ដោយសារ-ពីព្រោះ

ដោយសារ-ពីព្រោះ
តើភាពខុសគ្នារវាងពីព្រោះនិងដោយសារមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចទៅ?

  1. បម្រាប់អំពីមូលហេតុ
  • ខ្ញុំមិនបានទៅរៀនទេ ពីព្រោះ/ដោសារខ្ញុំឈឺក្បាលខ្លាំងពេក។
ពីព្រោះ/ដោយសារ និបាតប្រាប់អំពីមូលហេតុដែលបង្កើតឲ្យមានលទ្ធផលណាមួយ។ ប៉ុន្តែប្លែកគ្នាត្រង់ ដោយសារជាមូលហេតុដែលប្រាប់អំពីលទ្ធភាពដែលនាំឲ្យកើតមានលទ្ធផលណាមួយ។ ចំណែកឯពីព្រោះគ្រាន់តែប្រាប់អំពីមូលហេតុសមគួរណាមួយដែលនាំឲ្យកើតមានលទ្ធផល តែមិនបានប្រាប់អំពីលទ្ធភាពនៃមូលហេតុនោះទេ។

ឧទាហរណ៍៖ ខ្ញុំមិនមករៀន ព្រោះខ្ញុំរវល់។ (ប្រាប់ត្រឹមតែមូលហេតុសាមញ្ញា)
                   ខ្ញុំមិនមករៀន ដោយសារខ្ញុំរវល់។ (ប្រាប់ថាគ្មានលទ្ធភាពទៅរៀន)
ដើម្បីឲ្យកាន់តែច្បាស់យើងមើលឧទាហរណ៍បន្តទៀត៖
១. ខ្ញុំប្រហែលជាទៅមិនទាន់ទេ (ដោយសារ/ពីព្រោះ)ថ្ងៃនេះផ្លូវស្ទះខ្លាំងណាស់ ទៅមុខក៏មិនរួច ថយក្រោយក៏មិនបាន។
២. សីហាមើលអក្សរមិនឃើញទេ (ដោយសារ/ពីព្រោះ)ថ្ងៃនេះវាមិនយកវ៉ែនតាមក។
៣. វាមិនហ៊ានខាំរបស់រឹង ដោយសារ/ពីព្រោះធ្មេញវាទើបនឹងដាក់។

តាមរយៈឧទាហរណ៍ខាងលើយើងឃើញហាក់ដូចជាប្រើមួយណាក៏បានដែរ ប៉ុន្តែតាមធាតុពិតយើងប្រើខុសគ្នាខ្លាំងណាស់។ មានចំណុចខ្លះៗដែលអាចឲ្យយើងអង្កេតងាយដឹង ពេលណាដែលយើងប្រើ មូលហេតុដែលទាក់ទងនឹងសុខភាពឬអាកាសធាតុ គឺយើងប្រើដោយសារជាច្រើន។

ភ្នំពេញ ថ្ងៃទី២០ មករា ២០១៩
ញ៉.ផ.សុផេន

អានបន្ថែម
១. វចនានុក្រមខ្មែរ  ព.ស.២៥១១/គ.ស.១៩៦៧  ពុទ្ធសាសនបណ្ឌិត្យ  ទំព័រ៧៦២ 
  • ពីព្រោះ និ.; អា.និ. ព្រោះ, ព្រោះតែ; ហេតុតែ, ដ្បិត,​ ដ្បិតតែ : បានជាខ្ញុំហ៊ានឃាត់ ពីព្រោះមានបញ្ញត្តិហាមមិនឲ្យចូល...។
  • ដោយសារ កិ. អាស្រ័យផង : ដោយសារទូកទេ, ដោយសាររទេះគេ។ អា.និ. ព្រោះតែ, អាស្រ័យនឹង : រស់ដោយសារគេចិញ្ចឹម ។ល។
២. សាស្ត្រាចារ្យ ឃឹន សុខ  គ.ស.២០០៧  វេយ្យារកណ៍ខ្មែរ  ការផ្សាយរបស់រាជបណ្ឌិតសភាកម្ពុជា  ទំព័រ៣៩៧-៣៩៨ 
  • ពីព្រោះ កាលណាគេនិយាយកាត់ខ្លីទៅជា ព្រោះ ។ ពាក្យនេះមានន័យដូចគ្នានឹង ពាក្យ ដោយហេតុថា។ ក្អែកវានឹងជិះជាន់សង្កត់សង្កិនលើសត្វនានាជាមិនខាន ព្រោះអាំនេះចិត្តខ្មៅណាស់។
  • ដោយសារ កាលណាគេនិយាយកាត់ខ្លីនៅត្រឹមតែ ដោយ។ មានន័យដូចពីព្រោះ។ ខ្លះបានច្រើន ខ្លះបានតិច ខ្លះទៀតក៏មិនបាន ដោយមិនទាន់គេ។
៣. ធន់ ហ៊ិន (រៀបរៀង) គ.ស.២០១១ វេយ្យាករណ៍ខ្មែរ (សម្រាប់គ្រប់ភូមិសិក្សា) ទំព័រ១៥៩ ទំព័រ១៩១
  • ពីព្រោះ/ដោយសារតែ ពាក្យនិបាតប្រាប់ពីមូលហេតុ ប្រាប់ប្រការ។ មិនឃើញពាក្យ ដោយសារ តែឯងនោះទេ។
៤. ព្រះសាក្យវង្ស ហួត តាត បោះពុម្ពលើកទី២ ១៩៥៦/ បោះឡើងវិញ គ.ស.២០០៤ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទំព័រ៦៥ ត្ឫទីយា-វិភត្តិ ន័យថា ជាផ្លូវ ឬ ជាទំនង ប្រែថាដោយនូវ... ដោយសារ...។ 
(សត្វលោក) រស់នៅដោយសារអាហារ។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ