ដេញ-បណ្ដេញ

ដេញ-បណ្ដេញ

ដេញ-បណ្ដេញ

តើជាពាក្យទាំងពីរស្ដែងន័យដូចគ្នាខ្លះ ខុសគ្នាខ្លះ មែនដែរឬទែ? ឬមួយក៏វាមានលក្ខណៈខុសគ្នាផ្នែកន័យ តែមានភាពដូចគ្នាផ្នែកសម្ព័ន្ធ?

១. ខ្ញុំដេញគាត់ចេញពីការងារ។
២. ខ្ញុំបណ្ដេញគាត់ចេញពីការងារ។
៣. ខ្ញុំដេញគោចូលក្រោល។
៤. ខ្ញុំបណ្ដេញគោចូលក្រោល។
៥. ខ្ញុំដេញមាន់កុំឱ្យស៊ីស្រូវ។
៦. ខ្ញុំបណ្ដេញមាន់កុំឱ្យស៊ីស្រូវ។
៧. កុំដេញគាត់ ទុកឱ្យគាត់នៅចុះ។
៨. កុំបណ្ដេញគាត់ ទុកឱ្យគាត់នៅចុះ។
៩. ខ្ញុំដេញដោលរឿងនេះល្អិតអស់ហើយ។
១០. ?ខ្ញុំបណ្ដេញដោលរឿងនេះល្អិតអស់ហើយ។
១១. គេដេញថ្លៃ ដើម្បីសាងសង់ស្ពានថ្មី។
១២. ?គេបណ្ដេញថ្លៃ ដើម្បីសាងសង់ស្ពានថ្មី។
១៣. គេដេញជើងទាន់ ជាន់កែង។
១៤. *គេបណ្ដេញជើងទាន់ ជាន់កែង។
១៥. យើងនិយាយដេញ(គ្នា)ពីស្ដាំទៅឆ្វេង។
១៦. ?យើងនិយាយបណ្ដេញគ្នាពីស្ដាំទៅឆ្វេង។
១៧. យើងនិយាយដេញគ្នាពីមួយទៅមួយជាបន្ដបន្ទាប់។
១៨. *យើងនិយាយបណ្ដេញគ្នាពីមួយទៅមួយជាបន្ដបន្ទាប់។
១៩. អាវរបស់គាត់ដេញព័ណ៌ព្រៀកៗ។
២០. *អាវរបស់គាត់បណ្ដេញព័ណ៌ព្រៀកៗ។

វិភាគ ដោយសារតែយើងមិនអាចបញ្ចែកន័យបានភ្លាមៗនោះតែ កាលបើយើងគ្រាន់តែប្រើវិធីដកឬជំនួសដោយពាក្យនឹងពាក្យ ដូច្នេះ យើងត្រូវតែប្រើវិធីសម្ព័ន្ធឃ្លាសិន បន្ទាប់មកយើងនឹងពិនិត្យផ្នែកន័យជាក្រោយ។

ទម្រង់
ដេញ៖
ក/ ប្រធាន + ដេញ + កម្មបទ ។ (លេខ; ១, ៣, ៥, ៧)
ខ/ ប្រធាន + ដេញ + ដោល + កម្មបទ។ (លេខ; ៩)
គ/ ប្រធាន + ដេញ + នាម(ដែលជាសម្ព័ន្ធស្អិត) ។ (លេខ; ១១, ១៣, ១៩)
ឃ/ ប្រធាន + កិរិយា + ដេញ + កម្មបទ។ (លេខ; ១៥, ១៧)

បណ្ដេញ៖
ង/ ប្រធាន + បណ្ដេញ + កម្មបទ។ (លេខ; ២, ៤, ៦, ៨)

បើយោងទៅលើទម្រង់នៃសម្ព័ន្ធដែលជាលទ្ធភាពនៃពាក្យទាំងពីរ យើងឃើញថា មានភាពដូចគ្នាផ្នែកសម្ព័ន្ធតែមួយករណីប៉ុណ្ណោះ គឺចំណុច ក/, ង/ ដែលមាន ប្រធាន + ដេញ/បណ្ដេញ + កម្មបទ។ ដូច្នេះ យើងនឹងសិក្សាតែករណីដូចគ្នាតែមួយនេះប៉ុណ្ណោះ ដើម្បីពិនិត្យរកមើលពីភាពខុសគ្នាផ្នែកន័យ។ ហេតុអ្វីបានជាយើងពិនិត្យរកមើលផ្នែកន័យនៅត្រង់ទម្រង់នេះ ព្រោះតែយើងយល់ឃើញថា ពាក្យមួយមិនអាចដូចគ្នានោះទេ ពិសេសចំពោះពាក្យឫសនិងពាក្យកម្លាយ ត្បិតតែវាជាសន្ដានពាក្យនឹងគ្នាក៏ដោយ។

ដេញ ជាសកម្មករិយា។ ចំណែក បណ្ដេញ ជាសកម្មកិរិយាហេតុ ដែលក្លាយមកពីពាក្យឫស ដេញ ដោយប្រើផ្នត់ដើមទម្រង់[បណ៑- ; ពសព-] ; បណ៑ + ដេញ › បណ្ដេញ។ ទោះបីជាយើងមើលពីទម្រង់ លក្ខណៈនៃពាក្យហើយក៏ដោយក៏នៅតែមិនអាចចែកដាច់ថា ពាក្យទាំងពីរមានន័យផ្សេងគ្នាយ៉ាងដូចម្ដេចបានដែរ។ តទៅនេះ យើងនឹងធ្វើវិធីមួយដែលយើងឱ្យឈ្មោះថា លក្ខណៈឆ្លង ដោយសិក្សាលើពាក្យ កើត/បង្កើត។ ២១. ឆ្កែខ្ញុំកើតកូនហើយ។ ២២. ប្រពន្ធខ្ញុំកើតកូនហើយ។ ២៣. ឆ្មបបង្កើតកូនខ្ញុំ។ បើមើលនៅក្នុងស្ថានភាពមួយរវាងម៉ែនឹងកូន ហើយម៉ែនិយាយថា៖ ២៤. អញបង្កើតអ្ហែង មិនស្រួលទេ ម៉េចមិនស្ដាប់អញខ្លះផង។ ២៥. *អញកើតអ្ហែង មិនស្រួលទេ ម៉េចមិនស្ដាប់អញខ្លះផង។ ចំពោះ លេខ ២៤, ២៥ យើងឃើញថា លេខ២៥ ពិបាកនឹងទទួលយកណាស់ ចំពោះអារម្មណ៍ស្ត្រី ហេតុអ្វី? បើតាមទស្សនៈលោក នន់-ដារ៉ា លោកថា ដោយសារតែម្ដាយគិតថាខ្លួនជាជនរងអំពើដូចកូនអីចឹងដែរ គឺស្លាប់រស់ដូចគ្នា។ ហើយ យើងក៏យល់ឃើញដូចនឹងគាត់ដែរ។ ដូច្នេះសេចក្ដីខាងលើ យើងទាញទំនាក់ទំនងមកពាក្យដេញ/បណ្ដេញវិញម្ដង នេះប្រហែលជាមានលក្ខណៈដូចនឹងកើត/បង្កើតដែរ ព្រោះទាំងអ្នកនិយាយនិងអ្នកទទួលសុទ្ធតែជាជនរងអំពើដូចគ្នា។

សន្និដ្ឋាន ដូចគ្នាផ្នែកសម្ព័ន្ធ តែន័យស្ដែងខុសគ្នា
១. ដេញ អ្នករងសកម្មភាព គឺកម្មបទ។
២. បណ្ដេញ អ្នករងសកម្មភាព គឺកម្មបទ តែប្រធានបានភ្ជាប់ខ្លួនជាអ្នករងគ្រោះដោយសកម្មភាពដូចជាកម្មបទដែរ។

ញ៉.ផល្លី សុផេន
១៣ កុម្ភៈ ២០២០

ឯកសារពាក់ព័ន្ធ

- វចនានុក្រមខ្មែរ ១៩៦៧៖ ទំព័រ៣១២ ដេញ កិ. បង្អើលឱ្យដើរចេញ, បង្ខំឱ្យដើរ, កម្ចាត់ឱ្យឃ្លាតចេញ : ដេញចាប, ដេញគោ, ដេញគូលីឱ្យលែងធ្វើការ។ រត់តាមដើម្បីចាប់, ឬនឹងប្រហារ : ដេញចោរ, ដេញទន្សាយ។ ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ : ដេញមាស។ កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី : ដេញចាប៉ី។ ដេញជើង ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរឱ្យទាន់ជើង, ឱ្យឃើញពិត។ ដេញដោល សាកសួរជជីកឱ្យច្បាស់ការ, សួរសង្កិនបង្ខំឱ្យឆ្លើយដោះស្រាយ។ ដេញថ្លៃ តដំឡើងថ្លៃប្រជែងគ្នាដើម្បីឱ្យបានមកខ្លួន។ ដេញធ្នាក់ ចូលមកតយុទ្ធនឹងធ្នាក់(បក្សី)។ ដេញប្រយោគ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់។ ដេញពុត សង្កេតរកពុត, ពិនិត្យរកឱ្យឃើញពុត។ ដេញមុខការ តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ(ហៅត្រឹមតែដេញក៏បាន)។ល។ ទំព័រ៥៤២ បណ្ដេញ កិ. ដេញឱ្យឃ្លាតចាកទី ដោយបង្ខំឬដោយបំភ័យ : បណ្ដេញម្រឹគឱ្យបែកហ្វូង; បណ្ដេញកម្មករដែលមានពុតឱ្យឈប់ធ្វើការ។ ទំព័រ៦៤៦ កិ. ដេញបន្តគ្នា។ ប្រដេញជើង ដេញជើងមិនលែង។ ប្រដេញថ្លៃ ដេញតម្លើងថ្លៃដណ្ដើមយកឱ្យបានរាល់ខ្លួន។ ប្រដេញប្រដោល ដេញដោលគ្នាទៅវិញទៅមក, ដេញដោលជជីក, ដេញដោលគ្នារឿយៗ។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ