ពី-បី-អ្វី-អំពី
ពី-បី-អ្វី-អំពី
![]() |
| ពី-បី-អ្វី-អំពី |
- តែទោះបីជាយ៉ាងណាក៏ដោយក៏យើងនៅតែឃើញថាមិនទាន់មានការសិក្សាលំអិតលើពាក្យដែលទាក់ទងនឹងបីដែរ ដូចជា៖គាប្បី/គប្បី សូម្បី បីដូចជា ...។
- មុននឹងសិក្សារកថ្មី យើងសូមរាវរកនូវការសិក្សាមុនជាមុនសិន។
+ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៥៧៣ -បី ជា ប.សំ. ចំនួន៣, ជា កិ. បីកូន, ជា និ. បីដូច ... យើងនឹងវិភាគបន្តអំពីពាក្យដែលផ្សំនឹងបី។ ទំព័រ៧៦១ -ពី ជា និ.; អា.និ. អំពី; ខាង, ឯ : មកពីណា? ...។ ទំព័រ១៨៥១ -អំពី អា.និ. ពី; ឯ, ខាង : អំពីអ្វី?, អំពីខ្ញុំ; ភ័យអំពីមរណៈ។ ព.ផ្ទ. ចាក។ ទំព័រ១៨៥៦ -អ្វី និ. ឬ សព្វ. ដូចម្ដេច? (ព.សា. អី) ; មានការអ្វី?។ នីមួយ, ណាមួយ, តិចតួច : ខ្ញុំមកដៃទទេ ឥតបានអ្វីមកផ្ញើអ្នកទេ។ ការអ្វីៗ ការនីមួយ៊។ល។
បើសិនជាយើងយោងទៅលើអំណោយន័យរបស់វចនានុក្រម យើងឃើញថាបីដែលផ្សំនឹងពាក្យផ្សេងៗមាន បីដូច ហាក់បី ជាដើម ដែលជានិបាតត្រូវមើលពាក្យនីមួយៗតែម្ដង ប៉ុន្តែមិនបាននិយាយតែបីដោយឡែកនោះទេ។ ចំណែកពី-អំពីយើងឃើញថាមានលក្ខណៈដូចគ្នាបើសិនជាគិតលើថ្នាក់ពាក្យជាអា.និ. តែពីមានថ្នាក់ពាក្យជានិ.ដែលលើសនឹងអំពី ដូច្នេះយើងអាចនិយាយបានថា ពី ជាពាក្យខ្លីមកពី អំពី។
+ ពៅ សៅវរស វចនានុក្រមភាសាខ្មែរសម័យកណ្ដាល ២០១៧ សាស្ត្រា - aṃbῑ, bῑ : ( < qvῑy ) A partir de, depuis, à propos.
+ ពៅ សៅវរស វចនានុក្រមខ្មែរចាស់-បារាំង-អង្គ្លេស aṃvi, aṃvῑ : 1. Relatife à un événement, au sujet de. Depuis, de, à partir de. ; Related to a fact. About, from (time or space). [...] 3. < avi(q.v.). Md. aṃbῑ /əmpii/. pi(1) 1. Part. gram. marquant une action à venir: et, puis, afin de, pour. A marker of coming actions: and, then, in order to. [...] 3. My. et Md. pi/bey/, ayant denné beaucoup de locutions exprimant toujours une action à venir.
+ ពៅ សៅវរស A lexicon of Khmer morphology -ពី bῑ /pii/. 1. from, out of , of ; sine. 2. in (past time, e.g. childhood, the beginning), at (daybreak). 3. in someone's name, on behalf of, for. 4. of, about, concerning. `aṃbῑ /qampii/ [OK `aṃvi ... 1. from, out of; sine. 2. of, on, about, concerning.
ចំពោះស្នាដៃអ្នកគ្រូពៅសៅវរស ក៏មិនមានអ្វីខុសពីវចនានុក្រមដែរ ដោយគ្រាន់តែលើសនូវប្រភពពាក្យ និងពាក្យកម្លាយប៉ប៉ុណ្ណោះ។ ដូចយ៉ាង អំពី > អ្វី (ដោយប្រើផ្នត់ ជែក|អម៑| ហើយនឹងការវិវត្តព្យញ្ជនៈវទៅជាព)
+ ន័យសព្វថ្ងៃ អំពី-ពី
- អំពី-ពី ដូចគ្នាអ្វី ខុសគ្នាអ្វី?
ជាដំបូង យើងនៅតែយល់ស្របនឹងអំណោយន័យទាំងអស់ខាងលើយ។ ហើយអត្ថបទនេះ យើងចង់រកមើលអំពីលក្ខណៈផ្សេងគ្នាដើម្បីឆ្លើយតបនឹងសំណួរខាងលើនេះដែរ។
- វិភាគ៖
ក. បរិបទ ; មានកូនម្នាក់កាន់លុយ១០០ដូល្លារ ហើយម្ដាយឃើញក៏សួរ ១)កូនឯងបានលុយហ្នឹងពីណាមក? បើយោងទៅលើសេចរឿងនេះ ពីមិនអាចជំនួសដោយអំពីបានទេ។
ខ. បរិបទ ; ពុកប្រើកូនដែលជាកូនខ្ជិលធ្វើអ្វីៗមិនជាការពេញចិត្តចំពោះពុកសោះ។ ហើយម្ដងណាក៏ដូចម្ដងណាដែរ ២)គឺធ្វើឱ្យរួចតែពីដៃជើង។ ចំពោះបរិបទនេះក៏យើងមិនអាចជំនួសពីដោយអំពីបានដែរ។
គ. បរិបទ ; មានមិត្រភក្តិពីរនាក់ ម្នាក់និយាយា តែនិយាយមិនសូវច្បាស់ ហើយពន្យល់ក៏មិនសូវជាក្បោះក្បាយដែរ។ មិត្រម្នាក់ទៀតដែលស្ដាប់មិនសូវយល់ក៏សួរបែបលេងថា ៣)ឯងចង់និយាយពីអ្វី? ចំពោះបរិបទនេះយើងអាចជំនួសដោយអំពីបាន ៤)ឯងចង់និយាយអំពីអ្វី?
ឃ. បរិបទ ; ទូរទស្សន៍មួយ មានអ្នកនៅក្នុងស្ថានីយ៍ម្នាក់និងអ្នកនៅកន្លែងកើតហេតុផ្ទាល់នៅខាងក្រៅស្ថានីយ៍ឯខេត្តសៀមរាម។ អ្នកនៅខេត្តសៀមរាបបានរាយការណ៍ចប់ ហើយក៏ប្រាប់ប្រភពដែលគាត់បាននិយាយ ៥){សេចក្ដីរាយការណ៍ ... ខ្ញុំសីហា ពីខេត្តសៀមរាប}។ ចំពោះបរិបទនេះ យើងមិនអាចជំនួសពាក្យអំពីបានឡើយ។ ប៉ុន្តែបើសិនជាក្នុងបរិបទ(ង.)
ង. បរិបទ ; កម្មវិធីទូរទស្សន៍មួយ ៦)គេមានកម្មវិធីដែលនិយាយអំពីខេត្តនីមួយៗ ដែលខេត្តនីមួយៗនោះមានហេតុអ្វីខ្លះ។ បើនៅក្នុងបរិបទនេះពាក្យអំពីអាចជំនួសដោយពីបាន។
សន្និដ្ឋាន១ ៖ បើយោងទៅលើលក្ខណៈនៃសម្ព័ន្ធ និងន័យដែលស្ដែងចេញ យើងឃើញថា ១)ពីជាពាក្យដែលប្រាប់នូវប្រភព និង២)លក្ខណៈដែលគេនិយាយ ចំណែកឯ៣)អំពីប្រាប់តែលក្ខណៈដែលគេនិយាយប៉ុណ្ណោះ មិនអាចប្រាប់ពីប្រភពបានឡើយ។
+ ន័យសព្វថ្ងៃ អ្វី
- តើអ្វីពិតជាព្រភពនៃពាក្យអំពីមែនឬយ៉ាងណា ហើយមានទំនាក់ទំនងយ៉ាងម៉េចដែរ?
១) តើអ្នកឈ្មោះអ្វី?
២) តើអ្នកកំពុងធ្វើអ្វី?
៣) អ្វីខ្លះដែលអ្នកមិនចូលចិត្ត?
៤) គ្មានអ្វីដែលថាយើងធ្វើមិនបានទេ។
៥) មានការអ្វី?
- បើយោងតាមឧទាហរណ៍ខាងលើ យើងឃើញថាគ្រប់ប្រយោគសុទ្ធតែសួរឬបញ្ជាក់អំពីឈ្មោះឬនាម។ ហើយឈ្មោះឬនាម គឺជាពាក្យដែលក្ដោបយកនូវលក្ខណៈនៃអ្វីមួយឬក៏ក្ដោបនូវលក្ខណៈន័យ។
- បើយោងទៅលើសន្និដ្ឋាន១ វាឆ្លើយតបនឹងលក្ខណៈន័យរបស់អ្វី។
- អ្វី + |-អម៑-| > អំវី > អំពី (វ ផ្លាស់ជា ព)។
សន្និដ្ឋាន២ ៖ បើយោងទៅតាមសេចក្ដីខាងលើ យើងយល់ថា អ្វីនិងអំពី ពិតជាមានទំនាក់ទំនងផ្នែកន័យ ហើយឆ្លើយតបនឹងវិធីកម្លាយ។
+ ន័យសព្វថ្ងៃ បី(ដែលផ្សំនឹងពាក្យនានាន)
- ដោយសារបីផ្សំនឹងពាក្យនានាមានច្រើន ដែលត្រូវមានការសិក្សាមួយច្បាស់លាស់ដោយវិភាពគ្រប់ពាក្យដែលវាចងសម្ព័ន្ធជាមួយ ដូច្នេះយើងមិនអាចសរសេរឱ្យច្រើននៅទីនេះឡើយ សូមកុំភ្លេចថានៅទីនេះជាសំណេរដែលខ្លី មិនចង់ឱ្យវែងដល់អ្នកអានឡើយ។ ដូច្នេះ យើងសូមយកតែពាក្យខ្លះៗប៉ុណ្ណោះដើម្បីពិនិត្យមើលលក្ខណៈរបស់វា តែយើងសង្ឃឹមថានឹងសិក្សាឱ្យលំអិតអំពីវានៅអត្ថបទក្រោយ។
១) គាប្បី ; កូនល្អគាប្បីស្ដាប់ម៉ែពុក។
២) ទោះបី ; យើងត្រូវតែតស៊ូ ទោះបីជួបបញ្ហាច្រើនយ៉ាងណាក៏ដោយ។
៣) សូម្បី ; មេរៀននេះពិបាកណាស់ សូម្បីសីហាជាសិស្សពូកែក៏មិនយល់ដែរ។
៤) ហាក់បីដូចជា ; មើលទៅទង្វើខាងក្រៅរបស់កូនទី២គាត់ ហាក់បីដូចជាស្រឡាញ់ម៉ែពុកណាស់ តែតាមពិតមិនអ៊ីចឹងទេ។
- បើយោងតាមឧទាហរណ៍ខាងលើ យើងពិតជាពិបាកយល់ន័យដែលវាស្ដែងណាស់ ដោយសារតែតិចពេក តែយើងនៅតែអាចយល់បានដោយច្បោលៗបាន ដោយយោងលើទំនាក់ទំនងន័យនៅសន្និដ្ឋាន១នូវពាក្យពីដែលប្រាប់អំពីប្រភព។ បើយើងពិនិត្យលើឧទាហរណ៍១) យើងឃើញថា ស្ដាប់ម៉ែពុកជាប្រភពនៃកូនល្អ, ២)ជួបបញ្ហាជាប្រភពនៃការតស៊ូ, ៣)សីហាជាសិស្សពូកែជាប្រភពដែលបញ្ជាក់ឱ្យកាន់តែច្បាស់អំពីមេរៀនដែលពិបាក, ៤)ស្រឡាញ់ម៉ែពុកជាប្រភពដែលនាំឱ្យយើងធ្វើទង្វើល្អ។
- ប្រវែង[prɒβaɛɲ/ pᵊβaɛɲ] > ប្របែង[pᵊɓaɛŋ](សូរអ្នកភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង)
សន្និដ្ឋាន៣ ៖ បើយោងទៅតាមសេចក្ដីខាងលើ យើងយល់ថា បីក្នុងពាក្យដែលវាផ្សំពិតជាមានទំនាក់ទំនងនឹងពី ដែលមានការវិវត្តចេញពីពី។
ញ៉.ផល្លី-សុផេន
២៣ ឧសភា ២០២២

Comments
Post a Comment