ដែល

សព្វនាមឈ្នាប់_ដែល

ឈ្នាប់/Conjuntion
ដែលជាអ្វី? ការប្រើប្រាស់យ៉ាងដូចម្ដេចខ្លះទៅ?

តោះ! យើងសាកល្បងសិក្សាជាមួយគ្នា។

០១. សីហាពាក់អាវដដែល
០២. សីហាពាក់អាវដដែលៗ។
០៣. សីហាពាក់អាវដែលគេ។
០៤. សីហាពាក់អាវដែលគេបោះចោល។
០៥. សីហាពាក់អាវដែលគាត់ពាក់ម្សិលមិញ។
០៦. សីហាពាក់អាវដែលពាក់ម្ដងហើយ។

០៧. គោដែលកំពុងតែស៊ីស្មៅនោះ មានឈ្មួញទិញហើយ។
០៨. មនុស្សដែលល្អត្រូវតែចេះជួយគេ។
០៩. មនុស្សដែលយើងឃើញជាជនបរទេស។
១០. អ្វីដែល(យើង)មិនចេះ យើងគួរតែសួរគេ។

១១. ដែលអាចថាជាមនុស្សបាន លុះត្រាតែចេះប្រើភាសា។
១២. ដូចដែលយើងដឹងយើងថា មនុស្សជាសត្វដែលមានភាសាជាធំ។

១៣. សីហាដែលទៅលេងប្រទេសគេ។
១៤. សីហាមានដែលជួបលោកគ្រូយើងទេ?
១៥. សីហាដែលជួបគ្រូដែលបង្រៀនគាត់កាលពីមុន។

១៦. ខ្ញុំមិនដែលស្គាល់គាត់ទេ។
១៧. ខ្ញុំមិនដែលទៅលេងខេត្តទេ។
១៨. សីហាអត់ដែលមកនិយាយនឹងខ្ញុំទេ។
១៩. គ្រូពុំដែលបោះបង់សិស្សឡើយ។
២០. តាំងពី កើតចេញពីពោះម៉ែមក ខ្ញុំគ្មានដែលប្រទះរឿងដូចដែលលោកនិយាយនោះទេ។

៙ ប្រសិនបើយើងពិនិត្យមើលលើឧទាហរណ៍ទាំង២០ខាងលើ នោះយើងអាចទាញសន្និដ្ឋានបានថា ពាក្យដែលមានលក្ខណៈជាសព្វនាមឈ្នាប់ និងជាជំនួយកិរិយា(ដែលបង្ហាញពីទិដ្ឋភាពអតីតកាលឬបទពិសោធន៏នៅអតីតកាល)។ បើយោងទៅលើទម្រង់នៃល្បះ ហើយបើយើងយោងទៅលើន័យនៃល្បះនីមួយៗវិញនោះក៏ស្ដែងន័យដូចគ្នាទៅតាមទម្រង់ផងដែរ។ ដូច្នេះ សេចក្តីសន្និដ្ឋានខាងលើជាការសន្និដ្ឋានមួយដែលមានលក្ខណៈអាចទទួលយកបាន។

៙ ទម្រង់
ក. ប្រធាន + កិរិយា + កម្មបទ + ដដែល។
ខ. ប្រធាន + កិរិយា + កម្មបទ + ដែល + ?អ្វីមួយ(នាម, សព្វនាម, ល្បះ, ប្រយោគ)។
គ. ប្រធាន + ដែល + កិរិយា + (កម្មបទ) + កិរិយា + កម្មបទ។
ឃ. នាម(/គ្មាននាម) + ដែល + ប្រធាន + កិរិយា + (កម្មបទ)។
ង. ប្រធាន + ដែល + កិរិយា + (កម្មបទ)។

៙ មែកធាង
  • ទម្រង់របស់ ក
០១. សីហាពាក់អាវដដែល។

រូបទី១

បើសិនជាយើងមើលតាមមែកធាងខាងលើ យើងឃើញថាពាក្យដែលជាសព្វនាមដែលជំនួយពាក្យអាវ។ ចំណែកពាក្យ(រូបសព្ទ) បញ្ជាក់ឲ្យកន្សោមកិរិយាពាក់អាវដែល ដែលស្ដែងន័យថា អាវដែលបានពាក់ម្ដងរួមមកហើយ ដែលសីហាបានយកមកពាក់ម្ដងទៀត។

០២. សីហាពាក់អាវដដែលៗ។ ចំពោះរូបទី២ ក៏មិនមានលក្ខណៈណាមួយដែលប្លែកចេញពីរូបទី១ដែរ អ្វីដែលខុសគ្នានោះ គឺត្រង់មានពាក្យដដែលជាថ្មីម្ដងទៀតដែលជំនួសដោយសញ្ញាលេខន៍ទោ។ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺពាក្យដដែលជាពាក្យដែលបញ្ជាក់ន័យឲ្យកន្សោមពាក្យពាក់អាវដដែល ដែលស្ដែងន័យថា ម្ដងហើយៗទៀត ជាច្រើនដង ជាច្រើនសារមិនមានការដោះដូរ។

រូបទី២



  • ទម្រង់របស់ ខ

រូបទី៣
០៣. សីហាពាក់អាវដែលគេ។
បើយើងយោងទៅលើប្រយោគខាងលើ(០៣) និងទម្រង់តាមមែកធាង(រូបទី៣) នោះយើងនឹងឃើញថា ពាក្យដែល បញ្ជាក់ឲ្យពាក្យអាវតែមួយប៉ុណ្ណោះ ដែលអាវធ្លាប់ជាកម្មសិទ្ធរបស់គេ ហើយក្រោយមកបានក្លាយ/ដូរមកជាកម្មសិទ្ធរបស់សីហា។ ន័យដែលស្ដែង គឺ(អាវ)ធ្លាប់មានគេណាម្នាក់ដែលមិនមែនជាសីហា ធ្លាប់/ដែលលើកយកមកធ្វើសកម្មភាព(ប្រើ ពាក់ ...) រួមម្ដងឬច្រើនដងហើយ។ ទម្រង់នេះ កាន់តែច្បាស់នៅក្នុងប្រយោគ ០៤, ០៥, ០៦។
  • ទម្រង់របស់ គ
០៨. មនុស្សដែលល្អត្រូវតែចេះជួយគេ។
រូបទី៤
ចំពោះរូបទី៤ យើងឃើញថា ពាក្យដែលជាសព្វឈ្នាប់ដែលជំនួសពាក្យមនុស្ស ប៉ុន្តែនៅក្នុងបរិបទនៃទម្រង់បែបនេះ ពាក្យដែលមិនមានតម្លៃអ្វីសំខាន់ក្នុងល្បះទេ ក្នុងន័យនេះ យើងអាចដកចេញបាន។ មូលហេតុដែលនាំឲ្យមានពាក្យដែលដោយសារតែជាការបញ្ចូលគ្នារវាងល្បះពីដែលមានកិរិយា(ពីរឬច្រើន)ស្ដែងសកម្មភាពឲ្យប្រធានតែមួយ(មនុស្ស)។ ដែលយើងអាចបំបែកបាន ក. មនុស្សល្អ។ ខ. មនុស្សត្រូវតែចេះជួយគេ។ ប៉ុន្តែ បើក្នុងករណីដែលពាក្យដែលដែលស្ថិននៅក្នុងបរិបទល្បះតែមួយ ហើយមានប្រធានពីរផ្សេងគ្នាវិញ នោះពាក្យដែលជាធាតុសំខាន់ក្នុងប្រយោគ ដែលគេមិនអាចដកចេញបាន។ (ក្នុងករណីនេះជាទម្រង់របស់ ឃ)។

៙ ពិភាក្សា
ក.ដែល
ខ.ដដែល
គ.ដដែលៗ


អត្ថបទអានបន្ថែម
៙. សូ មុយឃៀង ២០១៦ សម្ព័ន្ធវិទ្យា(ឯកសារប្រើប្រាស់ផ្ទៃក្នុង) ទំព័រ៤៥ដល់៤៦។ សព្វនាមឈ្នាប់(ដែល)មានដូចជា នាទី៖ ផ្លាស់កន្សោមនាម បង្កើតល្បះរណប។ បម្រើបម្រាស់៖ ១. ប្រធាន, នេះជាកុមារដែលរៀនពូកែជាងគេ។ ២. កម្មបទផ្ទាល់, នេះជាវត្ថុអនុស្សវរីយ៍ដែលមិត្តខ្ញុំផ្ញើមក។ ៣. កម្មបទមិនផ្ទាល់, យុវជនម្នាក់ដែលគេកំពុងតែនិយាយចំពោះនោះជាកម្មកររោងចក្រ។ កម្មទេសកាល(ប្រាប់កាល ប្រាប់កន្លែង)៖ តុមូលមួយដែលគេដាក់ថូផ្កានៅទីនោះជារបស់គាត់។ ថ្ងៃអាទិត្យដែលយើងធ្វើដំណើរកម្សាន្តនោះបង្កើតអនុស្សាវរីយ៍ពុំអាចបំភ្លេចបាន។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ