ផ្លូវកែង
ផ្លូវកែង
![]() |
| រូបថត នៅម្ដុំគល់ស្ពានអាកាសស្ទឹងមានជ័យ ពេលដែលប៉ូលិសចុះចាប់អ្នកជិះបញ្ច្រាសផ្លូវ |
គួរតែបន្ទោសអ្នកណា? ខ្ញុំបានឃើញទង្វើដែលសង្គមខ្ញុំកំពុងតែមាន គឺបញ្ហាចរាចរណ៍។ អ្នកជិះបន្ទោសអ្នកជិះដូច្នេះ អ្នកជិះអានថាអ្នកជិះម៉ូតូមិនត្រូវគន្លង អ្នកជិះម៉ូតូថាអ្នកជិះឡានមិនដឹងផ្លូវគេផ្លូវឯង ដល់ពេលរ៉ឺម៉កកង់បីឬទុកទុក ឥណ្ឌាចូលមកដល់ទៀត គេបន្ទោសទៅលើ។ ប៉ូលិសបន្ទោសអ្នកបើកបរ អ្នកបើកបរបន្ទោសប៉ូលិស អ្នកទាំងពីរមានខ្លះបន្ទោសផ្លូវ គឺបន្ទោសគ្នាទៅវិញទៅមក មិនត្រឹមតែអីចឹងទេ ឆ្លៀតទាំងបន្ទោសផ្លូវថ្នល់ទៅទៀត។ នេះបានថាចំជាដូចសុភាសិតខ្មែរយើងថា ជាងមិនកើតទៅបន្ទោសដែក។
នៅក្នុងអត្ថបទមួយដ៏ខ្លីនេះ ខ្ញុំមិននិយាយអ្វីដែលមាននៅស្រុកយើងឬក៏ទីក្រុងភ្នំពេញទាំងមូលទេ គឺខ្ញុំសរសេរតែកន្លែងមួយដែលមានខ្ញុំបានមើល កំឡុងពេលដែលខ្ញុំយកម៉ូតូទៅធ្វើនៅម្ដុំគល់ស្ពានអាកាសស្ទឹងមានជ័យដែលស្ថិនៅតាមបណ្ដោយមហាវិថីខេមរភូមិន្ទឬផ្លូវ២៧១។ ខ្ញុំបានធ្វើម៉ូតូនៅម្ដុំផ្លូវតូចមួយដែលជាផ្លូវកាត់ទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកាត់តាមសំណង១២។ ផ្លូវតូចមួយនោះ ជាធម្មតាមានភាពមមាញឹកណាស់ មិនថាម៉ូតូឡានទេ ឲ្យតែអ្នកដែលស្គាល់ផ្លូវនោះ គេដឹងតែជិះហើយ ព្រោះជាផ្លូវកាត់។ បើសិនជាយើងឡើងមកថ្នល់ធំវិញ មានជំរើសពីរ ១ជិះបញ្ច្រាសដើម្បីឡើងស្ពានអាកាស មួយទៀតបត់ស្ដាំជិះប្រមាណជាង៥០០ម៉ែត្រ រួចបត់ឆ្វេងឡើងមកស្ពានអាកាសវិញ ប៉ុន្តែយូរជាងបត់ឆ្វេង។ ជាធម្មតា អ្នកបើកបរស្ទើរតែទាំងអស់ជ្រើសរើសជិះបញ្ច្រាសផ្លូវ ព្រោះជាផ្លូវកាត់ មិនថាឡានឬម៉ូតូ ម៉ូតូកង់បី។
ប៉ូលិសក៏ចុះមកចាប់ស្ទើរតែរាល់ថ្ងៃណាស់ណាដែរ ប៉ុន្តែមនុស្សនៅតែមិនព្រមរៀងចាល គឺនៅតែជិះបញ្ច្រាសដដែល។ ខ្ញុំអង្គុយនៅទីនោះ ចាំយកម៉ូតូក្រោយពីជាងធ្វើរួច ជាងមួយព្រឹកធំ ខ្ញុំឃើញប៉ូលិសចាប់មិនដឹងជាប៉ុន្មាននាក់ទេ ទាំងអ្នករៀន ទាំងអ្នកមិនរៀន ទាំងអ្នកមាន ទាំងអ្នកក្រ គឺធ្វើដូចៗគ្នា ពិតជាមនុស្សមានសន្ដានតែមួយមែន មានខ្លះដែរដែលគេគោរព។
ខ្ញុំអត់ទ្រាំមិនបានក៏សួរទៅជាងម៉ូតូ គាត់ថា ប៉ូលិសចាប់រាល់ថ្ងៃ លើកលែងតែថ្ងៃសៅរ អាទិត្យ ទេ ដែលមិនសូវឃើញមក ជួនកាលមិនត្រឹមតែប៉ូលិសចរាចរណ៍ទេ នគរបាល ប៉ុស្តិ៍ គួរឲ្យចំឡែងជាងនេះទៅទៀតនោះ ប្រជាការពារភូមិក៏មកចូលរួមចាប់ដែរ។ រឿងដែលហួសចិត្តមួយទៀតនោះ សន្តិសុខយាមតាមរោងការក៏មកយកលុយដែរ។
ខ្ញុំក៏មិនដឹងថា ប៉ូលិសនគរបាល មួយណាមានការងារអ្វីដែល ហើយក៏មិនដឹងថាមួយណាមានអាជ្ញាត្រឹមណាដែរ គ្រាន់តែដឹងថា បើគ្មានលុយ អាចរកលុយបាន។
ញ៉.ផល្លី សុផេន
២៣ វិច្ឆិកា ២០១៩

Comments
Post a Comment