ញូង សឿង-គោលដំណើររបស់ជីវិត
គោលដំណើររបស់ជីវិត
ធម្មតាអ្នកថ្មើរទេសបរិបូណ៌ដោយសតិ គេមិនដែលស្ទុះឆ្លងកាត់លោកតាមកំឡាំងចំណង់ចិត្តទេ គេតែងរៀបចំខ្លួនគេឲ្យរៀបរយជាមុនមានការពិចារណារកផលប្រយោជន៍ រកសេចក្តីចំរើននៃការធ្វើដំណើរទៅនោះ គូសផែនទីផ្លូវដែលត្រូវគោចរ កំណត់ទីកន្លែងដែលត្រូវឈប់សំរាក នឹងរៀបចំប្រដាប់សំរាប់ដើរផ្លូវជាដើម។ ពេលធ្វើដំណើរកាលដល់ដំណាក់នីមួយៗ គេមិនបានបណ្ដោយរាងកាយដែលកំពុងតែស្រពោនស្រពន់នោះឲ្យសំរាកសំរានដោយស្រួលតាមនិស្ស័យធម្មតាភ្លាមទេ គេខំប្រឹងជញ្ជឹងគិតដល់រយៈដំណើរដែលបានធ្វើមកហើយជាមុនសិនដើម្បីទាញយកពិសោធន៍ ទុកប្រើជាប្រយោជន៍ក្នុងរយៈដំណើរទៅមុខទៀត។
ចំណែកយើងរាល់គ្នាដែលមានអាយុជឿនលឿនក្រែលមកហើយគួរតាំងចិត្តឲ្យក្លាហាន ដើម្បីឈប់សំរាកជញ្ជឹងគិតដល់ដំណើរជីវិតដែលប្រព្រឹត្តកន្លងមកហើយ តើបានចូលតាមផ្លូវដែលចេញទៅកាន់វត្ថុបំណងរបស់យើងហើយឬនៅ ឯវត្ថុបំណងបានច្បាស់ប្រកដក្នុងចិត្តរបស់យើងឬទេ។
ពេលនេះយើងឋិតនៅក្នុងដើមខែនៃឆ្នាំថ្មីជាឱកាសប្រពៃល្មមឈប់សំរាក ជញ្ជឹងគិតពីជិវភាពរបស់យើង។ ប្រស្នាជិវិតនេះគាប្បីលើកយកមកពិចារណាជារឿយៗ ដើម្បីកំណត់វត្ថុបំណងរបស់យើងឲ្យច្បាស់លាស់ ហើយសាងឧត្តមគតិឯណាមួយដើម្បីលើកស្ទួយជីវិតរបស់យើងឲ្យមានខ្លឹមសារឡើង ព្រោះយើងពុំបានរស់នៅក្នុងលោកដើម្បីបរិភោគ សន្សំទ្រព្យ ឬលេងសប្បាយតែប៉ុណ្ណោះទេ។ ឧត្តមគតិនោះនឹងប្រកាសចេញឡើងបានឬដែលយើងនឹងអាចយកឈ្នះខ្លួនយើងបាន លុះតែយើងស្គាល់នូវសមត្ថភាពនិងគុណវិបត្តិរបស់យើងដោយហ្មត់ចត់ហើយខិតខំចំរើនកំឡាំងរាងកាយ កំឡាំងសតិបញ្ញាកំឡាំងសីលធម៌ឲ្យបានបរិបូណ៌ឡើង។
ប្រស្នាដែលគួរដេញដោលខ្លួនឯងនោះទៅតាមសេចក្តីយល់ឃើញនឹងសមត្ថភាពរៀងៗខ្លួន តែគាប្បីលើកខដូចរាយតទៅនេះមកពិចារណា ៖ ១) សុខភាព ២) ការងារ ៣) វង្សត្រកូល ៤) កិច្ចប្រស្រយនឹងជនដទៃ ៥) បញ្ញានឹងចំណេះវិជ្ជា ៦) ការកសាងខ្លួន
លុះពិចារណាត្រួតត្រាខ្លួនឯងដោយគតិគមន៍ ដូច្នេះហើយត្រូវត្រិះរិះរំពឹងរកឧបាយនិងវិធីកែនិស្ស័យអាក្រក់ ចំរើននិស្ស័យល្អ ដុសខាត់អធ្យាស្រ័យគ្រោតគ្រាតឲ្យប្រណីតបញ្ចង់ថ្លៃថ្លាឡើង ដោយរៀបជាផែនការទុក រួចតាំងចិត្តព្យាយាមប្រតិបត្តតាមន័យដែលបានត្រិះរិះឃើញប្រពៃហើយនោះ។ តទៅដល់ពេលចាប់ធ្វើ ដំណើរតទៅមុខទៀតយើងត្រូវខំប្រឹងសង្វាតធ្វើតាមផែនការដែលបានប្ដាជ្ញាទុកនោះ កុំបីរួញរាដល់ឧបសគ្គផ្សេងៗ ហើយឧស្សាហ៍ពិនិត្យផ្ទៀងផែនការរបស់យើងប្រៀបធៀបនឹងសេចក្តីចំរើនរៀងរាល់ថ្ងៃ រៀងរាល់អាទិត្យ រៀងរាល់ខែ។
ក្នុងកិច្ចកសាងជីវិតនេះ ការស្រឡាញ់ការងារដែលយើងធ្វើនាំឲ្យកើតសេចក្តី ជ្រះថ្លា ជឿទុកចិត្តក្នុងគុណសម្បត្តិរបស់យើងឲ្យមានសេចក្តីសង្ឃឹមញញឹមទុកថា ជីវិតរបស់យើងមុខជាដើរទៅដល់ទៅប្រាថ្នាជាប្រកដ ព្រោះជាទីដែលយើងត្រូវទៅឲ្យដល់ យើងបានដឹងជាក់ហើយផ្លូវដែលនាំទៅកាន់ទីនោះ យើងបានស្គាល់ បានកំណត់សព្វអន្លើឥតចន្លោះ ចំណែកខ្លួនយើងវិញ យើងក៏បានរៀបចំខ្លួនស្រេចព្រមហើយ។
ជីវិតដែលបានរៀបចំដំណើរការកសាងដូច្នេះ ជាជីវិតមានរសជាតិគួរដល់ការរស់នៅពិតប្រាកដ។ អ្នកប្រាជ្ញទាំងឡាយរ៉ាប់រងថា ជីវិតជាការតស៊ូ បើយើងចុះញ៉មមិនគិតចាត់ការប្រុងខ្លួន យើងនឹងបានតែជាអ្នកចាញ់ជាដរាប។ នរណាអេះ ក្នុងបណ្ដាយើងរាល់គ្នាដែលព្រមទទួលចំណែកចាញ់រហូតទៅ? កាលយើងបានរៀបចំគោលដំណើររបស់ជីវិតឲ្យមាំមួនដូចបានពោលមកហើយនោះ ពរបួន(៤) ប្រការដែលគេនិយមចែករំលែកជូនគ្នាក្នុងវេលាចូលឆ្នាំថ្មី មុខជានឹងមិនលះបង់ចោលយើងទេគឺ ៖

អាយុ វណ្ណៈ សុខៈ ពលៈ
ញូង-សឿង
សំរួលអក្ខរាវិរុទ្ធនិងឃ្លាខ្លះដោយ
ញ៉.ផល្លី សុផេន
១៨ វិច្ឆិកា ២០១៩
ឯកសារយោងនិងពន្យល់ពាក្យ
ដកស្រង់ពីទស្សនាវដ្តីមិត្តភាសាបាលី ឆ្នាំទី១លេខ១ទំព័រ២៩ដល់៣២
សតិ ជាអ្វីដែលយើងចេះចំាដោយមានការរំលឹកដល់សកម្មភាពដែលខ្លួនកំពុងធ្វើ ជាអ្វីដែលប្រាប់ថាធ្វើនេះខុសព្រោះពីមុនធ្លាប់ធ្វើម្ដងហើយឬធ្វើនោះត្រូវព្រោះធ្លាប់ឃើញមានពិសោធន៍ហើយ។
គតិគមន៍ ជាដំណើរទៅដោយអធ្យាស្រ័យល្អ តាមគន្លងប្រាជ្ញាញាណ។

Comments
Post a Comment