ហ៊ អ > អ៊ ។ ដោយឡែកព្យញ្ជនៈ ប អាចទទួលបានទាំងពីរវណ្ណយុត្តិ ប៉ុន្តែតួបើទទួលធ្មេញកណ្តុរមិនដូរមូលភេទទេ ដូរសំឡេងវិញតែម្ដង។ សញ្ញាស្រៈ  មានការបែងចែកមូលភេទជាសូរទៅវិញ មិនបានបែងចែកសូរជារូបដូចព្យញ្ជនៈនោះទេ ពោលគឺរូបមួយមានសូរពីរ។ បើសិនជាយើងចង់បានសូរ កា យើងយកសូរ/ក៑/ជាមូលភេទអ និង/ា/ជាមូលភេទអ ដូចគ្នាមកផ្សំ។ ហើយបើសិនជាយើងចង់បានសូរ គា យើងយកសូរ/គ៑/ជាមូលភេទអ៊ និង/ា/ជាមូលភេទអ៊ ដូចគ្នាមកផ្សំ។ សូមបញ្ចាក់ មិនមែន គ៑ ទាញ/អា/ជា/អ៊ា/នោះទេ គឺគេយកសូរ/អ៊ា/ជាមូលភេទអ៊ក្នុងរូប/ា/។ ចំពោះ សញ្ញាស្រៈខ្លះដូច ួ ឿ  ៀ ក៏មានសូរពីរមូលភេទដែរ គ្រាន់តែមានសូរដូចគ្នា។ យើងយោងទៅតាមការបកស្រាយខាងលើប៉ុណ្ណោះ យើងអាចសន្និដ្ឋានបានថា ប្រព័ន្ធសំណេរខ្មែរក៏គ្មានទំនាញសូរដែរ។ ប៉ុន្តែ បើសិនជាយើងមើលទៅលើពាក្យដែលមានការផ្សំគ្នារវាងមូលភេទអ/អ៊ យើងឃើញថាសូរស្រៈមានការប្រែប្រួល ហើយឃើញថាភាគច្រើនប្រែប្រួលទៅតាមព្យញ្ជនៈដែលជាមូលភេទអ មិនត្រឹមតែប៉ុណ្ណោះទេ យើងឃើញថាជាប្រព័ន្ធទៀត។ តើនោះជាអ្វី? តើនោះមិនមែនជាទំនាញសូរឬទេអ្វី?

សាកល្បងរកចម្លើយ៖
ករណីដែលមានការប្រែប្រួសសូរស្រៈមានតែការផ្សំគ្នារវាងមូលភេទអនឹងមូលភេទអ៊ដែលជាព្យញ្ជនៈ ង ញ ន ម យ រ ល វ ប៉ុណ្ណោះ។ ករណី ហ យើងនឹងពិនិត្យមើលនៅពេលក្រោយ។
ពាក្យ
ខ្ជិល ឃ្លាន ខ្លាច ការិយាល័យ បង្វិល/ពង្វិល វត្តមាន បរិលោក បរិវេណ ពិចារណា ប្រាជ្ញា ឆវី ចន្ទ្រា ម្ង៉ៃ ម្យ៉ាង ម្ល៉េះ បើសិនជាយើងមើលលើពាក្យដែលយើងលើកយកមកបង្ហាញ យើងឃើញថា តើស្រៈទៅទាញដោយព្យញ្ជនៈឬស្រៈខ្លួនឯង ឬក៏ជាអញ្ញត្រសព្ទ(ករណីលើកលែង) បើសិនមែនហេតុអ្វីក៏មានច្រើនម្ល៉េះ?  ឥឡូវ យើងសូមលើកយកពាក្យពីរមកពិចារណា៖

  • ប្រាជ្ញា /ប្រាច ញ៉ា/ មានជាព្យញ្ជនៈដែលខ្លាំង ហេតុអ្វីមិនអានថា ញា?
  • ឆវី /ឆ វី/ មិនមានព្យញ្ជនៈខ្លាំងណាមួយដែលខ្លាំងនៅកណ្ដាលទេ ហេតុអ្វីមិនអានថា វ៉ី?
  • ចន្ទ្រា /ច័ន ទ្រា/ ម្ដេចក៏មិនអាចថា ច័ន ទៈរ៉ា ឬ ច័ន ត្រា ?

ដោយឡែក ព្យញ្ជនៈរឹតតែមានភាពចម្រូងចម្រាស់ទៅទៀត បង្ហាញ វិហារ គេហដ្ឋាន ប្រហិត ទាហាន ម្ដេញក៏ម្ដងជាមូលភេទអ ម្ដងជាមូលភេទអ៊៊។

៙ វចនានុក្រម ពេលខ្លះបង្គាប់ឲ្យអានតាមទម្រង់មួយច្បាស់លាស់ ប៉ុន្តែពេលខ្លះក៏បង្គាប់ឲ្យអានផ្សេងទៅវិញ។

៙ ពិចារណា ចំពោះទស្សនៈទំនាញសូរក្នុងទម្រង់ផ្សេងវិញម្ដង ដោយគេសួរសំណួរថា រស់/ស្រស់ ដោយគេសួរថា មូលភេទអ៊ក្នុងព្យញ្ជនៈ/រ/ ហេតុអ្វីក៏ដូរជាមូលភេទអទៅវិញ តើនេះមិនមែនជាអ្នកទាញទេឬអ្វី? រាប់/ប្រាប់ ក៏ស្ថិតក្នុងករណីដូចរស់/ស្រស់ដែរ។

៙ ជាចុងក្រោយ យើងអាចសន្និដ្ឋានបានជាច្បាប់ទំនាញសូរមិនមែនជាទំនាញសូរទេ គឺជាទំនាញមូលភេទអ/អ៊ក្នុងសំណេរនៃអក្សរ មិនមែនសូរទេ។

ក្រោយពីយើងបានសិក្សាតាមសូរវិទ្យា និងប្រព័ន្ធសំណេរខាងលើហើយ យើងទាញបានដូចតទៅ៖
ព្យញ្ជនៈខ្លាំង កខគឃ ចឆជឈ ដឋឌឍ តថទធ បផពភ សហអ។ ព្យញ្ជនៈខ្សោយ ង ញ ន ម យ រ ល វ ។ ព្យញ្ជនៈដែលមានភាពចម្រូងចម្រាស់ ណ ហ ឡ។ ព្យញ្ជនៈខ្សោយជាព្យញ្ជនៈដែលនៅក្នុងមូលភេទអ៊ ដូច្នេះបើសិនជាផ្សំនឹងព្យញ្ជនៈដែលស្ថិតនៅក្នុងមូលភេទអ វាដូរទៅតាមជាមូលភេទអដែរ ដោយមិនប្រើវណ្ណយុត្តិដើម្បីដូរ។ សូមបញ្ជាក់ម្ដងទៀត៖ ជាប្រព័ន្ធសំណេរ មិនមែនជាទំនាញសូរទេ បើចងពន្យល់បាតុភូតដូចខាងលើ គួរតែប្រើទំនាញព្យញ្ជនៈ

ញ៉.ផល្លី សុផេន
១៨ វិច្ឆិកា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ