មើលសៀវភៅ-អានសៀវភៅ
មើលសៀវភៅ-អានសៀវភៅ
![]() |
| មើលសៀវភៅ-អានសៀវភៅ-read a book |
មើលសៀវភៅ ឬ អានសៀវភៅ
- តើលោកអ្នកធ្លាប់បានឮគេថា "មើលសៀវភៅ / អានសៀវភៅ ទេ"? បើសិនជាបានឮ លោកអ្នកយល់យ៉ាងដូចម្ដេច? ស្ដែងន័យដូចគ្នាឬខុសគ្នា?
ចំពោះយើង យើងនឹងស្វែងរកចម្លើយ ដោយពឹងលើសំណាកខ្លះ។
វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧ ទំព័រ៩០៥ មើល ឬ មើល៍ កិ. គន់នឹងភ្នែកឆ្ពោះសំដៅត្រង់អ្វីៗ : មើលរូប, មើលល្ខោន។ សម្លឹងឆ្ពោះទៅរកអក្សរដោយបញ្ចេញវាចាថាផង ឬគ្រាន់តែសម្លឹងថាក្នុង ចិត្ត, អាន : មើលសំបុត្រ, មើលសៀវភៅ។ បីបាច់, រក្សាឱ្យជាជំងឺ : មើល ខ្លួន, មើលជំងឺ។ សង្កេតពិនិត្យឱ្យដឹងបែបបទ, សណ្ដាប់ធ្នាប់, ឫកពា... : មើលពុត, មើលមារយាទ, មើលអធ្យាស្រ័យ...។ មើល! ចូរមើល៍! ; មើលចុះ! (ម. ព. មើ)។ល។ ទំព័រ១៧៣២ អាន១ កិ. មើលថាតាមអក្សរ : អានបាលី, អានសំបុត្រ។ [...]។
=> បើយោងទៅតាមអំណោយន័យរបស់វចនានុក្រម យើងឃើញថា មើល ជាកិរិយាដែលប្រើភ្នែកដើម្បីសង្កេត លើរបស់អ្វីមយយភ្ជាប់នឹងចិត្ត អារម្មណ៍ទៅលើរបស់ដេលមើលនោះព្រមគ្នាដែរ ដែលមើលនោះ គឺមានការត្រិះរិះ ពិចារណា។ ចំណែក អាន ជាកិរិយាដែលប្រើភ្នែកទៅលើរបស់ណាមយយដោយប្រើនូវចំណេះចេះចាំពីមុន ប៉ុណ្ណោះ ប៉ុន្តែមិននបានស្ដែងដល់ការត្រិះរិះលើអ្វីមួយដែលខ្លួនបានអាននោះទេ គឺអានដើម្បីរត់មាត់ ដើម្បីតែចាំ។
ចំពោះយើង យើងក៏យល់ស្របនឹងអំណោយន័យរបស់វចនានុក្រមដែរ ហើយបរិបទដែលវចនានុក្រមឱ្យក៏ឃើញ ថាគ្រប់អាចស្ដាប់បានហើយ។ តែទោះបីជាយ៉ាងណាក៏ដោយក៏យើងនៅតែចង់ផ្ទៀងផ្ទាត់និងស្វែងរកនូវលក្ខណៈ នានាក្រែងលោមាន បើសិនជាមិនមានទេ នោះយើងគាំទ្រនូវគំនិតរបស់វចនានុក្រមឱ្យបានរឹតតែរឹងមាំឡើង។
ដើម្បីជាទុនដល់ការពិចារណា ខ្ញុំសូមចែករំលែកនូវបទពិសោធរបស់ខ្ញុំដែធ្លាប់និយាយនឹងលោកតារបស់ខ្ញុំនិង ចាស់ៗមួយចំនួនទៀត។ ពួកគាត់និយាយនឹងខ្ញុំខុសពីគ្នាដែលសកម្មភាពតែមួយ ប៉ុន្តែស្ដែងលក្ខណៈន័យខុស គ្នា។ ដូចសាច់ក្ដី៖ កាលគាត់នៅរៀន គាត់មិនដែលដើរលេងយប់ទេ
ក) ម្ង៉ៃៗ គិតតែពីមើលសៀវភៅ ទាល់តេយល់សាច់ក្ដីសព្វហើយបានចូលដេក។
គាត់ថាបន្ត គាត់ចេះមើលសៀវភៅដូចសព្វថ្ងា ដោយសារតែកាលគាត់នៅរៀនអក្សរដំបូងនឹងលោកគ្រូរបស់គាត់
ខ) លោកគ្រូរបស់គាត់តែងតែបង្គាប់ឱ្យគាត់អានឱ្យលោកគ្រូគាត់ស្ដាប់ អីចឹងហើយបានជាគាត់អានអក្សរមិនសូវ ជាទាក់។
បើយើងយោងទៅលើសាច់ក្ដីខាងលើត្រង់ចំណុចក) ច្បាស់ណាស់ គឺគាត់អានសៀវភៅដោយត្រិះរិះពិចារណា ឈ្វែងយល់លើអ្វីដេលគាត់បានអាន។ ចំណែកចំណុចខ)វិញ គាត់អាន តែការអាននោះមិនមែនត្រិះរិះពិចារណា អ្វីនោះទេ គឺអានដើម្បីឱ្យឮជាសំឡេងដើម្បីឱ្យលោកគ្រូរបស់គាត់ស្ដាប់ ចំពោះអាននោះ គឺអានឱ្យរត់មាត់។
ចំពោះសព្វថ្ងៃវិញ ពាក្យអានសៀវភៅ មើលសៀវភៅ មិនសូវជាស្ដែងលក្ខណៈខុសគ្នានោះទេ ត្បិតអីពាក្យបរទេស មានឥទ្ធិពលមកច្រើនពិសេសភាសាអង់គ្លេស ដូច្នេះបំណកប្រែរបស់ពួកគេឱ្យតែឃើញ ''to read'' គឺ "អាន"។
ដោយសារយើងមិនបានសិក្សាស៊ីជម្រៅលើពាក្យ មើល ដូច្នេះយើងមិនវិភាគអ្វីបន្ថែមអំពីមើលឡើយ តែយើងនៅ តែចិញ្ចឹមចិត្តសិក្សាអំពីពាក្យនេះឱ្យកាន់តែលំអិតនៅពេលក្រោយ។
សន្និដ្ឋាន៖ អានសៀវភៅខុសពីមើលសៀវភៅ : អាន គឺដើម្បីឱ្យរត់មាត់ ចំណែកមើល គឺអានហើយយកចិត្តទុក ដាក់លើអត្ថន័យ។
២២មីនា២០២២
ញ៉.ផ.សុផេន
.png)
Comments
Post a Comment