ចំពោះ
ចំពោះ
![]() |
| សម្រាប់-ដើម្បី-ឱ្យ/អោយ-ចំពោះ |
ដូចដែលយើងបាននិយាយរួមមកហើយថា ពាក្យចំពោះនេះមានការច្រឡំនឹងពាក្យសម្រាប់ ឱ្យ ក្នុងករណីខ្លះ តែមានករណីខ្លះខុសគ្នា។
មនុនឹងយើងសិក្សាពាក្យនេះ យើងនឹងរាវរកប្រភពនៃពាក្យនេះសិន។ ចំពោះ មានពីពាក្យឆ្ពោះ តែបើសិនជាយើងរាវរកពាក្យនេះបន្តទៀត តើពាក្យឆ្ពោះ មកពីពាក្យ ពោះ ឬចោះ/ចុះ។ បើសិនជាយើងយល់ថាមកពីពាក្យពោះ នោះមិនអាចមានលទ្ធភាពនោះទេ លទ្ធភាពដែលអាចនោះគឺចោះឬចុះ។ ចុះ គឺចុះទៅខាងក្រោម គឺអវិជ្ជមានន័យ ចំណែកពាក្យចោះ អាចស្ដែងថាឱ្យឃើញ ឱ្យភ្លឺ ដើម្បីនឹងធ្វើអ្វីមួយ។ ដូចជា ចោះជញ្ជាំងចូលផ្ទះ។ ដូច្នេះយើងនឹងសន្មតថាពាក្យចំពោះមានប្រភពមកពីពាក្យចោះ។ បើសិនជាមែន នោះពាក្យចំពោះ គឺការស្ដែងនូវអ្វីដែលនៅខាងក្នុងមិនឃើញ ឱ្យច្បាស់ប្រាកដឡើង។
១. ខ្ញុំសូមអរគុណចំពោះការអត់ទោសរបស់អ្នក។
២. ខ្ញុំនិយាយទាំងអម្បាលម៉ាននេះ គឺចំពោះតែក្មេងៗទេ មិនរាប់វ័យផ្សេងទេ។
៣. ចំពោះខ្ញុំ ខ្ញុំយល់ឃើញខុសគេ ត្រង់ថាការស្ដីបន្ទោសមិនមែនសុទ្ធតែអាក្រក់នោះទេ បើសិនជាការស្ដីបន្ទោសត្រូវកាលៈទេសៈ។
សម្រាយលើឧទាហរណ៍ទាំងបី ១. គេប្រើពាក្យចំពោះក្នុងការស្ដែងន័យដែលច្បាស់លាស់របស់ពាក្យអ្នក គឺការអត់ទោស ដែលការអត់ទោសនោះហើយដែលជាហេតុនាំឱ្យគេអរគុណ ហើយជាធាតុចម្បងក្នុងការអរគុណផងដែរ។ ចំណែកលេខ២.ក៏មិនជាខុសអ្វីនឹងលេខ១.ដែរ គ្រាន់តែវាប្រើកិរិយានិយាយប៉ុណ្ណោះ ហើយការនិយាយនោះទៀតសោត ចោះយកតែវ័យក្មេងក្នុងចំណោមវ័យទាំងអស់។ ដោយឡែក លេខ៣.ក៏មិនជាខុសពីលេខខាងលើៗនោះដែរ គឺស្ដែងពីធាតុពិសេសនៃការស្ដីបន្ទោសដែលគេថាមិនល្អនោះ គឺមានធាតុល្អដែលបើសិនជាគេប្រើតាមកាលៈទេសៈ។
តាមពិតទៅយើងមិនគួរនឹងសន្និដ្ឋានភ្លាមៗនោះទេ បើយោងត្រឹមតែឧទាហរណ៍ទាំង៣ខាងលើនោះ តែដោយសារយើងបានយល់ដឹងហើយអំពីពាក្យឫសរបស់វា គឺចោះ ហើយពាក្យនេះមានទំនាក់ទំនងនឹងគ្នាយ៉ាងច្បាស់ ហើយរាល់ប្រយោគក្នុងលេខនីមួយៗក៏បានបញ្ជាក់ដោយធ្នាក់ចំពោះនេះដែរ។ ដូច្នេះ គ្មានអ្វីដែលជាឧបសគ្គក្នុងការសន្និដ្ឋានថា ពាក្យចំពោះជាធ្នាក់ដែលរំលេចនូវន័យពិសេសដែលជាធាតុខាងក្នុងនៃរបស់អ្វីមួយ។
ញ៉.ផល្លី សុផេន
២០ មីនា ២០២០

Comments
Post a Comment