នៅតែ-នៅឡើយ

នៅតែ/នៅឡើយ

តើគេប្រើនៅតែ/នៅឡើយ យ៉ាងដូចម្ដេច ខ្ញុំមិនយល់សោះ?
តើគេប្រើដូចគ្នាឬក៏ខុសគ្នា ខ្ញុំដូចជាមិនយល់សោះ
កុំបារម្ភ៖ យើងមើលប្រយោគខាងក្រោយនេះ ហើយយើងគិត ជាមួយគ្នាបន្តិច នោះយើងនឹងឃើញថាវាខុសគ្នាយ៉ាងម៉េចខ្លះ ហើយ។
នៅតែ/នៅឡើយ ជាប្រភេទគុណកិរិយាបំណែបប្រាប់អំពីទិដ្ឋភាពកំពុងបន្ត ដែលកំពុងដំណើរការតាំងពីអតីតកាល ហើយកំពុងតែបន្តធ្វើ។
១.លោកគ្រូបានពន្យល់យើងច្រើនហើយ ហើយក៏ឲ្យឧទាហរណ៍ច្រើនដែរ ប៉ុន្តែយើងនៅតែមិនទាន់យល់។(ប៉ុន្តែយើងមិនទាន់យល់នៅឡើយ។)
២.សីហា! លឿនឡើយ ម៉ោងដប់ហើយ។ ទៅលឿនមិនបានទេ ស្ទះផ្លូវ ខ្ញុំនៅតាមផ្លូវនៅឡើយ។ (ខ្ញុំនៅនៅតែ/នៅតែតាមផ្លូវ។
៣.ក/ខ្ញុំនៅតែចង់ទៅលេងប្រទេសបារាំង។       
៣.ខ/ខ្ញុំចង់ទៅលេងប្រទេសបារាំងនៅឡើយ។
៤.ក/ខ្ញុំឲ្យវាលេបថ្នាំ៣ដងហើយ នៅតែមិនត្រជាក់។
៤.ខ/ខ្ញុំឲ្យវាលេបថ្នាំ៣ដងហើយ មិនត្រជាក់នៅឡើយ។

ខ្ញុំជាសិស្ស             ខ្ញុំនៅតែជាសិស្ស                      
ខ្ញុំគេង                 ខ្ញុំនៅតែគេង                           
ខ្ញុំនៅតាមផ្លូវនៅឡើយ                ខ្ញុំកំពុងជិះតាមផ្លូវ              ខ្ញុំកំពុងនៅតែជិះតាមផ្លូវ       


បើតាមឧទាហរណ៍ខាងលើ យើងអាចទាញសន្និដ្ឋានបានថានៅតែជាគុណ.កំពុងបន្តបង្ហាញត្រឹមតែពេលមុនមកដល់ឥឡូវមិនទាន់ចប់ឬឈប់ប៉ុណ្ណោះ ប៉ុន្តែ នៅឡើយជាគុណ.កំពុងបន្តដែលបង្ហាញទាំងពេល ហើយនឹងសកម្មភាពណាមួយដែលគេកំពុងតែធ្វើ ហើយក៏អាចធ្វើសកម្មភាពច្រើនបន្តបន្ទាប់គ្នាចប់១ធ្វើ១ទៀត...តែមិនទាន់សម្រេចគោលដៅដែលកំណត់ទុក។

ញ៉.ផល្លី សុផេន
០៧ កុម្ភៈ ២០១៩

អានបន្ថែម
  1. វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ៥២១/១៥៤៩
    • នៅ១ កិ. ឋិត, ស្ថិត, មាន : នៅឯណា?, នៅផ្ទះ, នៅក្នុងបន្ទប់។
    • នៅ២ កិ. វិ. ដែលមិនទាន់, ដែលមានទៀត : អស់ហើយឬនៅ?, នៅ! ; នៅឡើយ នៅទេ។
    • ឡើយ និ. ជាដាច់ខាត។ ពាក្យសម្រាប់ប្រើរៀងខាងចុងពាក្យបដិសេធ កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន, ... ដូចជា : កុំឡើយ, កុំឲ្យឡើយ, គ្មានអ្វីសោះឡើយ, ពុំបានឡើយ, មិនដែលឃើញឡើយ។ (...)។
  2. ធន់ ហិន វេយ្យាករណ៍ខ្មែ(សម្រាប់គ្រប់ភូមិសិក្សា) ២០១១ ទំព័រ២២៥/៤៤១
    • ឡើយ និបាទប្រាប់សេចក្តីបដិសេធ ឬ ប្រាប់ប្រការ។ ឧទាហរណ៍ ៖ ចូរកុំទៅលេងនៅទីនោះឡើយ ព្រោះមានគេប្រទះអសិរពិស។ គេមិនដែលឃើញមានព្រឹតិ្តការណ៍ដូច្នេះសោះឡើយ ពីមុនមក។ បើទប់ស្កាត់វា ក៏ឥតអង្គឺមានឡើយ។ កុំថាឡើយដល់ទៅមនុស្សដប់នាក់ តែប្រាំនាក់ក៏ចង្អៀតដែរ។ ដំបូងឡើយ ទឹកដីនេះគ្មានជីជាតិទេ ព្រោះត្រូវបណ្ដាសាឥសីមួយអង្គ។
    • នៅ, នៅតែ,- នៅ ជាកិរិយាសព្ទ ប៉ុន្តែក៏ប្រើក្នុងន័យជានិបាតសព្ទដែរ ហើយមានន័យថា មិនទាន់ស្រេច ។ ឧទាហរណ៍ ៖ ឯងធ្វើលំហាត់ហើយឬនៅ? -នៅ។ នៅមិនទាន់ហើយទៀត? អញប្រាប់ប៉ុណ្ណឹងហើយ នៅធ្វើមិនកើតទៀត? -នៅតែធ្វើមិនកើត។
  3. ក្រសួងអប់រំ សាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៨២ វេយ្យាករណ៍ថ្នាក់ទី ៧ ទំព័រ៩៤(អតីតកាលបន្ត) ទំព័រ៩៦(ទិដ្ឋភាព ឆ.ភាពថេរ)
    • ម្សិលមិញពេលថ្មើរនេះ គាត់នៅកាប់ដី នៅឡើយ។ គាត់បានរៀបទ្រឹស្តីសង្គមនិយមមួយឆ្នាំកន្លងមកហើយ។
    • វាប្រាប់ថា ដំណើរការនៃអំព់ើ មានរយៈពេលយូរបន្តទៀត។ ឧ. វា នៅធ្វើការទៀត។ គាត់នៅតែធ្វើការនៅឡើយ។
  4. ឃឹន សុខ ២០០៧ វេយ្យាករណ៍ភាសាខ្មែរ ការផ្សាយរបស់រាជបណ្ឌិតសភាកម្ពុជា ទំព័រ២៩៧ ២.ឡិចសែមនៃដំណើរការ លេខ៥៩២
    • ចង្កោមពាក្យ នៅ....នៅឡើយ ប្រាប់អ្វីមួយដែលមានពីមុនមកហើយ ដែលបន្តរហូតមកដល់បច្ចុប្បន្ន។ 
      • គាត់នៅរស់នៅឡើយ បានសេចក្តីថា គាត់មិនទាន់ស្លាប់ទេ។
      • វានៅរៀននៅឡើយ បានន័យថា គេដឹងថា កាលមុនវាជាកូនសិស្ស ឥឡូវនេះវាជាកូនសិស្សដដែល។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ