ឱ្យ

ឱ្យ

ឱ្យ
សម្រាប់-ដើម្បី-ឱ្យ​/អោយ-ចំពោះ

ឱ្យ ជាពាក្យដែលមានលក្ខណៈសម្ព័ន្ធច្រើនដែលពិបាកនឹងថា ជាកិរិយាសព្ទឬឈ្នាប់ឬក៏ធ្នាក់ណាស់ ព្រោះមើលទៅម្ដងនេះ ម្ដងនោះ។ តទៅនេះ យើងនឹងពិនិត្យមើលត្រួសអំពីពាក្យឱ្យ ពិសេស យើងមើលទៅលើសម្ព័ន្ធជាជាងន័យ បើសិនជាសម្ព័ន្ធជាផ្លូវបង្ហាញន័យ នោះយើងនឹងសិក្សាបន្តជាលំអិតតែម្ដង។

ទម្រង់
១. ប្រធាន + កិរិយា(ឱ្យ) + កម្មបទ។
១.១. គ្រូឱ្យប៊ិកទៅសិស្ស។
១.២. ខ្ញុំឱ្យទឹកគាត់ផឹក។
១.៣. វាឱ្យដៃគេ បានជាគេហ៊ាន។
១.៤. នាងឱ្យខ្លួនទៅសង្សារនាង។
១.៥. គាត់ឱ្យខ្ញុំបើកភ្លើង។

២. ប្រធាន + កន្សោមកិរិយា + ឱ្យ + គុកិ(គុណនាម, គុណកិរិយា, កិរិយា)។
២.១. សីហាដើរឱ្យលឿន ខ្ញុំប្រញាប់ណាស់។
២.២. គាត់សុភាពណាស់ មិនសូវបានមាត់កទេ ហើយនិយាយឱ្យមួយៗ។
២.៣. ចាប់ដៃខ្ញុំឱ្យជាប់ ប្រយត្នធ្លាក់។
២.៤. អ្នកណាយឺត អញស៊ីបាយឱ្យហ្មត់។
២.៥. ឯងដាំបាយឱ្យច្រើនជាងរាល់ថ្ងៃ ព្រោះមានភ្ញៀវម្នាក់ទៅហូបបាយដែរ។

៣. ឃ្លា(ប្រធាន + កន្សោមកិរិយា) + ឱ្យ + ឃ្លា
៣.១. ខ្ញុំទិញកង់ឱ្យគាត់។
៣.២. ខ្ញុំធ្វើម្ហូបឱ្យកូនញ៉ាំនៅសាលា។
៣.៣. គាត់ជួយធ្វើម្ហូបយកទៅឱ្យខ្ញុំនៅវាល។
៣.៤. គាត់និយាយនឹងនាងឱ្យខ្ញុំ។
៣.៥. ជួយចាប់គោនោះឱ្យខ្ញុំផង។

៤. ប្រធាន + កិរិយា + ឱ្យ + ឃ្លា(ប្រធាន + កិរិយា + កម្មបទ)។
៤.១. ខ្ញុំចង់ឱ្យគាត់ជួយនិយាយនឹងប្រពន្ធខ្ញុំ។
៤.២. ខ្ញុំសុំឱ្យគាត់ធ្វើជំនួសហើយ កុំបារម្ភឡើយ។
៤.៣. គាត់បាននិយាយឱ្យវារួចស្រេចជាមុនហើយ មុននឹងវាទៅ។
៤.៤. ម្ដាយខ្ញុំ គាត់ស្ដីឱ្យខ្ញុំខ្លាំងណាស់ម្សិលមិញ។
៤.៥. គាត់ចាក់វាឱ្យចេញមកក្រៅអាងនឹងវាយ។

បំណកស្រាយ
ចំពោះទម្រង់ទី១ មិនមានបញ្ហាអ្វីនោះទេ ព្រោះវាជាធាតុសំខាន់ក្នុងប្រយោគ គឺកិរិយាបង្គោល។ ចំណែកក្នុងទម្រង់ទី២ មានលក្ខណៈសម្ព័ន្ធខុសនឹងទម្រង់ទី១ ព្រោះទម្រង់ទី២ ជាប្រភេទល្បះបញ្ជា ហើយពាក្យឱ្យជាពាក្យដែលបង្ហាញពីការបញ្ជាឬក៏ស្នើ ឱ្យគេធ្វើផ្ទុយនឹងសកម្មភាពដើមដែលអ្នកដែលគេនិយាយទៅកាន់នោះធ្វើ។ បើយឺត ត្រូវជា លឿន, បើមិនជាប់/ធ្លាក់ ត្រូវជា ជាប់/មិនធ្លាក់ ហើយកន្សោម(ឱ្យ + គុកិ)ជាគុណកិរិយាបញ្ជាក់លក្ខណៈកិរិយាបង្គោលដែលនៅខាងមុខវា។ ដោយឡែក ទម្រង់ទី៣ ជាប្រភេទនៃល្បះក្រង ដែលក្រងនោះមានសភាពស្អិតស៊ីគ្នា ព្រោះថា កិរិយាសព្ទបង្គោលពីរ ប្រធានតែមួយធ្វើអំពើលើកិរិយាសព្ទទាំងពីរ ហើយកម្មបទនៃកិរិយាសព្ទក៏តែមួយដែរ។ យើងនឹងបំបែកល្បះ៣.២. ខ្ញុំធ្វើម្ហូបឱ្យកូនញ៉ាំនៅសាលា។ ‹ ខ្ញុំធ្វើម្ហូប។ + ខ្ញុំឱ្យម្ហូបកូនញ៉ាំនៅសាលា។ ដោយសារតែប្រធាន(ខ្ញុំ)ដូចគ្នា ហើយកម្មបទនៃកិរិយា(ធ្វើ ឱ្យ) គឺម្ហូបតែមួយដូចគ្នា ដូច្នេះហើយគេចាប់ជាកត្តារួម។ ដូចគ្នានឹងល្បះ៣.២.ដែរ នៅក្នុងល្បះទម្រង់ទី៣ទាំងអស់ គឺសុទ្ធតែមានលក្ខណៈដូចគ្នា គ្រាន់តែមួយបន្ថែមន័យឱ្យកាន់តែច្បាស់ឡើងប៉ុណ្ណោះ។ ដូចជា៣.១. ខ្ញុំទិញកង់ឱ្យគាត់។ អាចបន្ថែម ៣.១.ក. ខ្ញុំទិញកង់ឱ្យគាត់ជិះហាត់ប្រាណ។ ដែលមកពី ខ្ញុំទិញកង់។ + ខ្ញុំឱ្យកង់គាត់។ ដែលពាក្យឱ្យអាចជំនួយដោយពាក្យជូន ដើម្បីបង្ហាញពីការគោរពក៏បាន យើងបាន៖ ៣.១.ខ. ខ្ញុំទិញកង់ជូនគាត់។ គឺ ខ្ញុំទិញកង់ + ខ្ញុំជូនកង់គាត់។ ចុងក្រោយនូវទម្រង់ទី៤ដែលយើងឃើញមិនមែនមានន័យថាមានតែលក្ខណៈដូច្នេះទេ គឺអាចបំបែកសម្ព័ន្ធឱ្យនៅកន្លែងផ្សេងបាន។ ដូចជា៖៤.២. ខ្ញុំសុំឱ្យគាត់ធ្វើជំនួសហើយ កុំបារម្ភឡើយ។› ៤.២.ក. ខ្ញុំសុំគាត់ឱ្យធ្វើជំនួសហើយ កុំបារម្ភឡើយ។ នៅក្នុងទម្រង់នេះសុទ្ធតែអាចផ្លាស់ទីតាំងបានដូចគ្នា លើកលែងតែពាក្យចង់មួយចេញប៉ុណ្ណោះដែលមិនអាចផ្លាស់ប្ដូរបាន ព្រោះពាក្យចង់ត្រូវការសម្ព័ន្ធពិសេសមួយដោយឡែក គឺ ប្រធាន + ចង់ + កិរិយា + កម្មបទ។ (ខ្ញុំចង់ទៅផ្សារ។) ; ប្រធាន + ចង់ + បាន + នាម។ (ខ្ញុំចង់បានត្រី។) ដោយសារតែសម្ព័ន្ធដូច្នេះហើយបានជាគេមិនអាចផ្លាស់ទីតាំងបាន ប៉ុន្តែគេអាចធ្វើបានបើគេបន្ថែមពាក្យបានដើម្បីជំនួសឱ្យត្រូវនឹងសម្ព័ន្ធរបស់វា គឺ៤.១. ខ្ញុំចង់ឱ្យគាត់ជួយនិយាយនឹងប្រពន្ធខ្ញុំ។ › ៤.១.ក. ខ្ញុំចង់បានគាត់ឱ្យជួយនិយាយនឹងប្រពន្ធខ្ញុំ។ › *៤.១. ខ្ញុំចង់គាត់ឱ្យជួយនិយាយនឹងប្រពន្ធខ្ញុំ។ បើសិនជាយើងមើលឱ្យជាក់ស្ដែងទៅ ទម្រង់ទី៤ក៏មិនខុសនឹងទម្រង់ទី៣ដែរ គ្រាន់តែគេបន្ថែមបញ្ញត្តិឱ្យដឹងពីហេតុប៉ុណ្ណោះ។

សន្និដ្ឋាន
ពាក្យឱ្យមិនមែនជាឈ្នាប់ឬធ្នាក់អ្វីនោះទេ គឺជាកិរិយា ហើយអាចជាជំនួយកិរិយា(ទម្រង់ទី២)។ ចំណែកទម្រង់ទី៤មានលក្ខណៈបែកចេញពីទម្រង់ទី៣។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ