សិក្សា-រៀន-សូត្រ-សូធ្យ
សិក្សា-រៀន-សូត្រ-សូធ្យ
![]() |
| សិក្សា រៀន សូត្រ សិក្សារៀនសូត្រ-សូធ្យ |
៙ ភាពខុសគ្នារវាងពាក្យសិក្សា រៀន សូត្រ សិក្សារៀនសូត្រ។ តើវាខុសគ្នាលើចំណុចអ្វីខ្លះ ហើយវាមានចំណុចដូចគ្នាអ្វីខ្លះដែរឬអត់?
ចំពោះពាក្យសូត្រ/សូធ្យ យើងមិនបាច់លើកមកធ្វើ សេចក្ដីអត្ថាធិប្បាយនោះទេ ព្រោះវាមានលក្ខណៈខុស គ្នានឹងសិក្សា រៀន យ៉ាងប្រាកដហើយ ហើយក៏មិនទៅ ពិបាកនឹងបញ្ចែកអំពីភាពខុសគ្នាដែរ។ គឺសំដៅដល់ ការនិយាយឬថាអ្វីមួយដដែលជាដដែលច្រើនដង ដើម្បីឱ្យចាំឬជាការរំឭក ដូចឃ្លានមោ នមោ នមោ ដែលពុទ្ធបរិសទ្យតែងសូធ្យ។ ដូចមេលេខន៌ ពីរម្ដងពីរ ពីរពីរដងបួន ពីរបីដងប្រាំមួយ ...ក្នុងន័យឱ្យចាំ។
អ្វីដែលពិបាកបញ្ចែកនោះ គឺពាក្យសិក្សា រៀន ខ្មែរយើងដែលជាម្ចាស់ភាសាមិនមានបញ្ហាក្នុងការប្រើប្រាស់ទេ ប៉ុន្តែបើឱ្យពន្យល់បកស្រាយថាខុសគ្នា យ៉ាងម៉េចនោះមិនហ៊ានថាទាំងអស់គ្នាអាចធ្វើបានទេ នេះមិនមែនមានន័យថាខ្ញុំចេះដឹងឬពូកែជាង អ្នកទាំងអស់គ្នា ហើយអាចពន្យល់បានទោះទេ គឺគ្រាន់តែជាករណីសិក្សារៀនសូធ្យនូវពាក្យខ្មែរយើង។
ឧទាហរណ៍៖
១. ឯងរៀនថ្នាក់ទីប៉ុន្មាន?
២. វារៀនបានវែងឆ្ងាយណាស់។
៣. យើងត្រូវរៀនពីបទពិសោធ(ន៍)របស់យើងកន្លងមក។
៤. យើងត្រូវសិក្សាស្វែងយល់អំពីអ្វីដែលមានថ្មីជាមុនសិន មុននឹងថាពិបាក។
៥. ស្អែកវាចុះកម្មសិក្សានៅខេត្ត។
បើសិនជាងយើងមើលទៅលើឧទាហរណ៍ទាំងប្រាំខាងលើ យើងឃើញថាពាក្យសិក្សាមិនអាចជំនួយឱ្យ ពាក្យរៀនបានទេនៅក្នុងឧទាហរណ៍១, ៥ ចំណែកឯងឧទាហរណ៍២, ៣, ៤អាចជំនួសគ្នាបាន ប៉ុន្តែដូច ជាមិនមានលក្ខណៈធម្មជាតិនៃភាសាខ្មែរ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា ពាក្យទាំងពីរខុសគ្នា។ តើវាខុសគ្នាយ៉ាងដូចម្ដេច?
សិក្សាសំដៅដល់ការសង្កេតលើអ្វីមួយ ដើម្បីយល់ឬចេះដឹងអំពីអ្វីមួយនោះ ហើយយកទិន្នន័យ ដែលបានពីការសង្កេតនោះមកវិភាគរកហេតុផលដើម្បីទាញជាកាសន្និដ្ឋានណាមួយ។ ដូច្នេះ បើយើងដូចពាក្យ រៀនដោយពាក្យសិក្សាក្នុងឧទាហរណ៍១ គឺ ១ក. ឯងសិក្សាថ្នាក់ទី ប៉ុន្មាន? គេនិយាយនេះក្នុងបរិការណ៍ មនុស្សណាម្នាក់ដែលរៀនថ្នាក់បណ្ឌិត ហើយចង់ដឹង ឬស្វែងយល់អំពីថ្នាក់រៀននៅបឋមសិក្សាក្នុងនោះ គាត់យកសំណាកដើម្បីសិក្សាតែថ្នាក់ ទីមួយ។ ដូច្នេះ មិនមែនគាត់រៀនថ្នាក់ទីមួយទេ គឺគាត់រៀនថ្នាក់បណ្ឌិត តែគាត់សិក្សាថ្នាក់ ទីមួយ ដើម្បីធ្វើនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត។
រៀនសំដៅដល់ការទទួលយកចំណេះដែលគេផ្ដល់ឱ្យឬបានពីបទពិសោធ(ន៍)។ ដូចដែលនៅក្នុង ឧទាហរណ៍១ខាងលើ គឺក្មេងរៀនមេរៀនពីគ្រូ។
សន្និដ្ឋាន ៖ ពាក្យទាំងប៉ុន្មានខាងលើខុសគ្នា ហើយយើងអាចថា សិក្សាគឺរៀនដោយសង្កេត, រៀនគឺរៀនដោយទទួល។ ដើម្បីបំពេញលក្ខណៈន័យឱ្យគ្រប់គេប្រើពាក្យទាំងប៉ុន្មានខាងលើជាមួយគ្នា តែម្ដង គឺសិក្សារៀនសូត្រ។

Comments
Post a Comment