ពាក្យគូកំណាន់-ពាក្យបញ្ច្រាស
ពាក្យគូកំណាន់-ពាក្យបញ្ច្រាស
ពាក្យ
គូកំណាន់
ឬ
បញ្ច្រាស
ជាដំបូង យើងសូមបកស្រាយនូវបញ្ញត្តិនៃការសិក្សារបស់យើងជាមុនសិន។ ពាក្យគូកំណាន់ ឬ ពាក្យបញ្ច្រាស ជាកន្សោមពាក្យពីរឬច្រើនជាងពីរដែលគេដាក់ផ្សំគ្នា ដើម្បីស្ដែងន័យមួយថ្មីដែលមិនរក្សាន័យដើមនៃពាក្យនីមួយ ប៉ុន្តែបើសិនជាយើងដកពាក្យណាមួយចេញនោះន័យនៃកន្សោមពាក្យគូកំណាន់នឹងបាត់ តែន័យនៃពាក្យមិនបាត់ទេ។ បើនិយាយដោយខ្លី ហើយជាទូទៅ គឺពាក្យគូកំណាន់ជាបន្សំនៃពាក្យពីរដែលផ្ទុយគ្នា។ ឧទាហរណ៍៖ ទៅវិញទៅមក ម៉ែពុក ចាស់ក្មេង សខ្មៅ ជាដើម។
ជាចំណោទ ហេតុដូចម្ដេចបានជាយើងលើកយកពាក្យគូកំណាន់/ពាក្យបញ្ច្រាសមកនិយាយ? ដោយសារតែយើងបានកត់សម្គាល់ឃើញថា វាមានលក្ខណៈពិសេសដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនចំណុច ដូចជា៖ជាពាក្យផ្ទុយនឹងគ្នា លំដាប់អវិជ្ជមាន-វិជ្ជមាន(រាក់-ជ្រៅ, ជើង-ត្បូង) លំដាប់វិជ្ជមាន-អវិជ្ជមាន(ពុក-កូន, មេឃ-ដី, វែង-ខ្លី, មុខ-ក្រោយ) លំដាប់ឆ្លាស(ឆ្វេង-ស្ដាំ/ស្ដាំ-ឆ្វេង, ម៉ែ-ពុក/ពុក-ម៉ែ) ផ្ទួនពាក្យ(ឡើងចុះៗ, ឆ្វេងៗ ស្ដាំៗ, ស៊ីជុះៗ) ជាដើម។
តើពាក្យកំណាន់/ពាក្យបញ្ច្រាសទាំងនោះមានលក្ខណៈពិសេសយ៉ាងណាទៅ? ហើយន័យវាស្ដែងចេញបានយ៉ាងដូចម្ដេចខ្លះទៅ? និងប្លែកពីន័យដើមនៃពាក្យឫសយ៉ាងខ្លះ?
ដូចដែលយើងបានកំណត់ន័យរួចមកហើយអំពីអ្វីជាពាក្យគូកំណាន់ឬពាក្យបញ្ច្រាស គឺជាពាក្យដែលកើតឡើងពីការផ្សំគ្នារវាងពាក្យពីរឬច្រើនដែលផ្ទុយនឹងគ្នា ហើយវាបានស្ដែងន័យមួយថ្មីឡើងដែលមានន័យគ្រឹះរបស់ពាក្យនីមួយៗចូលរួមជាដាច់ខាត បើសិនជាដកពាក្យណាមួយពីកន្សោមនៃពាក្យកំណាន់នោះន័យនឹងបាត់ ប៉ុន្តែន័យនៃពាក្យដែលចូលរួមផ្សំមិនបាត់ន័យឡើយ។
នៅទីនេះ យើងនឹងយកករណីកន្សោមពាក្យទៅមុខទៅក្រោយ មកសិក្សា។
ទៅមុខ ជាគុណកិរិយាប្រាប់ទិសដៅដែលរាប់ចេញពីចំណុចនៃសកម្មភាពមួយទៅរហូតដល់គោលដៅដែលគេចង់បាន ដែលគោលដៅនោះនៅខាងមុខនៃសកម្មភាពដើម។ ឧ. ដើរទៅមុខនឹងឃើញអាគារមួយ ហើយបត់ស្ដាំ។ ទៅក្រោយ ជាគុណកិរិយាប្រាប់ទិសដៅដែលរាប់ចេញពីចំណុចនៃសកម្មភាពមួយដែលកំពុងប្រព្រឹត្តវិលទៅរកសកម្មភាពដែលបានធ្វើហើយវិញឬក៏វិលទៅខាងក្រោយវិញដើម្បីធ្វើកម្មភាពណាដែលមិនទាន់បានធ្វើឬធ្វើមិនល្អឬហួសជាដើម។ ឧ. ត្រឡប់ទៅក្រោយនឹងឃើញអាគារមួយ ហើយបត់ស្ដាំ។
ដូច្នេះ ពាក្យទៅមុខ គឺរាប់ចាប់ពីការប្រព្រឹត្តទៅរកអ្វីដែលមិនទាន់ទៅដល់។ ពាក្យទៅក្រោយ គឺរាប់ចាប់ពីការប្រព្រឹត្តទៅរកអ្វីដែលធ្លាប់ឆ្លងកាត់រួមកន្លងមកហើយ។
ចំណែកកន្សោមពាក្យមុខក្រោយ ដែលមុខជាពាក្យសម្គាល់អ្វីដែលមិនទាន់ទៅដល់នៃសកម្មភាពដែល គេកំពុងតែប្រព្រឹត្ត ចំណែកពាក្យក្រោយជាពាក្យសម្គាល់អ្វីដែលគេបានឬរំលងចោលមិននិយាយ ហើយគេនិយាយសកម្មភាពខាងមុខៗវាវិញ។ ប៉ុន្តែកន្សោមពាក្យមុខក្រោយ ជាការនិយាយពីសកម្មភាពដែលគេនិយាយជាបន្តបន្ទាប់តាមលំដា់ប់ឬក៏មិនតាមលំដាប់ដោយចោះឬដោយរំលងឬដោយត្រឡប់ទៅនិយាយខាងដើមដែលគេបាននិយាយរួចម្ដងហើយ ប៉ុន្តែមិនមានរបៀបដែលអាចនឹងឱ្យរកយល់មិនបាន។ ឧ. ថ្ងៃនេះ គាត់ភ័យណាស់ ដូច្នេះហើយបានជាគាត់និយាយមុខក្រោយៗដូច្នេះ។ ដោយឡែកពាក្យទៅមុខទៅក្រោយ ជាការនិយាយអំពីសកម្មភាពដែលរាប់ចាប់ពីការប្រព្រឹត្តទៅមុខផង ទៅក្រោយផង ដែលសកម្មភាពនោះម្ដងទៅមុខ ម្ដងទៅក្រោយវិញ ដែលមិនសម្រេចការអ្វីមួយឱ្យច្បាស់ ដោយមិនដឹងថាត្រូវធ្វើអ្វី។ ឧ.រៀនទៅមុខទៅក្រោយ គឺចូលរៀននៅថ្នាក់ទី៣ តែមិន/មិនសូវចេះក៏ទៅថ្នាក់ទីពីរ ទៅរៀនពូកែជាងគេ គេឱ្យទៅថ្នាក់ទីបីវិញ ហើយបន្តទៅថ្នាក់ទីបួន ថ្នាក់ទីបួនរៀនមិនទាន់ទេ ក៏មកថ្នាក់ទីបីវិញ ជាដើម។
សន្និដ្ឋាន ពាក្យគូកំណាន់ឬពាក្យបញ្ច្រាស ជាកន្សោមពាក្យផ្ទុយពីរដែលគេយកមកផ្សំបង្កើតបានជាកន្សោមពាក្យស្អិតឬកន្សោមពាក្យមិនស្អិត ដោយយកចំណុចកណ្ដាលនៃពាក្យផ្ទុយពីរនោះមកធៀប ដើម្បីកំណត់ន័យដែលស្ដែងឡើង។
ញ៉.ផល្លី សុផេន

Comments
Post a Comment