ហឹរ/ហិល/រឹល
ហឹរ/ហិល/រឹល
![]() |
| រឹល/រិល-ហឹរ/ហើរ-ហិល |
ដែលខ្ញុំលើកយកពាក្យទាំងនេះមកសរសេរក៏ដោយសារតែ ខ្ញុំបានមើលឃើញមានការសរសេរកន្លងមកខុស ហើយនិងមានការជជែកពិភាក្សាគ្នាដោយតាមទំនើងចិត្តខ្លួនឯង។ ទាំងនេះមិនមែនមានន័យថាខ្ញុំចេះដឹងអ្វីនោះទេ ក្នុងគោលបំណងតែម្យ៉ាងប៉ុណ្ណោះ គឺចង់ឱ្យការពិភាក្សានិងការប្រើប្រាស់ពាក្យឱ្យមានលក្ខណៈដែលអាចទទួលយកបានទាំងសងខាង។ ដើម្បីដោះស្រាយបញ្ហានេះ យើងសូមលើលក្ខណៈសូរវិទ្យាមកវិភាគជាដំបូង៖
១) បំណកស្រាយតាមសូរវិទ្យា
ក- តួប្រកប /រ ឬ ល/ ដែលនៅខាងចុង រាល់ពាក្យដែលមានបរិបទតែមួយ តួប្រកបរវាង រ និង ល គ្មានភាពប្រឈមផ្នែកន័យនោះទេ ដូច្នេះ រ និង ល ជាសទ្ទតាតែមួយ។ ដែល រ ជាសទ្ទតាដើម ឯ ល ជាសទ្ទតាដែលកើតចេញពីការសម្រួលសូរ ក្នុងករណីដូចគ្នានេះយើងរាប់ទាំងអវត្តមានសទ្ទតា រ ផងដែរ។
ឧទាហរណ៍៖ កង្ហារ > កង់-ហា / កង់-ហាល់ ; ដែរ > ដែ / ដែល , ដែល > ដែ / ដែល។ បើយោងទៅតាមឧទាហរណ៍ទាំងនេះ យើងឃើញថា រ មានក្នុងសំណេរដែលនៅស្រុកខ្លះមានបញ្ចេញសូរ ប៉ុន្តែសព្វថ្ងៃមិនចេញច្បាស់ទេ ហើយស្រុកខ្លះបោះសូរ រ ចោល ឯស្រុកខ្លះទៀតដូរសូរ រ ជា ល។
ខ- តួព្យញ្ជនៈខាងដើម /រ ឬ ហ/ បើយោងតាមលោកហ្សង់មីស៊ែល រ ខ្មែរមានទីបន្លឺពីរកន្លែង អ្នកត្រើយខាងលិចទន្លេមេគង្គមាន រ នៅកណ្ដាលអណ្ដាតកណ្ដាលប្រអូម ខ្យល់មាត់ សូរលំហូរឃោសៈលំញ័រ ឯអ្នកត្រើយខាងកើតទន្លេមេគង្គមាន រ នៅគល់អណ្ដាតក្រអូមក្រោយទន់ ខ្យល់មាត់ សូរត្រដុសឃោសៈ សូរនេះយើងអាចដឹងបានក្នុងទម្រង់ប្រហាក់ប្រហែលដោយយកទឹកទៅខុរ ពេលនោះនឹងឮសំឡេងនោះហើយ។
ឧទាហរណ៍៖ រៀបនឹង/ហៀបនឹង មានតែពាក្យមួយនេះទេដែលមានឃើញជាសំណេរនៅក្នុងវចនានុក្រម ប៉ុន្តែបើនៅក្នុងសម្ដីវិញមានច្រើន។ ចំពោះសំណេរនេះ យើងជឿថា ហ នៅក្នុងពាក្យ ហៀប មិនមានសូរដូរពាក្យ ហាត់ ហាសិប នោះទេ ប៉ុន្តែគ្មានព្យញ្ជនៈណាដែលប្រហាក់ប្រហែលនឹង ហ ដូច្នេះហើយទើបអ្នកតែងវចនានុក្រមរើសយកព្យញ្ជនៈ ហ មកប្រើ។
គ- ស្រៈ /ិ និង ឹ/ ជាស្រៈដែលយើងដឹងគ្រប់គ្នាថាមិនមានលក្ខណៈច្បាស់លាស់ឡើយ គឺអាចជំនួសគ្នាបាន ហើយមានពាក្យជាច្រើនដែលយើងអាចកត់ត្រាបានពីរបែប រិម/រឹម។ ចំពោះលក្ខណៈនេះ មនុស្សដែលសរសេរដែលមិនបានយកចិត្តទុកដាក់សរសេរខុសជាតិសព្ទដើមទៀតផង(សង្ហារិម-ត្រូវ, សង្ហារឹម-ខុស)។
សរុប១ ចំពោះបញ្ហាសូរហើយយល់ថាសទ្ទតា រ-, ហ- ; -រ, -ល ; ិ, ឹ ជាសទ្ទតាតែមួយក្នុងបរិបទការសិក្សានេះ។
២) បំណកស្រាយតាមន័យ
ក) រឹល/រិល/ហិល ជាពាក្យដែលមានទំនាក់ទំនងយើងជិតស្និទនឹងគ្នា ហើយន័យមួយដែលដូចគ្នាទាំងស្រុង គឺក្នុងឧទាហរណ៍របស់វចនានុក្រមថា "កាំបិតរិល, ចបហិលមុខ"។
ខ) ហឹរ ចំពោះយើងជាពាក្យដែលកើតឡើងតាមវិធីត្រាប់សូរ ដោយពេលដែលយើងហូបរបស់មានរសជាតិហឹរ យើងហាមាត់ដើម្បីឱ្យមានខ្យល់ចេញចូល ខ្យល់ដែលចេញចូលនោះមានធាតុត្រជាក់នោះអាចកាត់បន្ថយរសជាតិហឹរបានខ្លះ។ ទង្វើបែបនេះបានបង្កើតសូរមួយឡើងគឺ ហឹរ ឬ ហើរ។
សន្និដ្ឋាន៖ ពាក្យ រឹល/រិល/ហិល ជាពាក្យតែមួយ ប៉ុន្តែមានការបែងចែករបៀបប្រើខុសគ្នាក្នុងវចនានុក្រម ឯការប្រើប្រាស់ជាក់ស្ដែងមិនមានបែបនេះទេ។ ឯពាក្យ ហឹរ ជាពាក្យដែលគ្មានទំនាក់ទំនងន័យនឹង រឹល/រិល/ហិល ឡើយ ប៉ុន្តែការនិយាយជាក់ស្ដែងមានសូរត្រូវគ្នា ហិល/ហឹល ដែលអាចឱ្យយើងយល់ថាជាពាក្យតែមួយ។ តាមពិតមិនមែនជាពាក្យតែមួយនោះទេ បើយោងតាមសរុប១។
២០ មិថុនា ២០២៣
ញ៉.ផល្លី-សុផេន
ឯកសារពាក់ព័ន្ធ៖
![]() |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៥២១_ហឹរ |
![]() |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១០៥៣_រឹល ឬ រិល |
![]() |
| វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៥១៩_ហិល |




Comments
Post a Comment