ស្ដេច-សម្ដេច

ស្ដេច-សម្ដេច

ស្ដេច-សម្ដេច
ភាពខុសគ្នារវាង ស្ដេច-សម្ដេច

អ្វីទៅដែលជាន័យពិតរបស់ពាក្យនីមួយៗ? 
យើងនឹងសាកល្បងរកន័យរបស់ពាក្យទាំងនោះ ដើម្បីមើលថា តើវាខុសគ្នាឬក៏ដូចគ្នា បើវាខុសគ្នា ខុសយ៉ាងម៉េច? បើវាដូចគ្នា ដូចយ៉ាងម៉េច?

- វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ ១២៨៧-៨៨ សម្ដេច(ជើង ដ, សំ-ដាច់) ន. លោកអ្នកមានតេជះច្រើន, លោកអ្នកមានបុណ្យមានអំណាចធំ។ គុ. ខ្ពង់ខ្ពស់, ឧដុង្គឧត្តម, ថ្កើងស័ក្តិ ថ្កើងអំណាច, ថ្កើងថ្កាន (សមតែនឹងយល់ថាក្លាយមកពី បា. សំ + តេជ ឬ សំ. សំតេជស៑ `ដែលមានតេជះខ្លាំង` ព្រោះខ្មែរបុរាណសរសេរជា សម្ដេជ ក៏មាន)។ ពាក្យសម្រាប់ប្រើបន្ថែមលើព្រះនាម ឬលើឋានន្តរក្សត្រិយ៍ មន្ត្រីស័ក្តិខ្ពស់ : ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី..., [...], សម្ដេចចៅពញា ឋានន្តរសេនាបតីទី ១ សម្រាប់ទោ (មានតែពីក្នុងសម័យបុរាណ)។ល។ ទំព័រ ១៤៣៧ ស្ដេច(ជើង ដ, អ.ថ. ស្ដាច់) ន. ក្សត្រិយ៍, អ្នកដែលកើតក្នុងវង្សក្សត្រិយ៍ : ទីដែលស្ដេចគង់ ; ជាតិស្ដេច ។ ព.ផ្ទ. រាស្ត្រ។ កិ. (រ.ស.) យាង, ទៅ, មក, ដើរ, ទ្រង់ចេញ, ព្រះរាជដំណើរ : ព្រះករុណាទ្រង់ស្ដេចទៅខែត្រក្រៅ។ ស្ដេចភ្នំ ភ្នំដែលធំខ្ពស់ចម្បងជាងភ្នំនានា (ភ្នំព្រះសុមេរុ៍ ; ភ្នំហិមពាន្តឬហិមាល័យ)។ ស្ដេចម្រឹគ ម្រឹគដែលមានអានុភាពជាងម្រឹគនានា(សីហៈ)។ ស្ដេចសត្វ សត្វដែលមានអំណាចលើពួករបស់ខ្លួន : ស្ដេចខ្លា, ស្ដេចពស់, ស្ដេចហង្ស។ ស្ដេចស្ដែង ឬ ស្ដែងស្ដេច ស្ដេចជាក់ស្ដែង, អ្នកដែលប្រាកដជាស្ដេច, ស្ដេចសុទ្ធ (ព.កា.)។ ឡើងជាស្ដេច ឡើងពីរាស្ត្រទៅជាស្ដេច។ល។
- ឡុង សៀម ២០០០ វចនានុក្រមខ្មែរបុរាណ ទំព័រ៥៩៤_៩៥ ស្ដច៑ ន.ន. ស្ដេច ដល់កម្រិត ផ្ដាច់ បណ្ដាច់ ពាក្យប្រើផ្សំជាធាតុផ្សំនៃនរនាម។ < *តច៑ ដាច់ ដាច់គេ។
- ពៅ សាវរស ១៩៩២ វចនានុក្រមខ្មែរចាស់ ទំព័រ៤៨៣ សំតច៑, សំតេច គោរមងារមន្ត្រីថ្នាក់ខ្ពស់ ព្រះ/អទិទេព ស្ដេច បព្វជិត។ ទំព័រ៥០៨ ស្ដច៑/ ស្ដាច់ ផ្ដាច់ លើសគេ ឧត្តមបំផុត ជាមនុស្សពិសេស < ដាច់។

បើយើងមើលលើពាក្យ ស្ដេច + កិរិយា ; ស្ដេចយំ ស្ដេចសើច ស្ដេចលឿន គឺគេសំដៅដល់មនុស្សដែលយំ សើច លឿន ដាច់គេក្នុងចំណោមណាមួយ។ ស្ដេច + នាមសាធារណ៍ ; ស្ដេចសត្វម្រឹគ គឺពពួកតោ, ស្ដេចបក្សី គឺពពួកគ្រុឌឬហង្ស បានសេចក្តីថា ទាំងកូនតោ ទាំងមេតោ ទាំងបាតោ គឺគេចាត់ទុកថាជាស្ដេចម្រឹគ ប៉ុន្តែបើគេថា ស្ដេចតោ គឺសំដៅតោណាមួយក្នុងចំណោមពពូកតោ។ រីឯស្ដេចបក្សីក៏មានលក្ខណៈដូចគ្នា។ ស្ដេច/ ស្ដចមនុស្ស គឺក្រុមគ្រួសារឬស្រលាយណាមួយដែលគេសន្មតថាខ្ពស់ដាច់គេក្នុងចំណោមគ្រួសារឬស្រលាយនៃមនុស្សក្នុុងតំបន់ ស្រុក ប្រទេសជាដើម។ ដូច្នេះបានសេចក្តីថា ជាអ្វីដែលដាច់គេបើធៀបនឹងគ្នា។ រីឯសម្ដេច ជាពាក្យកម្លាយចេញពី ស្ដេច ដោយប្រើផ្នត់ជែក អម៑ /ស្ដេច + -អម៑- > សម្ដេច ដែលផ្នត់នេះបង្ហាញន័យថា បែបបទនៃអ្វីមួយ លក្ខណៈនៃអ្វីមួយ ភាពជាអ្វីមួយ។ សម្ដេចសង្ឃ សង្ឃដែលមានភាពជាធំលើសង្ឃនានា ទោះបីជាសង្ឃនោះមិនមានជាប់ខ្សែឬគ្រួសារស្ដេចក៏ដោយក៏អាចមានសិទ្ធធ្វើជាសម្ដេចសង្ឃបាន ដូចជាជួន ណាត, ហួតតាត ជាដើម។ ក៏ប៉ុន្តែ អ្នកទាំងពីរមិនអាចជាស្ដេចបានទេ ព្រោះមិនមានខ្សែឬគ្រួសារជាស្ដេច។ ផ្ទុយមកវិញ ស្ដេច អាចជាសម្ដេច ហើយក៏អាចមិនជាសម្ដេចឬស្ដេចបាន ក្នុងករណីគេទម្លាក់ក្នុងក្រមច្បាប់ណាមួយ។

ដូច្នេះ ស្ដេច គឺជាអ្វីដែលមានលក្ខណៈដាច់គេ ដោយមានការប្រៀបធៀប។ សម្ដេច គឺជាអ្វីដែលគេតែងតាំងឱ្យមានភាពជាធំដាច់ចេញពីអ្វីមួយដោយមិនមានការប្រៀបធៀប។

ញ៉.ផល្លី សុផេន
០៤ មករា ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ