លស់-លួស-លោះ

លស់-លួស-លោះ

សទិសសព្ទ_ពាក្យសូរដូច_ពាក្យរលឿ ; លស់-លួស-លោះ
  ១. ផ្នែក​ន័យ 

 ក_វចនានុក្រម, ពុទ្ធសាសន​បណ្ឌិត្យ, ១៩៦៧, ទំព័រ​១០៩៧- លស់ កិ. ធ្វើ​ឱ្យ​រលស់ គឺ​បន្ថយ​ចំនួន ឬ​ធ្វើ​ឱ្យ​តិច​ចុះ​មិន​ឱ្យ​នៅ​តាម​ចំនួន​ដើម : ក្នុង​ចំនួន​១០​លស់​៣​ចេញ​នៅ​សល់​៧។ រំលង : គ្រុន​លស់ គ្រុន​រំលង​ថ្ងៃ គឺ​គ្រុន​មួយ​ថ្ងៃ​ខាន​មួយ​ថ្ងៃ។ លស់​ចោស រំលង​ចោល​ខ្លះ។ ដើរ​លស់​ជំហាន ដើរ​រំលង​លំដាប់​ជំហាន គឺ​ឈាន​វែង​ខ្លះ​ខ្លី​ខ្លះ​ចម្រុះ​គ្នា​។ល។ ទំព័រ​១១១៤- លួស ១កិ. កាត់, ច្រាស់ ទ្រួសៗ​ឱ្យ​ដាច់​មែក​តូច​ៗ ឬ​សំបក​រាក់​ៗ​ជាដើម : លួស​មែន​ឈើ, លួស​រនាប, លួស​អំពៅ។ទំព័រ១១២៩- លោះ ១កិ. ចេញ​ថ្លៃ​យក​របស់​ដែល​បញ្ចាំ​ឬ​យក​មនុស្ស​មក​ធ្វើ​ជា​ទាសៈ​ឬ​ទាសី : លោះ​របស់​បញ្ចាំ ; លោះ​មនុស្ស​ប្រើ​(មាន​តែ​ក្នុង​សម័យ​ពី​ដើម)។ សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​សុំ​ដក​ខ្លួន​ឱ្យ​រួច​អំពី​ទាស​ភាព : លោះ​ខ្លួន​ឱ្យ​រួច​ជា​អ្នក​ជា។ បាញ់ : លោះកាំភ្លើង, លោះស្នា។ ព.ប្រ. ស្ដី​ឱ្យ​ម៉ាំង​ៗ​ឬ​ខ្លាំង​ៗ ឬ​ជេរ​ពេញ​ទ្រពង​មាត់ ឥតក្រែង : លោះ​តែ​ពីរ​បី​ម៉ាត់​ទៅ បាត់​មាត់​ដូច​គេ​ចុក។ 

វិភាគ បើ​សិន​ជា​យើង​​មើល​​ទៅ​លើ​​អំណោយ​​ន័យ​​របស់​ពាក្យ​​ទាំងបី យើង​​ឃើញ​​ថា៖ វចនានុក្រម​​បាន​​ផ្ដល់​​ឱ្យ​​យើង​​ច្បាស់​​ណាស់​​ទៅ​​ហើយ ហើយ​​ក៏អា​ច​​ឱ្យ​​យើង​​យល់​​បាន​​អំពី​​ភាព​ខុសគ្នា​​របស់​​ពាក្យ​​នីមួយ​ៗ​​ផង​​ដែរ ព្រោះ​​មាន​​ឧទាហរណ៍​​នោះ​ក៏​​ច្បាស់​​ដែរ។ ប៉ុន្តែ ភាពពិត​​ជាក់​ស្ដែង អ្នកសរសេរ​មាន​​ភាពឆកល្វែង​​យ៉ាង​​ច្រើន​​ដូច​​​នៅ​​តាម​​ផ្លូវ គេសរសេរ​៖ បង់រំលោះ​ទូរសព្ទ/ បង់រំលស់​ទូរសព្ទ។ ប្រការនេះ មក​ពី​​ភាពខ្ជះខ្ជាយ​​ឬ​​ទម្លាប់​​ដែល​​​គេ​​បាន​​ឃើញ។

ត​ទៅនេះ​យើង​សូម​មកពិនិត្យ​តាម​លក្ខណៈ​សូរវិទ្យា​វិញ​ម្ដង។

  • លស់ [lɔh, lʊɜh]
  • លួស [lʊɜh]
  • លោះ [loh, lɔh, lʊɜh]

បើយើង​មើល​ទៅលើ​ការបញ្ចេញ​សំឡេង​​របស់​ពាក្យ​ទាំង​បី ឃើញ​ថា​មាន​ភាពដូចគ្នា​មួយ គឺ​[lʊɜh]។ ដោយសារ​តែ​ភាព​ដូចគ្នា​ផ្នែក​សូរ​នេះហើយ បាន​ជា​មាន​ភាពច្រឡំ​ផ្នែក​សំណេរ​ដែរ។ 

ចំពោះ​ភាពដូចគ្នា​នេះ មិន​ត្រឹមតែ​ពាក្យដើម​(ឫស)​ប៉ុណ្ណោះ​ទេ សូម្បី​ពាក្យ​កម្លាយ​ក៏​មាន​ភាពដូចគ្នា​ផង​ដែរ​ទាំង​ទម្រង់​ផ្នត់ ទាំងសំណូរ។ 

ពាក្យ​ឫស លស់ ; [រំ + លស់] > រំលស់

ពាក្យឫស លោះ ; [រំ + លោះ] > រំលោះ

ដូចដែល​យើង​បាន​បង្ហាញ​ខាង​លើនូវ​អ្វី​ដែល​មាន​ភាពដូចគ្នា​ច្រើន​រវាង លស់​-​លោះ។ ទាំងនេះ​ហើយ​ជា​ហេតុ​ដែល​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ជា​សំណេរ​មាន​ការច្រឡំ​ច្រើន​ដោយ​មិន​ដឹង​ថា​មួយ​ណាជា​មួយណា។ 

ដើម្បី​ជៀស​វាង​កំហុស​មាន​តែអ្នកសរសេរ​ត្រូវតែ​ប្រយត្ន។

ញ៉.ផល្លី-សុផេន

១៩ កុម្ភៈ ២០២១

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ