គងអន្ទាក់ខ្លា - គងពាក់ខ្លា

គងអន្ទាក់ខ្លា - គងពាក់ខ្លា

គងអន្ទាក់ខ្លា - គងពាក់ខ្លា
អង្គុយគងអន្ទាក់ខ្លា / អង្គុយគងពាក់ខ្លា
ហេតុអ្វីបានជាយើងលើកយកមកនិយាយ? ដោយសារតែយើងចង់ពិចារណាអំពីលក្ខណៈនៃការបង្កើតពាក្យ។ 

១) វចនានុក្រមបានផ្ដល់អំណោយន័យថា គងអន្ទាក់ខ្លា គង-កជើង-ម្ខាងលើក្បាលជង្គង់ម្ខាង។

វិភាគលើអំណោយន័យរបស់វចនានុក្រម - អន្ទាក់ដាក់ខ្លា មានឈើមួយជាបង្កៃដែលគេដាក់ធ្វើជាគន្លឹះពេលដែលខ្លាជាន់ទៅដងនឹងវាត់ឡើង។ ឯសណ្ឋាននៃការអង្គុយគឺមានសណ្ឋានដូច្នេះឯង។ ដូចនេះហើយបានជា គេធៀបដើម្បីបង្កើតជាពាក្យ គងអន្ទាក់ខ្លា។ + ចម្ងល់ ហេតុដូចម្ដេចបានជាគេធៀបទៅនឹងអន្ទាក់ដាក់ខ្លា មិនធៀបនឹងអន្ទាក់ដាក់សត្វនានាទៅ? នេះជាចំណុចដែលគួរយកមកពិចារណា។ តើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់អន្ទាក់ដាក់ខ្លា ឬក៏ពីសម័យមុនមានខ្លាច្រើន ហើយមនុស្សស្គាល់អន្ទាក់ដាក់ខ្លាគ្រប់ៗគ្នា មានតែក្មេងៗសព្វថ្ងៃទេដែលមិនសូវស្គាល់។

ចុះបើយើងគិតបែបនេះវិញ យ៉ាងម៉េចដែរ?

២) សត្វដែលមានសន្ដាននឹងខ្លា មានឆ្មា ឆ្កែជាដើម សុទ្ធតែដេក ហើយយកជើងម្ខាងគងលើជើងម្ខាងទៀត សូមមើលរូបខ្លាខាងលើ។ បង្កើតបានជាពាក្យ គងពាក់ដូចខ្លា។ + ពាក់ ជាការដាក់របស់មួយខាងលើរបស់មួយទៀត។ + ដូច ត្រូវបានដកចេញតាមទម្រង់ មុខដូចឆ្កែ > មុខឆ្កែ, ទ្រូដូចមាន់ > ទ្រូងមាន់។ ដូចនេះ យើងបានពាក្យ គងពាក់ខ្លា។ 

៣) យោងទៅលើលក្ខណៈខាងលើទាំងពីរនាំឱ្យយើងយល់ដល់សូរសម្ដីមនុស្សខ្លះថា[kɔːŋteaʔkʰla:] ខ្លះថា[kɔːŋpeaʔkʰla:]។ បើមើលទៅលើសូរទាំងពីរ យើងឃើញមានលក្ខណៈខុសគ្នាតែព្យញ្ជនៈពីរប៉ុណ្ណោះ គឺ /t/ /p/។ យើងអាចកំណត់លក្ខខណ្ឌដូចខាងក្រោម៖

ក/  បើមនុស្សនិយាយសំឡេង /t/ នោះមកពីពាក្យ គងអន្ទាក់ខ្លា ដោយបើ/អន៑/ចេញពី អន្ទាក់ > គងទាក់ខ្លា។

ខ/ បើមនុស្សនិយាយសំឡេង /p/ នោះមកពីពាក្យ គងពាក់ខ្លា។

៤) លក្ខណៈឆ្លង 

អង្គុយពាក់ឆៀង/អង្គុយប៉ាក់ឆៀង/អង្គុយចំហៀង អង្គុយច្រកគាវ/អង្គុយពាក់គាវ។ បើយោងតាមពាក្យទាំងនេះ យើងឃើញថាគ្មានសូរ /t/ ទេ គឺមានតែសូរ /p/ ប៉ុណ្ណោះ។ 

៥) ជាយោបល់លោកអ្នកវិញ 

តើជាអ្វី? 

ញ៉.ផល្លី-សុផេន

០១ វិច្ឆិកា ២០២២

ឯកសារពាក់ព័ន្ធ៖

ពាក់ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ១៦៣៧
ពាក់ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ៧៤២

ពាក់ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ៧៤១

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ