និង/នឹង/ហ្នឹង
| សាកល្បងរកចម្លើយនៅក្នុងសំណួរ |
តើវាមានន័យអ្វីមួយផ្ទាល់របស់វាដែរឬទេ?
តើមានលក្ខណៈណាមួយដែលងាយនឹងយល់ ចាំ ដែលឬទេ?
ខ្ញុំសរសេរខុសរហូត ហើយពេលខ្លះលែងទាំងចង់ខ្វល់នឹងអក្ខរាវិរុទ្ធ(សំណេរដែលត្រូវឬខុស)ទៀតផង។
ឈប់បារម្ភទៀតទៅ! នៅក្នុងអត្ថបទខាងក្រោយ គេហ្នឹងវិភាគបង្ហាញឲ្យយើងយល់និងងាយចាំ ហើយក៏មានចំណុចខ្លះៗដែលងាយនឹងសំគាល់បាន។ តោះ! យើង ចូលរួមសិក្សាទាំងអស់គ្នា។
១.ទម្លាប់ប្រើទូទៅ៖
ចំពោះយើងដែលជាអ្នកពិនិត្យនិងសង្កេត យើងឃើញថាពាក្យនិង នឹង ហ្នឹង ជាពាក្យតែមួយ ជារឿងតែមួយ គ្រាន់តែក្រោយសម័យវចនានុក្រមបានបែងចែកឲ្យវាមានលក្ខណៈផ្សេងគ្នា ទៅតាមលក្ខណៈនៃការប្រើប្រាស់ដែលលោកយល់ឃើញថាខុសគ្នាប៉ុណ្ណោះ។
ហេតុអ្វីបានជាយើងហ៊ានសន្និដ្ឋានយ៉ាងដូច្នេះ ព្រោះតែយើងបានប្រៀបធៀបនឹងពាក្យផ្សេងៗទៀត មានពាក្យនេះ/នោះដែលមានលក្ខណៈនៃការប្រើប្រាស់ដូចគ្នាទៅនឹងពាក្យទាំងបីខាងលើ គឺនិង នឹង ហ្នឹង ដែរ ប៉ុន្តែលោកមិនបានបែងចែកផងទៅដូចករណី។ ថ្ងៃនេះ ម្ដេចមិនអាចសរសេរថា៖ ផ្ទះហ្នេះ? ព្រោះជារឿងតែមួយ សម្ព័ន្ធ(ទម្រង់នៃប្រយោគ)តែមួយសោះ។
បើសិនជាយើង ពិនិត្យឲ្យជ្រៅតទៅទៀតជាងនេះ យើងក៏មិនឃើញសំណេរដែលប្រើស្រៈ/ឹ/ដែរ គឺចាប់មាននៅសម័យក្រោយៗនេះប៉ុណ្ណោះ។
២៨ សីហា ២០១៩
ញ៉.ផ.សុផេន
១.ទម្លាប់ប្រើទូទៅ៖
- និង : ជាចំណងធ្នាក់ឬចំណងឈ្នាប់ដែលគេប្រើសម្រាប់ចងភ្ជាប់ ពាក្យនិងពាក្យ កន្សោមពាក្យនិងកន្សោមពាក្យ ដែលមានតម្លៃ/ឋានៈស្មើគ្នាក្នុងល្បះ/ប្រយោគ។
- ឧទារហណ៍៖
- ខ្ញុំនិងសីហា ទៅផ្សារ។ (ខ្ញុំ សីហា មានមុខងារជាប្រធានក្នុងប្រយោគស្មើគ្នា)
- ខ្ញុំចូលចិត្តញ៉ាំផ្លែឈើច្រើនដូចជា៖ ស្វាយ ចេក ល្ហុង និងម្នាស់។ (ស្វាយ ចេក ល្ហុង ម្នាស់ មានតម្លៃស្នើគ្នា និងមុខងារដូចគ្នា។
- នឹង : គុណនាម ដែលអាចជាកិរិយាគុណនាម។
- ឧទាហរណ៍៖
- ទឹកនឹង(នឹងជាគុណនាម)។
- ទឹកនឹងល្អណាស់។ (នឹងជាកិរិយា(កិរិយាគុណនាម))។
- នឹង : ចំណងឈ្នាប់ ដែលគេប្រើសម្រាប់ចងភ្ជាប់នាមណាមួយដែលនៅក្នុងល្បះ ដែលជាធាតុរណបនៃល្បះនោះ។
- ឧទាហរណ៍៖
- សីហាកុំនិយាយនឹងខ្ញុំ។ (ភ្ជាប់ទំនាក់ទំនងរវាងខ្ញុំទៅនឹងប្រធាន(សីហា))។
- ខ្ញុំញ៉ាំបាយនឹងស្លាព្រា។ (ភ្ជាប់ទំនាក់ទំនងរវាងស្លាបព្រាទៅនឹងប្រធាន(ខ្ញុំ)ដែលប្រើស្លាបព្រាជាមធ្យោបាយ។
- ខ្ញុំចូលចិត្តរៀនភាសាខ្មែរ ហើយនឹងភាសាសំស្ក្រឹត។ (ភ្ជាប់ទំនាក់ទំនងរវាងភាសាសំស្ក្រឹតទៅនឹង(ខ្ញុំចូលចិត្ត))។
- ហ្នឹង : ជាកំណត់(សព្វនាមកំណត់)ដែលគេប្រើសម្រាប់កំណត់ទីតាំងឬពេលវេលាឬសម្ដីឬអ្វីណាមួយ។
- ឧទាហរណ៍៖
- បងទិញផ្លែឈើមួយណា? មានប៉ោម ស្វាយ ម្នាស់។ ម្នាស់? ៙ ហ្នឹង។ (ជំនួសឬកំណត់សម្ដីអ្នកសួរ គឺម្នាស់)។
- ថ្ងៃហ្នឹង យើងប្រជុំម៉ោងបី។ (កំណត់ពេល រវាងអ្នកនិយាយនឹងថ្ងៃដែលគេប្រាប់)។
- ដូច្នេះ ប្រសិនបើយើងទាំងអស់គ្នាចង់ចាំថា៖ ពេលណាត្រូវសរសេរ និង នឹង ហ្នឹង សូមមើលទម្រង់ខាងលើដែលយើងបានរៀបរាប់តាមលំដាប់លំដោយមកហើយ។
ចំពោះយើងដែលជាអ្នកពិនិត្យនិងសង្កេត យើងឃើញថាពាក្យនិង នឹង ហ្នឹង ជាពាក្យតែមួយ ជារឿងតែមួយ គ្រាន់តែក្រោយសម័យវចនានុក្រមបានបែងចែកឲ្យវាមានលក្ខណៈផ្សេងគ្នា ទៅតាមលក្ខណៈនៃការប្រើប្រាស់ដែលលោកយល់ឃើញថាខុសគ្នាប៉ុណ្ណោះ។
ហេតុអ្វីបានជាយើងហ៊ានសន្និដ្ឋានយ៉ាងដូច្នេះ ព្រោះតែយើងបានប្រៀបធៀបនឹងពាក្យផ្សេងៗទៀត មានពាក្យនេះ/នោះដែលមានលក្ខណៈនៃការប្រើប្រាស់ដូចគ្នាទៅនឹងពាក្យទាំងបីខាងលើ គឺនិង នឹង ហ្នឹង ដែរ ប៉ុន្តែលោកមិនបានបែងចែកផងទៅដូចករណី។ ថ្ងៃនេះ ម្ដេចមិនអាចសរសេរថា៖ ផ្ទះហ្នេះ? ព្រោះជារឿងតែមួយ សម្ព័ន្ធ(ទម្រង់នៃប្រយោគ)តែមួយសោះ។
បើសិនជាយើង ពិនិត្យឲ្យជ្រៅតទៅទៀតជាងនេះ យើងក៏មិនឃើញសំណេរដែលប្រើស្រៈ/ឹ/ដែរ គឺចាប់មាននៅសម័យក្រោយៗនេះប៉ុណ្ណោះ។
២៨ សីហា ២០១៩
ញ៉.ផ.សុផេន
ឯកសារពាក់ព័ន្ធ នាក-នួក, នុង-នុះ, នេះ-នោះ
អានបន្ថែម
- វចនានុក្រមខ្មែរ ១៩៦៧ ទំព័រ៥០៩ និង (និង ឬ នឹង) និ. (បា. et) សព្ទជាសន្ធាន ជាទ្វន្ទ្វ(គូ/ទាំងគូ)សម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្តីថា ទាំង, ព្រមទាំង, ផង, នេះផង, នុះផង : អ្នកនិងខ្ញុំ; គោនិងក្របី; ផ្ទះនេះផ្ទះន៎ុះនិងផ្ទះឯណោះ ; សុខនិងទុក្ខ ; ទៅនិងមិនទៅ ; ឲ្យនិងមិនឲ្យ ; យកចាននិងផ្តិលមកផង ។ល។ ទំព័រ៥១៨ នឹង ១ កិ. នុ. ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាដកជា, គង់, គង់តែ : ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន។ នឹង ២ គុ. ឬ កិ.វិ. ស្ងៀម, ជើយ, មិនកម្រើក : អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់។ មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល : ជំងឺន៎ុះនៅនឹង ។ ទឹកនឹង គឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ។ នឹង ៣ អា. និ. ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ; ជាមួយ, ដោយសារ; ឰដ៏, នៅត្រង់ : ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេ គឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែង, បោះដែកគោលនឹងជញ្ជាំង គឺព្យួរអាវឰដ៏ដៃកែង, បោះដែកគោលនៅត្រង់ជញ្ជាំង ។ល។ នឹង ៤ អា. និ. ជា អកថិតកម្ម គឺកម្មរងបន្ទាប់ពី អា. និ. ជា កថិតកម្ម ដែលនិយាយថា នូវ គឺ នូវ ជា ទី ១ នឹង ជាទី២ដើម្បីកុំឲ្យថា នូវ ទាំង២ដង : ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា ... (ពីម្សិលមិញ គេបាននិយាយនឹងខ្ញុំថា ...) ។ ធៀបនឹងបាលីថាហិយ្យោ សោ មំ ឯតទវោច (ប្រើដូចឧទាហរណ៍ខាងលើ)។ ទំព័រ១៥៣៨ ហ្នឹង វិ. ស. នុះ : ហ្នឹងហើយ នុះហើយ; ហ្នឹងឯង នុះឯង; ដំណើរហ្នឹង ដំណើរនុះ ។ និ. (ព. សា.) ដូច្នឹង, អ៊ីចឹង; អើ (អ្នកម្នាក់ប្រាប់ថា) : ទៅកុំខានហ្ន៎ះ!, (អ្នកម្នាក់ឆ្លើយតបថា) ហ្នឹង! ។ ហ្នឹងហើយ ! អ៊ីចឹងហើយ! ។ ហ្នឹងឯង ! អ៊ីចឹងឯង! ។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក (៎) នេះនៅពីលើជា ហ្នឹ៎ងហើ៎យ!; ហ្នឹ៎ងឯ៎ង! (សម្រាប់សម្ដីសាមញ្ញ) ។
- ក្រសួងអប់រំ វេយ្យាករណ៍ថ្នាក់ទី៦ ១៩៨២ ទំព័រ៤១ ចំណងធ្នាក់ឬធ្នាក់ គឺជាពាក្យចំនងសំរាប់ប្រើក្នុងកន្សោមពាក្យ ដើម្បីបង្កើតកន្សោមមានធ្នាក់។ ឧ. គាត់ប្រទះ នឹង ខ្លា។ ទំព័រ៤២ ចំនងឈ្នាប់ ឬ ឈ្នាប់ គឺជាពាក្យចំនងសំគាល់ទំនាក់ទំនងគ្នារវាងល្បះនិងល្បះ ឬរវាងធាតុផ្សេងៗក្នុងល្បះ ដូចជា ៖ សំ លីចបកាប់ និង ចបជីក។ ឈ្នាប់ចង ច្រើនតែប្រើសំរាប់ភ្ជាប់ធាតុមួយនិងធាតុមួយទៀត (ពាក្យកន្សោម ល្បះ) ដែលមានថ្នាក់ និងមុខងារដូចគ្នា ៖ គាត់ទើបតែរកខ្ចីបាន តុមួយ និង កៅអីបួន។ ពូសំកំពុងតែរៀបចំនង្គ័ល និង រនាស់របស់គាត់។ (តុមួយ ជា កន្សោមកម្មបទរបស់ ខ្ចីបាន។ កៅអីបួន ជា កន្សោមកម្មបទរបស់ ខ្ចីបាន ដែរ។
- ធន់ ហ៊ិន វេយ្យាករណ៍ខ្មែរ(សម្រាប់គ្រប់ភូមិសិក្សា) ២០១១ ទំព័រ១៧៧ និង, នូវ សម្គាល់ន័យជាការបន្ថែម(សព្ទជាសន្ធាន) ។ ឧទាហរណ៍ ៖ ឯងនិងអញរៀបប្រដំប្រសងគ្នាតាំងពីដំបូងមក។ សុខនិងទុក្ខជារឿងធម្មតារបស់សត្វលោក គឺជារឿងកម្មផល។ ប្រជារាស្ត្រ, និស្សិត នូវមន្ត្រីតូចធំ នាំគ្នាទៅទទួលព្រះរាជដំណើរយាងនិវត្តន៍របស់សម្ដេចព្រះប្រមុខរដ្ឋ។ នឹង សម្គាល់ន័យជាការជញ្ជឹងគិត(មកពី បើនឹង )។ ឧទាហរណ៍៖ នឹងដើរដូចភុជង្គ ឲ្យឲនអង្គអាចបារម្ភ ឲ្យត្រូវនឹងច្បាប់ក្រម ...។ (ចូរកុំច្រឡំជាមួយ នឹង ជាអាយតនិបាត ដូចក្នុងឧទាហរណ៍ថាវានិយាយនឹងខ្ញុំ, វាដេកនៅនឹងខ្ញុំអស់ពីរឆ្នាំ, គេដួសសម្លនឹងវែក)។ អញនឹងលាទៅ អញឲ្យហៅចៅ មកប្រាប់ប្រមាណ ក្រែងអត់នឹងអញ មានភ័យក្នុងប្រាណ រិះគិតរកឋាន លំនៅកំបាំង។ នឹងថា សម្គាល់ន័យជាការជញ្ជឹងគិត(នឹង មកពី បើនឹង ) ។ ឧទាហរណ៍៖ នឹងថាវាទៅក៏មិនបាន នឹងថាវាមិនទៅក៏មិនបាន ចាំសួរវាសិនមើល៍!។ ជំងឺគាត់ នឹងថាធូរស្រាល ឬនឹងថាកាន់តែធ្ងន់ឡើង ក៏មិនទាន់បាន។
- បណ្ឌិត ច័ន្ទ សំណព្វ ដំណកឃ្លាក្នុងភាសាខ្មែរ ២០១១ ទំព័រ២៩ដល់៤៦ (និយាយអំពីការដកឃ្លា មិនដកឃ្លា ខាងមុខឬខាងក្រោយពាក្យនិង។ ទំព័រ២២៤-៥ ហ្នឹង និបាតប្រាប់សេចក្តីជាអាលបនៈ(គឺការឆ្លើយទទួល)។ ឧទាហរណ៍៖ ក្មួយឯងមកលេងបុណ្យផ្ទះពូកុំខានណា៎? -ហ្នឹង! ចាំខ្ញុំមកលេង មីង។ (ជាពាក្យឆ្លើយ គួរសមបែបធម្មតាដែលស្រាលជាងពាក្យ បាទ ឬ ចាះ)។ សម្គាល់ : កុំច្រឡំជាមួយនឹងបុរិសសព្វនាមនិយម ដូចជា មួយហ្នឹង, អាហ្នឹងហើយ, សៀវភៅហ្នឹង, នៅភ្នំហ្នឹង មានសត្វព្រៃច្រើនណាស់។ ហ្នឹងឯង, ហ្នឹងហើយ និបាតប្រាប់ប្រការ ឬ សេចក្តីជាអាលបនៈ។ ឧទាហរណ៍៖ អើ! ហ្នឹងឯង! ហ្នឹងហើយ (ជាសម្ដីសាមញ្ញ គឺ បាទ ឬ ចាះ)។ ឯងទៅបាចទឹកដាក់ថ្នាលសំណាបឬ? -ហ្នឹងហើយ។ វាតែងតែធ្វើអ្វីៗតាមតែអំពើចិត្តវាហ្នឹងឯង មិនគិតក្រែងនរណាទេ។
- John haiman: Cambodian (Khmer) grammar, 2011, 5.The deictic phrases,pages 174-76 and 5. Coordination, pages 217-24
- ចំពោះ គំនិតឬទស្សនៈ ខ្លះ ខ្ញុំបានពីការសិក្សាថ្នាក់បរិ.ជាន់ខ្ពស់នឹងលោកសាស្ត្រាចារ្យ នន់ ដារ៉ា មុខវិជ្ជាគ្រិន្ថភាសា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
Comments
Post a Comment