ជម្លោះបងប្អូនឯងតាមរដូវការ

ជម្លោះបងប្អូនឯងតាមរដូវការ

ដើម្បីតែអំណាច
ដើម្បីតែញី

ចុងឆ្នាំនៃសូរិយគតិបានមកដល់ ខ្យល់ត្រជាក់ក៏ចាប់ផ្ដើមបក់មកពីទិសខាងជើង នាស្ថានភ្នំទឹកកកស៊ីបេរី មនុស្សមិនចូលចិត្តរដូវនេះទេ ព្រោះត្រជាក់ បើតែត្រជាក់មិនជាស្អីទេ ថែមទាំងប្រះបបូរមាត់រកតែសើចមិនបានផង អ្វីដែលខឹងជាងនេះទៀតនោះ គឺមិត្រភក្តិធ្វើឲ្យតែឯងសើចទៀត។ ចាស់ៗនិយាយថា បើចង់ដណ្ដឹងប្រពន្ធ ឲ្យមើលរដូវនេះ ខ្ជិលឧស្សាហ៍ ស្អាតមិនស្អាត ឃើញតាមការប្រះស្រកាឬប្រាត់។ ប៉ុន្តែ ខុសពីមនុស្ស ឆ្កែវារីករាយនឹងបន្តពូជពង្សវង្សត្រកូលវាមិនឲ្យដាច់ តម្លៃមីញីឡើងកប់ពពកតែម្ដង ដោយសារតែអាឈ្មោលវាទៅរក។ បើមួយនឹងមួយមិនជាអ្វី នេះអាឈ្មោលច្រើនណាស់ ដែលចង់បានមីញីមកធ្វើបង្គង។ អាមួយចូល អាមួយខាំ អាមួយលោត អាមួយខាំ អាពីរខាំគ្នា អាមួយមានឱកាស អាពីរឃើញព្រួតដៃគ្នាមកខាំអាមួយវិញ ខាំទៅខាំមក ខាំព្រោះតែបង្គង បើលោតែលោតខុសទំនង ខុសរន្ធបាត់ឱកាស ត្បិតអាមួយមកទាន់។

ឆ្កែមួយឆ្នាំមានមួយដង ជាដូវជម្លោះគ្នាឯង។ ចំណែក មនុស្សអាចប្រាំឆ្នាំម្ដង អាបួនឆ្នាំម្ដង អាចប្រាំពីរឆ្នាំម្ដង ជារដូវកាលនៃជម្លោះគ្នាឯង ដើម្បីតែអំណាច ដើម្បីតែសុបិន​ របស់ខ្លួន ការពិតយ៉ាងម៉េចយ៉ាងម៉ា មើលលើរាស្ត្រទៅដឹងហើយ។ ជម្លោះឆ្កែនឹងឈប់ក្រោយពេលដែលផុតរដូវកាលវា ប៉ុន្តែមនុស្សមិនដូច្នេះទេ មើលចុះ! ប្រាំឆ្នាំហើយនៅតែបន្ត ហើយបន្តទៀតមិនឈប់មិនឈរ ម្ដេចមិនត្រូវគ្នាសោះអីចឹង?

ដំបៅឆ្កែគង់តែនឹងសះ ដំបៅមនុស្សមិនងាយនឹងសះសោះអីចឹង?

ខ្ញុំនៅចាំ រដូវកាលដែលគេសែនចិន ពីមុនមានធូបខ្លីៗ ហើយតូចៗ ងាយនឹងអស់ណាស់ ហើយឆាប់បានស៊ី ឥឡូវ បើចង់ស៊ីមិនងាយទេ ព្រោះសែនមានធូបវែងៗ ធំៗ ណាស់ តើមាននរណាទៅដែលហ៊ានស៊ី បើស៊ីក្រោយសែន។ ខ្ញុំមិនមែនចិន ខ្ញុំមិនមែនយួន ខ្ញុំមិនមែនជាជនជាតិណាផ្សេងក្រៅពីខ្មែរទេ ដូច្នេះ ខ្ញុំមិនចង់ដូច្នេះទេ មិនមែនស្រុកសម្រាប់អ្នកដែលសែន អ្នកដែលស៊ី នោះទេ គឺសម្រាប់មនុស្សទាំងអស់គ្នា។

មើលឆ្កែខាំគ្នាតែមួយរដូវកាល យើងចេះនិយាយភាសា ម្ដេចមិនអាចសម្រុះសម្រួលគ្នាបាន។

ឆ្កែគ្មានចិត្ត មនុស្សមានចិត្ត។ ទេ! ទេ! ចិត្តដែលមិនចេះអនុគ្រោះ ទើបត្រូវ។

ខ្ញុំចង់បានចិត្តដូចឆ្កែ ទេ! ខ្ញុំចង់បានចិត្តដូចមនុស្សវិញ ព្រោះមានការប្រែប្រួលច្រើន ហើយក៏ទៅមានការបដិវត្តលឿនដែរ មិនថាសេដ្ឋកិច្ច វិទ្យាសាស្ត្រ នយោបាយ ...។

ខ្ញុំចូលចិត្តរស់នៅក្នុងសង្គមមួយដែលអាចឲ្យខ្ញុំរស់នៅស្រួលជាងនេះ ប៉ុន្តែមិនចង់រស់នៅក្នុងសង្គមដែលធ្វើការច្រើន ហើយមានការចំណាយច្រើននោះទេ។

ញ៉. ផល្លី សុផេន
២២ វិច្ឆិកា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ