កេង-វ៉ាន់សាក់

កេង-វ៉ាន់សាក់
តើលោកកេង-វ៉ានសាក់ពិតជាចង់លុបបាលីសំស្ក្រឹតពីភាសាខ្មែរមែនទេ?
កេង-វ៉ាន់សាក់ តើលោកកេង-វ៉ានសាក់ពិតជាចង់លុបបាលីសំស្ក្រឹតពីភាសាខ្មែរមែនទេ?
កេង-វ៉ាន់សាក់
មុននឹងឆ្លើយសំណួរខាងលើ ខ្ញុំសូមបង្ហាញអំពីទស្សនៈខ្លះៗរបស់អ្នកដែលបានចោទលោកស្ដីអំពីការលុបបំបាត់បាលីសំស្ក្រឹតពីភាសាខ្មែរ។ 

បើតាមការអង្កេតរបស់ខ្ញុំ អ្នកដែលនិយាយថា៖ កេង-វ៉ាន់សាក់ចង់លុបបំបាត់បាលីសំស្ក្រឹត ជាអ្នកធ្វើឱ្យខូចអក្សរសាស្ត្រជាតិ ជាអ្នកជំទាស់នឹងសម្ដេចជួន-ណាត ជាដើម។ អ្នកទាំងនោះភាគច្រើនមិនទាំងបានអានស្នាដៃលោកកេង-វ៉ាន់សាក់ផងឬក៏អានដែរតែមិនគ្រប់ មិនពេលជាអាន ឬដោយគ្រាន់តែឮតាមគ្រូរបស់ខ្លួននិយាយប៉ុណ្ណោះ។ ដោយសំអាងលើទិន្នន័យដ៏ស្ដួចស្ដើងដូចនេះហើយ បានជាគេទាំងនោះហ៊ានពោលដោយមិនអៀនមាត់។

ដើម្បីជាការចូលរួមលុបបំបាត់គំនិតយល់ច្រឡំលើលោកកេង-វ៉ាន់សាក់ ខ្ញុំដែលជាអ្នកសិក្សា និងជាអ្នកដែលបានអានស្នាដៃលោកកន្លងមក សូមចូលខ្លួនមកអះអាងនិងជំទាល់លើទស្សនៈអ្នកទាំងឡាយណាខាងលើដែលខ្ញុំបានពោលទុកមក។

ដើម្បីជាការបង្ហាញឱ្យឃើញថា៖ លោកមិនមែនមានបំណងលុបបំបាត់នោះទេ គឺលោកមានបំណងធ្វើឱ្យភាសាខ្មែរស្រួលរៀន និងមានឯករាជ្យរបស់ខ្លួនឱ្យសម្យជាភាសាមួយនឹងគេ។

ដើម្បីជាអំណះអំណាង ខ្ញុំសូមលើកយកតែសៀវភៅពីរប៉ុណ្ណោះ គឺវេយ្យាករណ៍ខ្មែរសង្ខេប ភាគ១ សូរស័ទ្ទខ្មែរ និងមូលភាពនៃការបង្កើតពាក្យថ្មីមកបង្ហាញជូនអស់លោកអ្នកដែលយល់ចំឡំ និងអស់លោកអ្នកដែលមិនទាន់ច្បាស់ឬក៏យល់ដឹងអំពីលោកកេង-វ៉ាន់សាក់។

បើសិនជាលោកចង់លុបបំបាត់ពាក្យបាលីសំស្ក្រឹតមែននោះ ម្ល៉េះសមលោករកពាក្យខ្មែរមកជំនួសនូវចំណងជើងសៀវភៅទាំងពីរបាត់ទៅហើយ ដោយមិនដាក់ចំណងជើងជាភាសាទាំងពីរនោះឡើយ; នេះជាសំអាងទី១ដែលយើងងាយនឹងយល់ និងឃើញដោយមិនបាច់បកស្រាយ។

យើងនឹងចូលទៅផ្ទៃខាងក្នុងនៃសៀវភៅទាំងពីរ៖
មូលភាពនៃការបង្កើតពាក្យថ្មី

១.
 មូលភាពនៃការបង្កើតពាក្យថ្មី ១៩៦៤ ; ក្នុងសៀវភៅនេះ លោកចង់ឱ្យយើងរកពាក្យខ្មែរជាដំបូង មុននឹងរកពាក្យក្នុងភាសាបាលីសំស្ក្រឹតមកជំនួស ហើយបើពាក្យខ្មែរមានហើយកុំបង្កើតពាក្យថ្មីមកជំនួសពាក្យដែលមានស្រាប់។ ពិសេសជាងនេះទៅទៀត លោកបានឱ្យគំនិតប្រើពាក្យបាលីសំស្ក្រឹតជំនួសខ្មែរវិញដូច៖ អ្នកធ្វើស្រែចំការ = កសិករ, សេចក្ដីចម្រើនលូតលាស់ = វឌ្ឍនភាព (ទំព័រទី១០)។ តើនេះជាការលុបបំបាត់ដូចដែលគេបានចោទមែនទេ? ប្រាកដណាស់ គឺមិនដូច្នោះឡើយ។
២. វេយ្យាករណ៍ខ្មែរសង្ខេប ភាគទី១ សូរស័ទ្ទខ្មែរ ; ក្នុងសៀវភៅនេះក៏ដូចជាសៀវភៅទី១ខាងលើ ភាគច្រើនលើកប្រើពាក្យបាលីសំស្ក្រឹត គ្រាន់តែលោកចង់ទាញសំណេរមកជាខ្មែរ គឺតាមមូលភេទអ-អ៊។ ដូចជាក្នុងការណីសំណេរ ព្រយោគ ដែលផ្ទុយពី វចនានុក្រម ប្រយោគ ដែលលោកកេង-វ៉ាន់សាក់បានដឹងអំពីសំណេរនោះទៅហើយដែរ តែលោកបានពន្យល់ថា៖ "ធម្មតាគេសរសេរ ប្រយោគ ប៉ុនតែគេអាន ព្រយោគ ពោលគឺពុំអាន ប្រយ៉ោក តាមក្បួនវិធីសូរសទ្ទខ្មែរនោះទេ។ ពាក្យនេះពុំមានមកអំពី បាលី-សំស្ក្រឹតទេ ដូចនេះ អាចសរសេរតាមបែបខ្មែរ ព្រយោគ ឬ ព្រយោក"(ទំព័រទី៨)។
វេយ្យារកណ៍ខ្មែរ-ភាគទី១-សូរស័ទ្ទខ្មែរ

 

ដូច្នេះ ក្នុងសៀវភៅទាំងពីររបស់លោក គ្មានឃើញចំណុចណាមួយដែលចង់លុបបំបាត់សោះ ដោយគ្រាន់តែចង់រកអ្វីជាខ្មែរមុនដំបូងសិន។ ហើយលោកចង់ធ្វើយ៉ាងណាឱ្យភាសាខ្មែរមានឯកភាពគ្នា ពិសេសគឺស្រួលរៀន។

ជាទស្សនផ្ទាល់ខ្លួន ចំពោះព្យញ្ជនៈ ឡ ណ លុបបំបាត់ចោលក៏មិនមានបញ្ហាចោទដែរ ព្រោះយើងអាចជំនួសដោយ ល៉ ន៉ បាន។ ដូចករណី ឡាន អាចសរសេរជា ល៉ាន បានដោយគ្មានបញ្ហា។ ព្រោះសំឡេង ឡ ណ (ដ ឋ ឌ ឍ ណ) តាមទីបន្លឺខ្មែរគ្មានទេ តែ ដ-ឌ យើងមិនត្រូវលុបទេ យើងត្រូវទុកវាក្នុងករណីសំណេរ ជាពាក្យដែលមានខ្យល់ចូល(ដី ដូច ឌុប)។ នេះមិនមែនជាទស្សនដោយគ្មានមូលដ្ឋាននោះទេ គឺតាមលំនាំបុរាណាចារ្យ ដែលអស់លោកនោះលុបតួ ឝ(ស-គ) ឞ(ស-ប)។ ព្រោះតែមិនមានក្នុងសំឡេងខ្មែរ។

ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយក៏យើងមិនត្រូវធ្វើឱ្យអក្សរសាស្ត្រជាតិយើងមានចម្រូងចម្រាស់តទៅទៀតដែរ គឺរក្សាដូចនាបច្ចុប្បន្ននេះចុះ។

ជាចុងក្រោយ ការយល់ច្រឡំរបស់លោកអ្នកក៏គួរតែបញ្ឈប់ត្រឹមនេះហើយ ហើយក៏គួរតែស្វែងយល់ និងឈ្វែងយល់អំពីលោកកេង-វ៉ាន់សាក់ឱ្យច្រើនមុននឹងចោទប្រកាន់លោក។

ញ៉. ផល្លី-សុផេន
២០ ធ្នូ ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ