ឃួន សុខម្ភូ-ទំរង់សូរវិទ្យាខ្មែរ-១៩៧០

ទំរង់សូរវិទ្យាខ្មែរ

ក្របមុខ
១. ទម្រង់សូរវិទ្យាខ្មែរ_បណ្ឌិត ឃួន-សុខម្ភូ_១៩៧០
២. សេចក្តីអត្ថាធិប្រាយខ្លះៗស្ដីអំពីសៀវភៅ៖ ក្នុងសៀវភៅនេះលោកបាននិយាយខ្លះៗអំពីអ្នកដែលសិក្សាជាតិ(ខៀវ ជុំ, កេង វ៉ាន់សាក់ ជាដើម) អន្តរជាតិ(Maspero)។ ហើយលោកក៏បានឆ្លៀតនិយាយអំពីអំបូរភាសាមន-ខ្មែរ(ខ្មែរ-មន)។ នៅក្នុងការសិក្សានេះ លោកសិក្សាតែសូរវិទ្យាខ្មែរប៉ុណ្ណោះ ហើយលោកក៏ចែកការសិក្សាជាពីរផ្នែករបស់សូរវិទ្យាខ្មែរ។ ចំណែកទម្រង់កត់សូរជាលក្ខណៈអក្សរអន្តរជាតិ(API/IPA)ដែលបានសើរើរៀបចំ កាលពីឆ្នាំ១៩៤៧។
៣.អក្សរសូរខ្មែរនិងអក្សរសូរអន្តរជាតិ
ក/គ[k] ខ/ឃ[kh] ង/ង៉[ŋ]  
ច/ជ[c] ឆ/ឈ[ch] ញ/ញ៉[ɲ]
ត/ទ[t] ដ/ឌ[ɗ] ថ/ធ/ឋ/ឍ[th] ន/ណ[n]
ប/ប៊[b] ប៉/ព[p] ផ/ភ[ph] ម/ម៉[m]
យ/យ៉[j] រ/រ៉[r] ល/ឡ[l] វ/វ៉[v] ស/ស៊[s] ហ/ហ៊[h] ~អ/ក[ʔ]
៤. នៅក្នុងចំណោមព្យញ្ជនៈខ្មែរទាំងអស់មានសូរឮ(ឃោសៈ) សូរថ្លង់(អឃោសៈ)។ ប្រភេទស្រៈទាំងអស់ជាសូរឮ និងខ្យល់ច្រមុះទាំងអស់ជាសូរឮ រួមផ្សំនឹងព្យញ្ជនៈ/j(យ/យ៉ v(វ/វ៉) d(ដ/ឌ) b(ប/ប៊ r(រ/រ៉)/ ផ្សេងពីនោះជាខ្យល់ថ្លង់។ សូមបញ្ជាក់សូរឮជាសូរដែលញ័រខ្សែសំឡេងដោយពិនិត្យតាមម៉ាស៊ីនប៉េគែលប្រៃប័រ។
៥. ស្រៈកន្លះឬព្យញ្ជនៈកន្លះ(វ[v], យ[j]) មានលក្ខណៈត្រូវគ្នានឹងស្រៈ[i = j], [u = v] ក្នុងឋានៈជាសូរលេប។ បាយ[ba:i ; ba:j] រុយ[ruj ; rui] ឲ្យ[ao:j ; ao:i]។ ផ្លូវ[phlov ; phlou] លីវ[li:v ; li:u] ជាវ[ci:əv ; ci:əu] បើយោងទៅតាមសូរ គឺស្មើគ្នា ប៉ុន្តែនៅក្នុងអក្ខរាវិរុទ្ធខ្មែរយើងប្រើនឹង(យ វ)ច្រើនណាស់។
៦. នៅក្នុងស្នាដៃលោក លោកមានបង្ហាញអំពីកំពស់ ប្រវែង នៃមាត់យ៉ាងច្បាស់ចំពោះសូរស្រៈនីមួយៗ។ ហើយលោកក៏បានបង្ហាញផងដែរស្ដីអំពីបន្សំសូរស្រៈព្យញ្ជនៈដែលអាចនិងមានលទ្ធភាពផ្សំបាន។ 
៧. ចំពោះចំណុចដែលគួរគិតពិចារណានិងត្រិះរិះបន្ត 

  • គ្មានព្យញ្ជនៈ[ʔ](អោយ/[ao:j])នៅខាងមុខទេ ប៉ុន្តែមាននៅកណ្ដាល(ស្អាត [sʔa:t])និងចុងពេលស្រៈខ្លីគ្មានតួប្រកប(តុ/ [to̥ʔ])។
  • ចំណែកព្យញ្ជនៈ/ស/ដែលមានឋានៈជាសូរលេប(ព្យញ្ជនៈប្រកប) គឺដូរជា/ហ ឬ ះ/។ ហើយសូរវែងទៅជាសូរខ្លីជានិច្ច។

ល្អចំពោះ
  • អ្នកបង្រៀនភាសាខ្មែរទៅបរទេស ក្នុងការរៀបចំក្បួនអំណានក្នុងភាសាខ្មែរ។
  • របៀបបង្ហាញឬធ្វើសំឡេងព្យញ្ជនៈស្រៈ។
  • ជាមូលដ្ឋាននៃអ្នកសិក្សាអំពីសូរវិទ្យាដំបូង ហើយក៏អាចយកស្នាដៃលោកទៅអភិវឌ្ឍបន្ត ឲ្យកាន់តែមានភាពទាន់សម័យឡើង។ 
  • ក៏អាចផងដែរ ប្រសិនបើចង់ដូរសំណេរខ្មែរឲ្យមានឯកភាព។
  • ហើយក៏ជួយផងដែរ ក្នុងការមើលអំពីបំរែបំរួលផ្នែកសូរ ទោះបីជាមិនសូវជាច្រើនក៏ដោយក៏វាមានខ្លះដែលអានឲ្យយើងប្រៀបធៀបបាន តាមលក្ខណៈវិទ្យាសាស្ត្រដែរ។
ចុងក្រោយ សូមថ្លែងអំណរអរគុណចំពោះស្នាដៃលោក។


ដោយ ញ៉.ផល្លី សុផេន
២៣ មិថុនា ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ