សាសនានិងសង្គម
សាសនានិងសង្គម
ជាដំបូង យើងសូមរំឭកអំពីពាក្យថាសាសនា ជាពាក្យដែលគេប្រៀនប្រដៅមនុស្សឱ្យទៅរកផ្លូវល្អ ទៅរកភាពសុខសាន្តផងគ្នា ដើម្បីកុំឱ្យសង្គមមនុស្សមានបវិត្តិច្រើនពេក និយាយឱ្យខ្លីគឺដោះស្រាយបញ្ហាមនុស្សឱ្យធូរស្រាល ប៉ុន្តែមនុស្សបានយកចំណេញពីសាសនាដែលគំនិតដើមមិនបាននិយាយទៅកាឡៃដើម្បីបម្រើគំនិតផ្ទាល់ខ្លួន ក្រុមខ្លួន។
បន្ទាប់មក យើងនឹងមើលការប្រតិបត្តសាសនានៅស្រុកខ្មែរទាំងពុទ្ធសាសនា គ្រិស្ទសាសនា ឥស្លាមសាសនា កាលពីមុននិងឥឡូវ គេមានភាពសុខសាន្តនឹងគ្នា មិនមានអ្វីដែលបានបង្ហាញពីជម្លោះផ្នែកសាសនានោះទេ ប៉ុន្តែនៅអនាគតអាចនឹងមាន(ចំពោះទស្សនៈអ្នកនិពន្ធមានយ៉ាងយូរដប់ឆ្នាំខាងមុខ)ជម្លោះសាសនានៅក្នុងស្រុកខ្មែរ។ មូលហេតុដែលមិនទាន់មានជម្លោះដោយសារតែមនុស្សមិនប្រកាន់មាំ មិនសូវខ្វល់ពីសាសនា ពិសេសមិនចាត់ទុកសាសនាជាកំពូល គឺភាពត្រឹមត្រូវដែលអាចពិសោធបានជាកំពូល។ នេះជាលក្ខណៈពិសេសមនុស្សដែលរស់នៅលើទឹកដីខ្មែរ។
បន្ទាប់មកទៀត យើងនឹងពន្យល់លំអិតពីមូលហេតុដែលនាំឱ្យមានជម្លោះសាសនានៅអនាគត គឺមនុស្សចាប់ផ្ដើមប្រកាន់មាំលើជំនឿរបស់ខ្លួន ហើយចាប់ផ្ដើមចាត់ទុកសាសនាផ្សេងពីសាសនាខ្លួនជាសាសនាខុស ជាជំនឿខុស ហើយមានឋានៈទាបជាងខ្លួន សព្វថ្ងៃមានមនុស្សតិចនៅឡើយទេដែលមានគំនិតដូច្នេះ ពេលអនាគតនឹងមានច្រើន ហើយពេលនោះហើយ ជម្លោះសាសនាកើតមានឡើងដូចនៅស្រុកផ្សេងៗដូចថៃ ភូមា (ពុទ្ធសាសនា ឥស្លាមសាសនា) ប៉ាលីស្ទិននិងអ៊ីសាអែល (ឥស្លាមសាសនា គ្រិស្ទសាសនា)។
បន្ទាប់ពី យើងនិយាយពីជម្លោះហើយ យើងនឹងនិយាយពីដំណោះស្រាយវិញម្ដង គ្មានអ្វីក្រៅពីឈប់បង្រៀនមនុស្សឱ្យប្រកាន់ជំនឿដែលនាំឱ្យមានជម្លោះ ពោលគឺទុកសាសនាជាអាទិភាពទី២ បើល្អទី៣ ដោយរាប់ពីវិទ្យាសាស្ត្រ(គំនិតដែលអាចពិសោធបាន)។ មួយទៀត មនុស្សត្រូវតែរៀនពីទស្សនៈសាសនាផ្សេងពីសាសនាដែលខ្លួនជឿ រួមបើកចិត្តទទួលយកអ្វីដែលជាសត្យានុម័តដែលអាចពិសោធបានឬក៏សមហេតុផល។ គួរគាប្បីបោះចោលរឿងនរកសួគ៌និព្វានចោល ព្រោះជារឿងដែលស្រមៃគ្មានមូលដ្ឋានណាមួយដែលអាចពិសោធបានទេ។ បើអាចគួរតែរៀនសាសនាត្រឹមតែជាទស្សនវិជ្ជាបានហើយ បើធ្វើបានដូចនេះ នោះដំណោះស្រាយជម្លោះសាសនាបានហើយ។ បន្តទៅទៀត យើងសូមលើឧទាហរណ៍ ប្រទេសលោកខាងលិច មិននិយាយពីសាសនាពេលជួបគ្នា មិនសួរពីសាសនាពេលជួបគ្នា ប៉ុន្តែជម្លោះសាសនានៅតែមានជារឿយមិនឈប់ ព្រោះតែមនុស្សយកសាសនាជាទី១ ដូច្នេះស្រាយដូចនេះមិនអាចមានប្រសិទ្ធភាពទាំងស្រុងនោះទេ គឺត្រឹមតែសម្រាលបញ្ហាមួយគ្រាៗប៉ុណ្ណោះ។
ចុងក្រោយ យើងសូមប្រិយមិត្រអ្នកអាន យកចិត្តទុកដាក់ ហើយសួរសំណួរថា តើមនុស្សជាអ្នកមានបញ្ហាឬក៏ព្រះ នរកសួគ៌និព្វាន គណៈ សំខាន់ជាង?
ញ៉.ផល្លី សុផេន
១២ ១២ ២០១៩

Comments
Post a Comment