បន្លែបង្ការ ឬក៏ជាបន្លែបង្កា

បន្លែបង្ការ ឬក៏ជាបន្លែបង្កា?

បន្លែបង្ការ ឬជា បន្លែបង្កា? 

ហើយវាមានប្រភពមកពីណា? 

១. ជាដំបូងយើងសូមនាំលោកអ្នកអានពិនិត្យមើលលើ វចនានុក្រម ជាមុនសិន៖ បន្លែបង្ការ (--បង់-កា) ន. បន្លែច្រើនមុខឬបន្លែរាយរងដែលទុកបង្ការក្រែខ្វះខាត។ បន្លែ១ (បន់-ល៉ែ) ន. ស្លឹក, ផ្លែ, ផ្កា, មើមជាដើមសម្រាប់ស្ល : បន្លែស្រស់, បន្លែក្រៀម។ បន្លែ២ កិ. ប្រែបកស្រាយ, អធិបាយ (ព.បុ.) : បាបមិត្ត បន្លែថា មិត្តអាក្រក់, មិត្តខិលខូច, មិត្តនាំឱ្យវិនាស។ បន្លែ៣ ប. ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន្លប់ ឬ បន្លំ : បន្លែបន្លប់ គឺបន្លប់ដោយសម្ដីអធិប្បាយផ្សែផ្សំ; បន្លែបន្លំ គឺបន្លំដោយពោលពាក្យអធិប្បាយផ្សែផ្សំនាយអាយឱ្យអ្នកស្ដាប់ ភ័ន្តស្មារតី។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំ.៥៥០) ; បង្ការ១ កិ. រារាំង, ប្រុងប្រយ័ត្ន ការពារសេចក្ដីអន្តរាយឬការខ្វះខាតក្រែងនឹងមានទៅខាងមុខ : ដាក់ថ្នាំសង្កូវខ្លះបង្ការផង, ដាក់បាយបង្ការតាមផ្លូវ។ បង្ការ២ ប. ពាក្យបរិវាររបស់ពាក្យ បន្លែ : បន្លែបង្ការ គឺបន្លែនិងបន្លែរាយរង ដែលត្រូវឱ្យមានទុកបម្រុងការខ្វះខាតឬបន្លែច្រើនមុខនេះខ្លះ នោះខ្លះ។ ព.ប្រ. បន្លែបង្ការ ន. ពាក្យផ្សែផ្សំពីនេះពីនោះចម្រុះ លាយគ្នាក្រងជាសេចក្ដី ដូចជាបន្លែច្រើនមុខ : គាត់ចេះតែ និយាយបន្លែបង្ការតាមតែរួចពីមាត់ទៅទេ។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំ.៥២៧)។ បើយើងយោងទៅលើអំណោយន័យរបស់វចនានុក្រម ពិតជាត្រូវនឹងន័យនៃពាក្យនីមួយណាស់ ហើយក៏គ្មានអ្វីដែលគួរឱ្យសង្ស័យដែរ ព្រោះអំណោយន័យលើ ពាក្យបន្លែបង្ការអាចថាគ្រប់លក្ខណៈហើយ។ 

ទោះបីជាយ៉ាងនេះក៏ដោយ ក៏យើងមិនគួរមិនគិតរកអ្វីដែលអាចថាល្អជាងឬក៏ជាជ្រុងមួយថ្ មីក្នុងការពិចារណាដែរ។ ដោយខ្ញុំយល់ឃើញដូច្នេះហើយបានជាខ្ញុំសាកល្បងពិចារណា លើពាក្យបន្លែបង្ការនេះម្ដងទៀត ហើយការពិចារណានេះបានលទ្ធផលផ្សេងពីវចនានុក្រម គឺបន្លែបង្កា អ្វីដែលខុសនោះគឺប្រភពពាក្យ នៃពាក្យទាំងពីរមិនដូចគ្នា ដូច្នេះហើយបានជាមានសំណេរខុសគ្នាដូចសំណេរខាងលើ។ តទៅនេះ ខ្ញុំនឹងនាំលោកអ្នកអានទៅពិចារណលើពាក្យទាំងពីរនេះជាមួយនឹងខ្ញុំ។

២. ដើម្បីជាការចាប់ផ្ដើម យើងពិនិត្យលើពាក្យផ្លែ ផ្លែពិតណាជានាមផងកិរិយាផង ឯផ្កាក៏ជានាមផង ជាកិរិយាផងដែរ។ ហើយបើសិនជាគេចង់បានន័យដែលស្ដែងចេញជាលទ្ធផល គឺផ្លែផ្កា។ 

ក/ ទុកពេលឱ្យធ្វើការងារហ្នឹងយូរហើយ តែដូចជាគ្មានឃើញផ្លែផ្កាអ្វីសោះ។ ដូច្នេះ ពាក្យផ្លែផ្កាជាលទ្ធផលរបស់ធ្វើការងារ។ 

ខ/ ទៅបេះស្លឹកឈើស្លឹកព្រៃមក ធ្វើជាបន្លែ។ បន្លែជាលទ្ធផលដែលជាសភាវនាមនិយាយអំពីរបស់ដែល គេយកមកស្ល ហើយអ្វីដែលគេយកមកស្លនោះមានអ្វីខ្លះឬយ៉ាងម៉េចខ្លះ ដើម្បីបញ្ជាក់គេនិយាយស្លឹក ឈើស្លឹកព្រៃ បើសិនជាមិននិយាយថាស្លឹកឈើស្លឹកព្រៃនោះទេ គឺមិនដឹងថាអ្វីច្បាស់ទេ អាចជាផ្លែ អាច ជាផ្កា អាចជាស្លឹក អាចជាមើមជាដើម។ 

បើសិនជាយើងគឹទៅលើខ/ស្លឹកឈើស្លឹកព្រៃមិនមែនជាធាតុសំខាន់ឬជាទូទៅ មានតែផ្លែផ្កាទេដែលជា លទ្ធផលដែលជាធាតុសំខាន់ផងដែរ ប៉ុន្តែមិនទាន់បានក្លាយជាសភាវនាមនោះទេ ដូច្នេះគេត្រូវកម្លាយ ពាក្យផ្លែផ្កាឱ្យទៅជាពាក្យកម្លាយដែលជាសភាវនាម ដោយប្រើផ្នត់ជែកទម្រង់[-សព-] => បន្លែបង្កា (ផ្លែ + [-អន់-] => បន្លែ ; ផ្កា + [-អង់-] => បង្កា)។ 

សរុប៖ បន្លែបង្កា ជាអ្វីដែលគេយកមកធ្វើម្ហូប ដែលដំបូងឬធាតុសំខាន់គឺផ្លែនិងផ្កា ចំណែកស្លឹក ... ជាធាតុបន្ទាប់បន្សំ ដែលស្ថិតនៅក្រោមសភាពនៃបន្លែបង្កា

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ