ដឹងក្លិនលុយ

ដឹងក្លិនលុយ

ដឹងក្លិនលុយ
នេះជារឿងដែលកើតមាននៅនឹងស្រុកខ្ញុំផ្ទាល់ ដែលមានការនិទានដោយពុកម៉ែ ធំៗ(អ៊ំ) មាមីង ចាស់ៗ ដែលខ្ញុំបានជួប ហើយពួកគាត់បានដំណាលពីនេះពីនោះរហូតដល់រឿងនេះឡើង។ ដែលចេញពីមនុស្សម្នាក់ដឹងក្លិនលុយ ទោះបីជាគេលាក់លុយនៅកន្លែងណាដឹងដែរ នាសម័យថ្ងៃមួយគ្រួសារមួយទើបតែនឹងលក់គោហើយថ្មី មួយស្របក់ក្រោយមកមនុស្សដែលដឹងក្លិនលុយនោះបានចូលមកលេង ហើយនិយាយថា ផ្ទះនេះមានលុយច្រើននៅលើផ្ទះ។ ម្ចាស់ផ្ទះប្រកែកញ៉ាញថា គ្មានទេ! គ្មានទេ! តែអ្នកដែលដឹងក្លិនលុយថា មាន បើមិនជឿគាត់ទៅយកមកឱ្យមើល។ ម្ចាស់ផ្ទះនៅតែក្រកែកទាំងភ័យ តែចេះតែធ្វើមិនភ័យទៅ។ អ្នកអង្គុយលេងនឹងគាត់ក៏មិនមាននរណាម្នាក់មាត់ដែរ តែខំនិយាយរឿងផ្សេងៗដើម្បីបង្វែរកុំឱ្យនិយាយពីលុយទៀត។ អ្នកដឹងក្លិនលុយក៏ដើរចេញទៅ។ អ្នកម្ចាស់លុយបាននិយាយប្រាប់អ្នកនៅអង្គុយដែលជាម្ដាយមីងថា មីងអើយ! ខ្ញុំភ័យសឹងស្លាប់។ លុយទើបតែលក់គោថ្មីៗ ហើយលាក់នៅក្រោមកន្ទេល។ ម្ដាយមីងក៏ឱ្យយកលុយនោះទៅផ្ញើនឹងម៉ែរបស់គាត់សិនទៅ បើត្រូវការចាំទៅយក ក្រែងយប់ហ្នឹងវាមកយក។ រឿងនេះបានបញ្ចប់ត្រឹមហ្នឹង ហើយក៏បន្តដំណាលពីសកម្មភាពអ្នកដឹងក្លិនលុយនោះបន្តទៀត។ នាថ្ងៃមួយ អ្នកដឹងក្លិនលុយនោះបានទៅប្រាប់អ្នកភូមិឱ្យទុកកូនស្រីឱ្យគាត់ ព្រោះយប់ហ្នឹងគាត់ចង់ស្រី អ្នកភូមិគ្មានអ្នកណាម្នាក់ហ៊ានជំទាស់សោះឡើយ តែចេះតែអង្វរកនឹងគាត់ គាត់ក៏មិនថា ហើយចេញទៅក្រៅភូមិបាត់ទៅអស់រយៈពេលយូរខែទើបមកវិញ។ កាលបើគាត់មកវិញអ្នកភូមិរមែងភ័យក្លាច គេមិនចូលចិត្តនឹងគ្រួសារអ្នកដឹងក្លិនលុយនោះទេ ហើយគេក៏មិនចង់រាប់រកដែរ តែក្លាចអំណាចអ្នកដឹងក្លិនលុយក៏ចេះតែធ្វើធម្មតាៗទៅ។ កាលបើបាត់មួយរយៈហើយ គាត់បានមកវិញ ហើយសួររកពូម្នាក់ឱ្យទៅផឹកនឹងគាត់ តែពូម្នាក់នោះគាត់មិននៅព្រោះគាត់នៅស្រែជាប់ភ្ជួរ។ គេប្រាប់ហើយគេគាត់នៅតែបង្ខំធ្វើម៉េចឱ្យពូម្នាក់នោះមកជួបនឹងគាត់ឱ្យខានតែបាន បើមិនព្រមទេគាត់ដុតផ្ទះពូម្នាក់នោះចោល។ មានគេទៅតាមមកហើយ តែស្រែនោះឆ្ងាយដែរដូច្នេះទម្រាំតែដើរមកដល់ចំណាយពេលយូរដែរ។ គាត់បានយកភ្លើងមកដុងផ្ទះពូម្នាក់នោះ មានគេចង់មកជួយលត់ភ្លើង តែគាត់បានឃាត់ គំហាត់របស់គាត់ធ្វើឱ្យមនុស្សដែលប្រុងនឹងជួយនោះក្លាចរអាល មិនហ៊ានចូលលត់ទេ។ ពូម្នាក់នោះបានមកដល់ គាត់ឃើញក៏បើកដៃឱ្យគេលុយភ្លើងដែលឆេះផ្ទះនោះទៅ។ ម្នាក់ៗភ័យក្លាច តម្អូញ តែមិនដឹងជាធ្វើម៉េច។ សូម្បីតែពេលមួយប៉ូលិស ទាហ៊ាន ដេញចាប់គាត់ ហើយគាត់ទាល់ទៅឡើងលើដំបូលព្រះវិហារហើយក៏មិនមានអ្នកណាហ៊ានដែរ។ ព្រោះគាត់និយាយថា បើហ៊ានតែចូលមក គាត់បោកគ្រាប់បែកសម្លាប់ទាំងអស់គ្នា។ ខ្ញុំស្លាប់ទៅបិទភ្នែកជិត អ្នកឯងមានប្រពន្ធកូនយំ ខ្ញុំគ្មានទេ។ សម្ដីនេះហើយដែលធ្វើឱ្យមនុស្សភ័យជាក់សាច់។ ការប៉ុនប៉ងចាប់ក៏រំសាយទៅវិញ។ ទង្វើអាក្រក់របស់អ្នកដឹងក្លិនលុយក៏ចេះតែបន្ត គ្មានអ្នកណាមួយហាមបានឡើយ ព្រោះសម័យនោះមនុស្សមានកំាំភ្លើង មានគ្រាប់បែក ណាមួយគាត់ធ្លាប់ធ្វើជាទាហានផង។ ណាមួយមនុស្សទើបតែចេញពីភ័យនៅសម័យប៉ុលពត គ្មានស្មារតីណានឹងតទល់ទេ គឺទ្រាំរកតែសុខ គឺសុខដែលមិនស្លាប់ មិនមែនសុខក្នុងចិត្តនោះទេ។ ទង្វើនេះក៏ចេះតែកើតមានជាបន្តបន្ទាប់ ហើយទង្វើនេះបានប៉ះនឹងគ្រួសារមួយដែលគ្រាន់បើដែរ គេមិនព្រមបណ្ដោយឱ្យធ្វើអ្វីលើគ្រួសារគេម្ដងជាពីរដងនោះទេ។ សកម្មភាពប្រឆាំងក៏កើតមានជាសម្ងាត់ គឺស្ងាត់រហូតដល់ពេលនេះ មិនដឹងថានរណាមួយសម្លាប់ឡើយ គ្រាន់តែដឹងពីរឿងដែលគេដំណាលតៗគ្នាយ៉ាងដូច្នេះថា៖ មានអ្នកភូមិម្នាក់ដែលមានគំនិតក្នុងការរៀបចំគម្រោងការ ដោយមានសហការនឹងទាហានកំលោះម្នាក់ យុវជនភូមិបីបួននាក់ បានបបួលអ្នកដឹងក្លិនលុយនោះទៅផឹកស៊ីសាច់ឆ្កែនៅឯវាល ផឹងស៊ីនោះ គឺធ្វើការផឹកស៊ីជាសម្ងាត់ គេផឹកនឹងគាត់មែន តែគេធ្វើជាផងដោយបង្ហូរខ្លះ ដោយចាក់ចោលខ្លះ ធ្វើម៉េចកុំឱ្យស្រវឹង ប្រលប់ថ្ងៃលិច អ្នកដឹងក្លិនលុយស្រវឹងជោកជាំហើយ។ ឃាតកម្មមួយក៏បានកើតឡើង តែខ្ញុំមិនដឹងថាមានលក្ខណៈដូចម្ដេចទេ ព្រោះគ្មាននរណាម្នាក់ដឹងឡើង ព្រោះជារឿងសម្ងាត់រហូតដល់សព្វថ្ងៃ គ្រាន់តែដឹងថាគេកប់នៅនេះ កប់នៅនោះ តែគ្មាននរណាដឹងប្រាកដទេ អ្នកភូមិមិនជួយរក អ្នកភូមិមិនអើពើ គឺតែគ្រួសារគាត់ប៉ុណ្ណោះដែលស្វែងរក ហើយការស្វែងរកនោះក៏មិនជាខ្លាំងក្លាណាស់ដែរ ព្រោះគេគិតថា គាត់ចេញទៅក្រៅ តែដំណឹងនេះមិនច្បាស់ការ ម្នាក់ៗក៏មិនដឹងច្បាស់ដែរ បើស្លាប់ល្អ តែបើមិនស្លាប់ភ័យបន្តទៀតហើយ។

កង្វល់បានបាត់តាំងពីពេលនោះមកដល់សព្វថ្ងៃ ដោយគ្មាននរណាម្នាក់ដឹងសោះឡើយ។

រឿងនេះខ្ញុំដឹងដោយច្បោលៗដូច្នេះ ហើយអ្វីដែលជ្រៅជាងនេះខ្ញុំមិនបានដឺងទេ បើសិនជាដឹងអ្វីថ្មី ខ្ញុំនឹងប្រាប់បន្ត។

ញ៉.ផល្លី សុផេន
២៥ កុម្ភៈ ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ