ខែ-រដូវ
ខែ-រដូវ
តើអ្វីទៅជាភាពខុសគ្នានិងដូចគ្នា ហើយនឹងការប្រើប្រាស់របស់ពួកវា?
| ខែ-រដូវ-ពាក្យន័យដូច-សទិសន័យ-ពាក្យរលឿ |
ដូចដែលយើងបានដឹងហើយថាពាក្យខែ-រដូវមានការប្រើប្រាស់ជាន់គ្នាដូចជា៖ ១_ខែរងា-រដូវរងា។ គឺស្ដែងន័យដូចគ្នា តែបើតាមការអង្កេតជាក់ស្ដែងឃើញថា៖ អ្នកស្រុកប្រើពាក្យខែច្រើនជាងរដូវ។
តើការសង្កេតនេះពិតជាត្រឹមត្រូវឫទេ? ហើយពាក្យខែ/រដូវ មានលក្ខណៈយ៉ាងដូចម្ដេចខ្លះ?
ដើម្បីជាការឆ្លើយតបនឹងចំណោទបញ្ហាខាងលើ យើងគួរគាប្បីពិនិត្យលើស្នាដៃមួយជាមុនសិន នោះ
គឺវចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១០១ ខែ ន. រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗមាន ២៨,២៩,៣០ឬ៣១ ថ្ងៃ ហៅថា ខែ។ ឯខែទាំង១២តាមចន្ទគតិ គឺ មិគសិរ ទី១, បុស្ស ទី២, [...] កត្តិក ទី១២។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ១ ជាជំនួសខែ មិគសិរ, លេខ ២ ជាជំនួស បុស្ស ។ល។ ខែអាសធ ជួនកាលមាន២ដង មុនឈ្មោះ បឋមាសាធ ក្រោយឈ្មោះ ទុតិយាសាធ ; [...]។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច។ ទំព័រ៩៨២-៣ រតូវ(រដូវ) ឬ រដូវ ១ន.(សំ.ក្ល. ឫតុ; បា. ឧតុ) ទេសកាល, កាលកំណត់ដែលចែកជាភាគខែក្នុងឆ្នាំមួយ។ តាមសម័យដែលអាកាសប្រែប្រួល(ច្រើនសរសេរ រដូវ ជាង): រដូវរងា, រដូវក្ដៅ, រដូវភ្លៀង; ឈើផ្លែខុសរដូវ; ផ្លាស់រដូវ។ តាមសុរិយគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ៤ គឺ ១-និទាយៈ ឬ និទាឃរដូវ "រដូវក្ដៅ"[...]។ ២-វស្សានៈ ឬ វស្សានរដូវ "រដូវភ្លៀង"[...]។ ៣-សរទៈ ឬ សរទរដូវ "រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; រដូវលំហើយ"[...]។ ៤-សិសិរៈ ឬសិសិររដូវ "រដូវរងាខ្លាំង"[...]។ រួមទាំង៤រដូវត្រូវជា១២ខែ[...]។ តាមចន្ទគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ៣ គឺ ១-ហេមន្តៈ ឬហេមន្តរដូវ "រដូវមានទឹកសន្សើម, រដូវរងា"[...]។ ២-គិម្ហៈ ឬគិម្ហរដូវ "រដូវក្ដៅ"[...]។ ៣-វស្សានៈ ឬវស្សានរដូវ "រដូវភ្លៀង"[...]។ [...]។ តាមលិទ្ធិបុរាណ, ក្នុងប្រទេសខ្លះនិយមប្រើរដូវ៦ គឺ ១-រដូវរងា, ២-រដូវរងាខ្លាំង, ៣-រដូវស្លឹកឈើជ្រុះលាស់ស្លឹក, ៤-រដូវក្ដៅ, ៥-រដូវភ្លៀង, ៦-រដូវចុះអ័ព្ទ ឬរដូវមានខ្យល់(សេចក្ដីបង្រួញ)។ រដូវ៦នេះលទ្ធិពុទ្ធសាសនាមិននិយមប្រើទេ មានបង្គាប់ឱ្យប្រើតែរដូវ៣ តាមចន្ទគតិដោយដាច់ខាត[...]។
បើយោងទៅតាមសេចក្ដីរបស់វចនានុក្រម យើងឃើញថា៖រដូវខុសពីខែយ៉ាងពិតប្រាកដ។ ប៉ុន្តែ បើសិនជាយើងពិនិត្យទៅលើការប្រើប្រាស់ជាក់ស្ដែងវិញ ពាក្យរដូវនិងខែ មានកន្លែងដូចគ្នាខ្លះនិងខុសគ្នាខ្លះ មិនខុសគ្នាទាំងស្រុងដូចវចនានុក្រមនោះទេ។ ជាងនេះទៅទៀត ពាក្យខែរបស់ខ្មែរដូចគ្នាទៅនឹងរដូវ៦ក្នុងវចនានុក្រម ត្បិតខ្មែរប្រើខែរងា ខែក្ដៅ ខែភ្លៀង ខែទឹកជាដើម។ លក្ខណៈដូចខាងលើ យើងឃើញថាការប្រើប្រាស់ពាក្យខែត្រូវតាមស្ថានភាពអាសធាតុរបស់ប្រទេសខ្មែរ ចំណែកក្នុងវចនានុក្រមប្រើតាមលក្ខណៈបរទេសជាជាង។
យើងនឹងបញ្ជាក់សេចក្ដីដូចខាងក្រោម។
១_ខែភ្លឺ- ?រដូវភ្លឺ
២_ខែរងា- រដូវរងា
៣_ខែខ្យល់- រដូវខ្យល់
៤_ខែក្ដៅ- រដូវក្ដៅ
៥_ខែភ្លៀង- រដូវភ្លៀង
៦_ខែទឹក- *រដូវទឹក
៦'_ខែទឹកឡើង- រដូវទឹកឡើង
៧_ខែច្រូត- រដូវច្រូត
៨_ខែបុណ្យទាន- រដូវបុណ្យទាន
៩_ខែស្វាយ- រដូវស្វាយ (អាចដូរបានគ្រប់ផ្លែឈើ)
១០_ខែលំហើយ-រដូវលំហើយ
១១_ខែការ- រដូវការ
បើយើងមើលទៅលើឧទាហរណ៍ទាំង១១ យើងឃើញថាចំណុចដូចគ្នាច្រើនរវាងខែនិងរដូវ លើកលែងតែត្រង់លេខ១និងលេខ៦។ លេខ១-ខែភ្លឺ មិនអាចថា រដូវភ្លឺ បាន ព្រោះតែពាក្យ ខែស្ដែងន័យជាតួនៃលោកខែ/ព្រះខែ/ព្រះចន្ទ មិនស្ដែងអំពីរយៈពេលនោះឡើយ។ ចំណែកលេខ៦-ខែទឹក ប្រហែលជាអាចថា រដូវទឹក បាន ប៉ុន្តែដោយសារមិនសូវមានទម្លាប់ក៏មិនសូវជាស្រួលត្រចៀក។ រីឯលេខផ្សេងៗពីលេខ១និង៦ ប្រើជំនួសគ្នាបាន ហេតុដែលអាចប្រើជំនួសគ្នាបាន ព្រោះពាក្យខែស្ដែងជារយៈពេលដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍ណាមួយ ឯរដូវក៏ដូចគ្នា គឺស្ដែងឡើងនូវរយៈពេលដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍មួយ។
ចំពោះពាក្យ ?ខែមុនស៊នរដូវ/ ខែមកស៊នរដូវ [ខែមន់សន់អាដូវ] យើងមិនដឹងថាសរសេរយ៉ាងម៉េចទេ តែពាក្យនេះពិតជាស្ដែងបង្ហាញពីទំនាក់ទំនងគ្នារវាងខែនឹងរដូវ។ នៅទីនេះ យើងមិនទាន់ហ៊ានថាយ៉ាងម៉េចនោះទេ ព្រោះយើងមិនទាន់រាវរកឃើញ បើយើងរាវរកឃើញ យើងនឹងបង្ហាញនៅអត្ថបទក្រោយមួយដោយឡែក។
សន្និដ្ឋាន : ពាក្យខែ ស្ដែងបានគ្រប់ស្ថានភាព ; ពាក្យរដូវ ស្ដែងតែរយៈពេលប៉ុណ្ណោះ។
សេចក្ដីបញ្ជាក់៖ ?មិនអាចកើតមានបាន, *អាចកើតមានបាន
០២ មីនា ២០២១
ញ៉.ផល្លី-សុផេន
Comments
Post a Comment