ល្បែងកម្សាន្ត_ ល្បែងជិះគោ ឬ ល្បែងជិះដំរី

ល្បែងកម្សាន្ត_ ល្បែងជិះគោ ឬ ល្បែងជិះដំរី

 
ល្បែងកម្សាន្ត_ ល្បែងជិះគោ ឬ ល្បែងជិះដំរី
ល្បែងជិះគោ-ល្បែងជិះដំរី

- មុននឹងចាប់ផ្ដើមនិយាយអំពីនេះ ខ្ញុំចង់សួរមិត្រអ្នកអានជាមុនសិន តើលោកអ្នកធ្លាប់លេងនឹងក្មេងៗទេ? ហើយ[ឳពុកម្ដាយមិត្រអ្នកអានធ្លាប់លេងជាមួយនឹងអ្នកទេ កាលពីនៅកុមារ? ចាំឬក៏ភ្លេច?

- ល្បែងនេះខ្ញុំមិនបានសិក្សាអ្វីឱ្យលំអិតទេ តែដោយសារខ្ញុំបានចាប់អារម្មណ៍ក្រោយពីខ្ញុំរៀបការហើយ។ ពេលនោះ ប្រពន្ធរបស់ខ្ញុំ គាត់បានលេងល្បែងបែបនេះនឹងកូនប្រុសខ្ញុំ ហើយគាត់បាននិយាយថា៖ មក៍! អាអូន លេងអ៊ូមី[maɔ! ʔa: ʔɔʊn leːɲ ʔʊ̈:m̩mɜj]។ ពេលដែលខ្ញុំឮដូចនេះ ខ្ញុំឆ្ងល់ តែខ្ញុំមិនមាត់ទេ ដោយចាំមើលថាតើគេលេងយ៉ាងម៉េច។ ពេល គាត់ចាប់ផ្ដើមលេង ទើបខ្ញុំដឹងថាជាល្បែងដែលខ្ញុំធ្លាប់លេងដែរ តែរបៀបហៅខុសគ្នា ដែលស្រុកខ្ញុំគេហៅថា លេងជិះគោឬជិះអ៊ុមម៉។

- បើតាមយោបល់របស់ខ្ញុំ ការហៅឈ្មោះខុសគ្នានូវសកម្មភាពលេងដូចគ្នាដូច្នេះ គ្មានអ្វីក្រៅពីបទពិសោធន៍សង្គមបរិយាកាសនោះទេ។ ដោយសារនៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ពីមុនជាកន្លែងដែលមានព្រៃ មានដំរីច្រើន ហើយក៏មានមនុស្សដែលមានដំរីជាពាហនៈដែរ។ ហើយសកម្មភាពបែបនេះ គេក៏ធៀបដើម្បីលេងជាមួយកូនក្មេង ដែលមនុស្សធំគេធៀបជាដំរី ឯក្មេងតូចគេធៀបជាហ្មដំរីឬអ្នកជិះនោះឯង។ ហើយលក្ខណៈបែបនេះបានបន្តរហូតដល់សព្វថ្ងៃ ទោះបីជាឥឡូវមិនមានដំរីដូចពីមុនក៏ដោយក៏នៅតែជាប់របៀបលេងដដែលដោយគ្មានការប្រែប្រួល។ ចំណែកឯស្រុកខ្ញុំដែលជាស្រុកមិនមានចិញ្ចឹមឬក៏ដំរី មានតែគោក្របីសេះ ហើយស្រុកខ្ញុំនេះទៀតសោតមានគោច្រើនជាងក្របីសេះ ដូច្នេះស្រុកខ្ញុំគេលេងដូចគ្នាដែរ តែរបៀបធៀបខុសគ្នា គឺមនុស្សធំគេធៀបជាគោ ឯកូនក្មេងគេធៀបជាម្ចាស់គោឬអ្នកជិះគោ។

- របៀបលេង មនុស្សធំអាចជាម៉ែពុក អ៊ំ មីងពូ បង ធ្វើជាគោ ដោយលុតជង្គង់ធ្វើដូចជាសត្វជើងបួនឈរ ចំណែកកូនក្មេង ជាធម្មតាក្មេងតូចដែលចេះអង្គុយរហូតដល់៥-៦ឆ្នាំ ជិះពីលេងខ្នងឬក តែបើសិនជាកូនក្មេងនោះមិនទាន់ចេះអង្គុងនឹងទេ ត្រូវមានអ្នកជួយកាន់។ ពេលដែលកូនក្មេងអង្គុយលើមនុស្សធំដែលមានសណ្ឋានជាសត្វជើងបួននោះហើយ មនុស្សធំនោះចាប់ផ្ដើមវារ ហើយថា អ៊ុមម៉[ʔʊm m̩ɒː]... អ៊ុមម៉[ʔʊm m̩ɒː]... អ៊ុមម៉[ʔʊm m̩ɒː]... រហូតដល់ឈប់លេង។ សម្រាប់អ្នកស្រុកដែលមានគោ។ បើអ្នកស្រុកដែលមានដំរី គេថា អ៊ូ... ដំរី[ʔʊːm m̩ɜj] អ៊ូ... ដំរី[ʔʊːm m̩ɜj] អ៊ូ... ដំរី[ʔʊːm m̩ɜj]។

 ញ៉.ផល្លី-សុផេន

១៩ ឧសភា ២០២២

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ