អំណោយ-រង្វាន់-ជំនូន-កាដូ-បរិច្ចាគ
![]() |
| អំណោយ-រង្វាន់-ជំនូន-កាដូ-បរិច្ចាគ |
១- កាដូ ន. បា. Cadeau របស់ដែលគេឱ្យទៅនរណាម្នាក់ក្នុងឱកាសឬពិធីណាមួយ។ ឧ. កាដូបុណ្យនៃក្ដីស្រឡាញ់។ (គ្មានក្នុងវចនានុក្រមខ្មែរ ១៩៦៧)
២- ជំនូន ន. (< ជូន កិ. : បូជា, ឱ្យ(ពាក្យគោរព, ពាក្យគួរសម)) របស់ដែលគេជូន : ទទួលជំនូន, ស៊ីជំនូន, មុននឹងរៀបមង្គលការកូន គេតែងលើកជំនូន។
៣- បរិច្ចាគ ន. ការលះ, ការលះទ្រព្យ, ការចំណាយទ្រព្យធ្វើទានឬធ្វើអ្វីមួយឱ្យជាប្រយោជន៍ក្នុងស្រុក ក្នុងនគរ។ ប្រើជា កិ. បរិច្ចាគ ប្រាក់កាសចែកជាទាន, បរិច្ចាគទ្រព្យឱ្យទាន(ម.ព. ទសពិធរាជធម៌)។
៤- រង្វាន់ ន. របស់ដែលថែមឱ្យដោយឡែកផ្សេងលើសពីកំណត់ដែលត្រូវបាន, របស់ជាបំណាច់ដែលថែមឱ្យ ព្រោះគាប់ចិត្តឬដើម្បីបំពេញចិត្ត : ឱ្យរង្វាន់, ទទួលប្រាក់រង្វាន់។ រង្វាន់ខាន់ខៅ រង្វាន់និងទ្រនឹប, របស់ដែលឱ្យដោយឡែកផ្សេងក្រៅពីទ្រនឹប។
៥- អំណោយ ន. (< ឱ្យ កិ. : ធ្វើអំណោយ គឺលះអ្វីៗដល់អ្នកដទៃ) ការឱ្យ; អ្វីៗដែលឱ្យ [...]។ អំណោយផល ផលទាន : មានអំណោយផល។ ទទួលអំណោយ ទទួលរបស់ដែលគេឱ្យដោយសទ្ធា។ ធ្វើអំណោយ ឱ្យអ្វីៗដោយសទ្ធា។
ចំពោះពាក្យទាំង៥ខាងលើ យើងគ្មានបំណងនឹងពន្យល់ឱ្យក្បោះក្បាយនោះទេ ព្រោះអំណោយន័យរបស់វចនានុក្រមគ្រប់គ្រាន់ហើយ។ អ្វីដែលយើងលើកយកមកសរសេរ គឺគ្រាន់តែទាញពាក្យដែលស្ដែងលក្ខណៈន័យប្រហាក់ប្រហែលគ្នាដើម្បីប្រៀបធៀបឱ្យអ្នកអានចាប់អារម្មណ៍ប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាក៏យើងនៅមានចំណុចមួយត្រង់ពាក្យ រង្វាន់ ដែលស្ដែងន័យនោះមិនទាន់គ្រប់នឹងន័យសព្វថ្ងៃ។ ដូច្នេះ យើងចង់រាវរកប្រភពពាក្យ និងន័យ។
រង្វាន់ ពាក្យនេះប្រហែលជាមកពីពាក្យឫស វាល់/វាស់/វាន់ ហើយផ្សំនឹងផ្នត់ដើម [រង៑-] ពាក្យកម្លាយចេញពីផ្នត់នេះជាលទ្ធផលចេញមក គឺនាមសព្ទស្ដែងដល់របស់ដូចយ៉ាង [រង៑-] + វាល់ > រង្វាល់, [រង៑-] + វាស់ > រង្វាស់, [រង៑-] + វាន់ > រង្វាន់។ បើយោងទៅលើអំណោយន័យត្រង់លេខ៤ មានសេចក្ដីពន្យល់ថាលើសកំណត់ដែលត្រូវបាន ដូច្នេះពាក្យឫ វាល់/វាស់ មិនអាចទៅរួចទេ។ តែក៏អាចដែលក្នុងករណីកម្ចីត្រឡប់ពីសៀម ដោយកត់ត្រាសូរតាមសៀមដែល ល/ស ជា ន។ យើងនឹងពិចារណាអំពីពាក្យ វាន់ វចនានុក្រមខ្មែរ មកពី សំ.វណ្ឌ បា.វណ្ដ បែង ចែក ចងព័ទ្ធ ភាគ ចំណែក ទង កួរ ការចង់ព័ទ្ធ។ ដូច្នេះ រង្វាន់ គឺរបស់ដែលពាក់ព័ន្ធនឹងអ្វីមួយ សេចក្ដីនេះឆ្លើយតបនឹងអំណោយន័យសព្វថ្ងៃ គឺ (ន័យសព្វថ្ងៃដែលស្ដែង) របស់អ្វីមួយដែលគេឱ្យទៅអ្នកជោគជ័យ អ្នកបំពេញ អ្វីមួយ, របស់អ្វីមួយដែលគេឱ្យដោយសារតែបានជួយឬធ្វើអ្វីមួយបានល្អ។
សន្និដ្ឋាន ១) ឫសចេញពី វាស់ បើសិនជា រង្វាន់ នោះស្ដែងចេញនូវការវាស់កម្រិតដែលត្រូវបាន។ ២) ឫសចេញពី វាន់ បើសិនជា រង្វាន់ នោះស្ដែងចេញនូវការពាក់ព័ន្ធនឹងសកម្មភាពណាមួយ។ ៣) មិនអាចឫសចេញពី វាល់ បានទេ។
ញ៉.ផល្លី-សុផេន
២២ កក្កដា ២០២២

Comments
Post a Comment