លេខទោ(ៗ)ឬអាមេណ្ឌិតសញ្ញា
លេខទោ-ៗ
![]() |
| លេខទោ/...ៗ ឬ អាមេណ្ឌិតសញ្ញា |
៙ បើសិនជាយើងពិនិត្យទៅលើឧទាហរណ៍ខាងក្រោម នោះយើងអាចទាញសន្និដ្ឋានមួយបានដូច្នេះ៖
៙ ពាក្យដែលមិនស្ដែងនាមណាមួយ យើងប្រើសញ្ញាលេខទោ ប៉ុន្តែបើសិនជាស្ដែងនាមណាមយយ នោះយើងមិនត្រូវប្រើទេ ព្រោះវាជាកន្សោមពាក្យមួយតែម្ដង។
ផ្ទុយទៅវិញ ប្រសិនបើពាក្យនោះជាពាក្យដែលស្ថិតនៅក្នុងថ្នាក់សម្ព័ន្ធផ្សេងគ្នា(១០) មិនគួរសរសេរសញ្ញាលេខទោទេ គួរតែសរសេរដាច់ចេញពីគ្នា(១១)។
៙ ចំពោះការហៅ បងៗ ឬ បង បង ? បើតាមសេចក្តីសន្និដ្ឋាន គឺគួរតែប្រើ បង បង ព្រោះវាបញ្ញត្តនាមតែមួយ មិនមែនបញ្ជាក់ឲ្យនាមណាមួយឡើយ។
៙ ចំពោះ ពាក្យដែលខ្ចីពីបាលីសំស្ក្រឹត យើងគួរតែប្រើលេខទោទៅតាមលក្ខណៈខ្មែរយើង ប៉ុន្តែសំណេរដែលជាជាតិសព្ទ យើងមិនត្រូវកែទេ។ ដូចយ៉ាង នានា ប្រសិនបើគេប្រើវាជាលក្ខណៈបាលី សំស្ក្រឹត នោះយើងរក្សាវាដដែលចុះ ប៉ុន្តែបើសិនជាខ្មែរយើង គួរតែសរសេរជាខ្មែរ ប្រទេសនានា គួរតែ ប្រទេសនាៗ ប៉ុន្តែ បើនានាប្រទេស នោះយើងរក្សានៅដដែល។
៙ ឧទាហរណ៍
១. មានអាគារខ្ពស់ៗច្រើន។
២. *មានអាគារខ្ពស់ច្រើនៗ។
៣. មនុស្សស្រីច្រើនជាងមនុស្សប្រុស។
៤. មានស្រីៗ មានប្រុសៗ។
៥. *មានស្រីស្រី មានប្រុសប្រុស។
៦. *តើស្រីៗនៅផ្ទះទេ?
៧. តើស្រីស្រីនៅផ្ទះទេ?
៨. ជនជាតិខ្មែរមានជំនឿតៗគ្នាជាច្រើនឆ្នាំមកហើយ អំពីអ្នកតា។
៩. សំឡេងចាបយំចចេកចចាចៗ នៅចុងឈើ។
១០. *ខ្ញុំចូលចិត្តម៉ូតូៗទំនើប។
១១. ខ្ញុំចូលចិត្តម៉ូតូ ម៉ូតូទំនើប។
ញ៉. ផល្លី សុផេន
០៧ តុលា ២០១៩
អត្ថបទអានបន្ថែម
៙ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ បោះពុម្ពគ្រាទី៥ ទំព័រ
*១៧៤១-៤២ អាមេណ្ឌិត (-មេន.ឌិតៈ ឬ -មេត.ឌិត) គុ. (បា.; សំ. អាម្រេឌិត) ដែលផ្ទួនពីរដង, ដែលផ្ទួនៗ, ថែមៗ, ដែលថាដដែលៗ, ច្រំដែល(ប្រើចំពោះតែសម្ដី : ពាក្យថា ផ្សេងៗ, ទីទៃៗ, តូចៗ, ធំៗ. កុំៗ. ទេៗ ជាដើមជាសម្ដីអាមេណ្ឌិត)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. -មេត.ឌិតៈ, ដូចជា អាមេណ្ឌិតពាក្យ ឬ _វាចា, _វាទ ពាក្យផ្ទួន, សម្ដីថែមៗ ដូចយ៉ាង ទៅៗ!, កុំៗ, បងៗ ជាដើម(ហៅអនុលាប ក៏បាន)។ អាមេណ្ឌិតលេខ ឬ អាមេណ្ឌិតសញ្ញា លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានខាងក្បាលឬខាងលើជាលេខ២ ប៉ុន្តែខាងកន្ទុយឬខាងក្រោមទាញចុះ(ៗ) នេះសម្រាប់សរសេររៀងពីខាងមុខពាក្យដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម, ប៉ុន្តែពាក្យ បា. អាបោ អាបោ ជាដើមកុំប្រើ អាបោៗ ត្រូវប្រើ អាបោ អាបោ តាមរូបដើម (ហៅលេខទោ ក៏បាន។ ម.ព. វណ្ណយុត្ត ទៀតផង)។ អាមេណ្ឌិតវាទី អ្នកដែលច្រើនតែនិយាយផ្ទួនៗ, ដូចជា លោកៗ, អ្នកៗ, តាៗ, យាយៗ ជាដើម (បើស្ត្រីជា អាមេណ្ឌិតវាទិនី)។ អាមេណ្ឌិតសព្ទ សព្ទផ្ទួនៗ, ដូចជា អបោ អាបោ «ទឹកៗ»; ភិយ្យោ ភិយ្យោ, សំ, ភូយស៑ ភូយស៑ «ច្រើនៗ (ច្រើនក្រៃលែង)» ជាដើម; ខ្មែរដូចជា ផ្សេងៗ, ទីទៃៗ, ច្រើនៗ, តិចៗ, ដដែលៗ ជាដើម។ល។
* ១១៥៧ វណ្ណយុត្ត ឬ _យុត្តិ (វ័ន-ណៈ-យុត) ន. (បា.ស. ; សំ. វណ៌យុក្ត ឬ _យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ ; វណ្ណយុក្តសម្រាប់ក្នុងភាសាខ្មែរមាន១៨យ៉ាងគឺ [...] ៨-លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ); [...]។
៙ ព្រុំ ម៉ល់ ២០០៦ វេយ្យាករណ៍ទម្រង់និយម នៃភាសាខ្មែរទំនើប ទំព័រ៥១-៥២ លេខទោ(ៗ) ពាក្យថា«លេខទោ»នេះមានន័យថា លេខ២ ប៉ុន្តែ បុព្វបុរសខ្មែរមិនបានធ្វើរូបវាឲ្យដូចលេខ២ទាំងស្រុងទេ ព្រោះ ខ្លាចច្រឡំ ។ សញ្ញានេះមានក្បាលដូចលេខ២ ហើយ មានកន្ទុយទាញចុះដូចយើងធ្លាប់ស្គាល់មកស្រាប់។ គេប្រើលេខទោភ្ជាប់នឹងពាក្យណាមួយ ដើម្បីឲ្យពាក្យនោះត្រូវអានផ្ទយនជាប់គ្នា។ ពាក្យ ដែលមានប្រើសញ្ញាលេខទោ ហៅថាពាក្យផ្ទួន ។ គេប្រើពាក្យផ្ទួនដើម្បីសម្គាល់ ចំនួនច្រើន ចំនួនដដែលៗ/ផ្នែកដដែលៗ ច្រើនដង រយៈពេលខ្លីខ្លាំង ឬ កម្រិតបន្តៗ ... ឧទាហរណ៍; -សម្គាល់ចំនួនច្រើន : តាៗ, អាវថ្មីៗ, មនុស្សម្នាក់ៗ, កាត់វាឲ្យខ្លីៗ, ...; -សម្គាល់ចំនួនដដែលៗ/ផ្នែកដដែលៗច្រើនដង : រៀបបួនៗ, ដើរពីរៗនាក់, យូរៗម្ដង, ទីទៃៗ, ផ្សេងៗ, ...; -សម្គាល់រយៈពេលខ្លីខ្លាំង : បន្តិចម្ដងៗ, កើនឡើងៗ, ថយទៅៗ, យឺតៗ, ...; គេអាចប្រើលេខទោ : -ជាមួយនាមស័ព្ទ : តាៗ, យាយៗ, បងៗ, ប្អូនៗ, ស្រីៗ, ក្មេងៗ (សុទ្ធសឹងតែជានាមស័ព្ទសម្គាល់មនុស្ស)។ -ជាមួយបកតិគុណនាម : អាវថ្មីៗ, អង្កត់ឧសខ្លីៗ, ស្រុកឆ្ងាយៗ, ... -ជាមួយសំខ្យាស័ព្ទ : ផ្ទះមួយៗ/នីមួយៗ, មនុស្សម្នាក់ៗ, ... -ជាមួយកិរិយាស័ព្ទវិសេសន៍ : មកដល់ថ្មីៗ, កាត់(ឲ្យ)ខ្លីៗ, (ពាក្យ ថ្មី ខ្លី ... ជាគុណនាម កាលណា គេប្រើជាមួយនាមស័ព្ទ ហើយ វាជាកិរិយាវិសេសន៍ កាលណា គេប្រើជាមួយកិរិយាស័ព្ទ : លេខទោអត់បានធ្វើឲ្យពាក្យទាំងនោះដូរប្រភេទទេ)។ , រឿយៗ, ញយៗ, ... ។ កំណត់សម្គាល់ : ១. កន្សោម ដើរមួយៗ មិនកើតចេញពី ដើរមួយ ទេ។ ២. កន្សោម និយាយតិច មានន័យខុសពី និយាយតិចៗ ។ លេខទោអាចឲ្យអានផ្ទួនលើសពីពីរពាក្យផងដែរ ប៉ុន្តែ គេមិនអាចទាញជាក្បួនថាត្រូវអានផ្ទួនមួយពាក្យ ឬ ច្រើនពាក្យ បានទេ គឺមានតែការយល់ន័យ កាលយល់បរិបទក្នងល្បះ គួបផ្សំនឹងការចំណាំទេ ដែលអាចឲ្យអំណានមានភាពសមស្រប, ឧទាហរណ៍ : -និយាយមួយៗ (ផ្ទួនមួយពាក្យ) -ធ្វើបន្តិចម្ដងៗ (ផ្ទួនពីរពាក្យ) -ធ្វើមួយឆ្នាំម្ដងៗ (ផ្ទួនបីពាក្យ)។ កំណត់សម្គាល់ : ១. គេមិនប្រើលេខទោជាមួយពាក្យ ដែលត្រូវអានផ្ទួន ហើយ ដែលត្រូវមានប្រភពពីភាសាបាលី ទេ : គេត្រូវរក្សារូបដើមរបស់ពាក្យនោះវិញ ដោយសរសេរពីរដង ជាប់គ្នា ឬ បន្តគ្នា, ឧទាហរណ៍ : នានា, អបោ អាបោ, ភិយ្យោ ភិយ្យោ, ...។ ២. គេក៏មិនប្រើលេខទោដែរ កាលណា ពាក្យឬកន្សោមពាក្យដដែលៗណាមួយមិនចូលក្នុងករណីដែលយើងបានរៀបរាប់ខាងលើរួចហើយនោះ ; គេត្រូវសរសេរដូចនេះ : បើឯងមិនប្រាប់គាត់ គាត់ធ្វើម្ដេចនឹងដឹង?។

Comments
Post a Comment